នៅក្នុងជំនួបនេះ លោក Vangelis Vitalis បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូសំខាន់ក្នុងគោលនយោបាយរបស់នូវែលសេឡង់សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្មរបស់វៀតណាមក្នុងការកសាងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសំខាន់ៗនៅតំបន់។

leftcenterrightdel
លោក Ha Kim Ngoc ជួបពិភាក្សាការងារជាមួយលោក Vangelis Vitalis (រូបថត៖ baoquocte.vn)

ក្នុងឱកាសនេះ លោក Vangelis Vitalis បានចាត់ទុកថា ក្នុងបរិបទនៃស្ថានការណ៍មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក្នុងតំបន់ និងនៅលើពិភពលោក វៀតណាម និងនូវែលសេឡង់គប្បីបង្កើនកិច្ចពិគ្រោះយោបល់ និងការជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីជម្រុញការដោះស្រាយបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា រក្សាគោលការណ៍ ទិសដៅ និងស្តង់ដារខ្ពស់នៃកិច្ចព្រមព្រៀងពាក់ព័ន្ធ។

នាពេលខាងមុខ លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីរបន្តសហការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក សេដ្ឋកិច្ចឌីជីថល ថាមពលស្អាត ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្តល់សិទ្ធិដល់ស្ត្រី។ល។ ទន្ទឹមនឹងនោះ លោកបានស្នើថា នូវែលសេឡង់បង្កើនការវិនិយោគនៅវៀតណាមលើវិស័យដែលនូវែលសេឡង់មានប្រៀបខ្លាំង ដូចជា កសិកម្ម អប់រំ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍-ដឹកជញ្ជូន។ល។

ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលភាគីទាំងពីរជាសមាជិក ដូចជា CPTPP, RCEP, និង AANZFTA លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរសហការក្នុងការទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលពីកិច្ចព្រមព្រៀង និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់៕

បកប្រែដោយ Thanh Cong