ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយជាមួយមូលដ្ឋាន និងធុរកិច្ចនៃសាធារណរដ្ឋឆែក
កប.អនឡាញ - ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែមេសា គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ ដឹកនាំដោយលោកស្រី Phung Thi Hong Ha អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនទីក្រុង បានជួបធ្វើការជាមួយថ្នាក់ដឹកនាំ និងសហគមន៍ធុរកិច្ចនៅតាមមូលដ្ឋាននានានៃសាធារណរដ្ឋឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃរដ្ឋធានី Prague លោកស្រី Phung Thi Hong Ha បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការជួយគាំទ្រដែលប្រទេសឆែកជូនចំពោះវៀតណាម ក្នុងការកសាង និងការពារមាតុភូមិនាអតីតកាល ព្រមទាំងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន។ លោកស្រី Phung Thi Hong Ha បានសម្តែងនូវជំនឿថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងរដ្ឋធានីទាំងពីរនឹងបន្តអភិវឌ្ឍ ហើយស្នើអាជ្ញាធរទីក្រុង Prague បន្តយកចិត្តទុកដាក់ដល់ការបង្កើតលក្ខខណ្ឌអំណោយផល និងជួយឧបត្ថម្ភសហគមន៍ជនវៀតណាមក្នុងការរស់នៅ ធ្វើអាជីវកម្ម និងអភិវឌ្ឍនៅមូលដ្ឋាន។
លោក Bohuslav Svoboda អភិបាលក្រុង Prague បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការអភិវឌ្ឍ នៃសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកនិយាយរួម។ លោក Svoboda បានសង្កត់ធ្ងន់លើតួនាទីរបស់សហគមន៍ជនវៀតណាមក្នុងការរួមចំណែកយ៉ាងសកម្មដល់ទំនាក់ទំនងរវាងសាធារណរដ្ឋឆែក និងវៀតណាមនិយាយរួម ក៏ដូចជារវាងទីក្រុង Prague និងទីក្រុងហាណូយនិយាយដោយឡែក។ លោកអភិបាលក្រុងក៏បានសម្តែងនូវជំនឿថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូទីក្រុងហាណូយ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងរវាងរដ្ឋធានីទាំងពីរ ដោយអះអាងថា វៀតណាម ជាមិត្តល្អរបស់ប្រទេស និងប្រជាជនឆែក។
    |
 |
លោកស្រី Phung Thi Hong Ha ជួបធ្វើការជាមួយតំណាងក្រុមហ៊ុន Skoda Auto (រូបថត៖ vnanet.vn) |
ក្នុងឱកាសនេះ គណៈប្រតិភូក៏បានជួបពិភាក្សាការងារជាមួយលោក Vojtech Filip អតីតអនុប្រធានសភាជាន់ទាបនៃប្រទេសឆែក និងជាតំណាងក្រុមប្រឹក្សាតំបន់ South Morava។ លោក Vojtech Filip បានចែករំលែកនូវមនោសញ្ចេតនា និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះប្រទេស និងប្រជាជនវៀតណាម ជាពិសេសរដ្ឋធានីហាណូយ ហើយបង្ហាញជំនឿថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាម និងសាធារណរដ្ឋឆែកនឹងត្រូវបានពង្រឹង និងអភិវឌ្ឍបន្ថែមទៀត។ លោកក៏បានស្នើឱ្យទីក្រុងហាណូយសិក្សាស្រាវជ្រាវពីលទ្ធភាពសហប្រតិបត្តិការជាមួយតំបន់ Morava ភាគខាងត្បូង។
ក្នុងជំនួបធ្វើការជាមួយតំណាងក្រុមហ៊ុន Skoda Auto គណៈប្រតិភូបានជូនដំណឹងអំពីយន្តការ គោលនយោបាយរបស់ទីក្រុង និងគម្រោងអភិវឌ្ឍន៍ចរាចរណ៍នៃរដ្ឋធានី។ តំណាងក្រុមហ៊ុន Skoda Auto បានសម្តែងការយកចិត្តទុកដាក់ដល់សក្តានុភាពនៃកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហាណូយ ជាពិសេសលើវិស័យដែលក្រុមហ៊ុនមានប្រៀបខ្លាំង។
ចូលរួមសិក្ខាសាលាជាមួយធុរកិច្ចវៀតណាមនៅសាធារណរដ្ឋឆែក ដែលរៀបចំដោយស្ថានទូតវៀតណាម លោកស្រី Phung Thi Hong Ha បានជូនដំណឹងដល់សហគមន៍ធុរកិច្ចវៀតណាមនៅសាធារណរដ្ឋឆែកអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ទីក្រុងហាណូយ។ លោកស្រី Phung Thi Hong Ha បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយតែងតែត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមនៅសាធារណរដ្ឋឆែកក្នុងការវិនិយោគ និងធ្វើអាជីវកម្ម។
តំណាងសហគមន៍ធុរកិច្ចវៀតណាមនៅសាធារណរដ្ឋឆែកបានសម្តែងក្តីសប្បាយរីករាយចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានី ហើយសម្តែងនូវការជឿជាក់លើយន្តការ និងគោលនយោបាយលើកទឹកចិត្ត និងទាក់ទាញការវិនិយោគរបស់ទីក្រុង ព្រមទាំងអះអាងថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងវិនិយោគដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ទីក្រុងហាណូយ ក៏ដូចជាប្រទេសជាតិ៕
បកប្រែដោយ Thuy Anh