អាស៊ីអាគ្នេយ៍មានទំនុកចិត្តក្នុងការក្លាយជាមជ្ឈមណ្ឌលសកលខាងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព
កប.អនឡាញ - យោងតាមគម្រោងស្រាវជ្រាវរួមគ្នារវាងប្រទេសកាណាដា និងអាស៊ាន អាស៊ីអាគ្នេយ៍មានសក្តានុពលដ៏អស្ចារ្យក្នុងការក្លាយជាមជ្ឈមណ្ឌលសកល SAF ដោយសារមានប្រភពផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្មដ៏សម្បូរបែប។
ឥន្ធនៈអាកាសចរណ៍ដែលអាចកកើតឡើងវិញ ឬមានប្រភពពីអនុផល
គម្រោង “ការលើកកម្ពស់ផលិតកម្មឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) ពីអនុផលកសិកម្មក្នុងតំបន់អាស៊ាន” គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកអនាគតនៃវិស័យអាកាសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះត្រូវបានអនុវត្តដោយលេខាធិការដ្ឋានអាស៊ាន GHD ក្រុមហ៊ុន Boeing និងគម្រោងជំនួយពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ការអភិវឌ្ឍ (CTIF) ជាមួយប្រភពថវិកាជំនួយឧបត្ថម្ភពីក្រសួងការបរទេសកាណាដា ដែលត្រូវបានអនុវត្តដោយមូលនិធិ Cowater International និងវិទ្យាស្ថានរដ្ឋបាលសាធារណៈកាណាដា (IPAC)។
SAF គឺជាឥន្ធនៈអាកាសចរណ៍កកើតឡើងវិញ ឬមានប្រភពពីអនុផលដែលបំពេញបានតាមលក្ខណៈវិនិច្ឆ័យនិរន្តរភាព ជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងអាចប្រើបានសម្រាប់គ្រប់ម៉ូដែលយន្តហោះបច្ចុប្បន្ន និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងមានស្រាប់។ ម៉ាស៊ីនយន្តហោះបច្ចុប្បន្នអាចប្រតិបត្តិប្រកបដោយប្រសិទ្ធភាពលើការលាយបញ្ចូលគ្នានៃ ៥០% SAF និង ៥០% នៃឥន្ធនៈធម្មតា ប៉ុន្តែវិស័យអាកាសចរណ៍កំពុងឆ្ពោះទៅរកការប្រើប្រាស់ ១០០% ជា SAF តែម្តង។ ឥន្ធនៈ SAF មានលទ្ធភាពអាចកាត់បន្ថយការបំភាយកាបូនរហូតដល់ ៨០% លើវដ្តជីវិតឥន្ធនៈ ហើយវាក៏អាចលើសពីចំនួននេះទៅទៀតអាស្រ័យលើប្រភពផ្គត់ផ្គង់វត្ថុធាតុដើមនាពេលអនាគត។ SAF អាចត្រូវបានផលិតចេញពីប្រភពផ្សេងៗគ្នា ក្នុងនោះរួមទាំងដំណាំសម្រាប់គម្របដណ្តប់លើផ្ទៃដី ដំណាំមិនអាចបរិភោគបានអនុផលកសិកម្ម រុក្ខជាតិ និងពីកាកសំណល់ទីក្រុងដែលមិនអាចកែច្នៃកកើតឡើងវិញបានជាដើម។
គម្រោងនេះកំពុងធ្វើការវាយតម្លៃទៅលើបច្ចេកទេស-សេដ្ឋកិច្ចនៅកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។ ការវាយតម្លៃផ្តោតលើភាពអាចរកបាននៃវត្ថុធាតុដើម ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អាំងតង់ស៊ីតេកាបូន ភស្តុភារកម្ម រាល់ទិដ្ឋភាពបរិស្ថាន សង្គម ការធ្វើក្របខណ្ឌស្ថាប័នីយកម្ម ក៏ដូចជាការវាយតម្លៃផ្នែកហិរញ្ញវត្ថុផងដែរ។ ជាមួយនឹងភាពប្រសើរឡើងនៃលទ្ធភាពសេដ្ឋកិច្ច ផលិតកម្ម SAF នៅក្នុងតំបន់អាស៊ាន អាចលើសពីតម្រូវការក្នុងតំបន់ ដោយបើកឱកាសសម្រាប់ការនាំចេញ SAF ទាំងក្នុង និងក្រៅតំបន់។
    |
 |
អាស៊ីអាគ្នេយ៍មានសក្ដានុពលដ៏អស្ចារ្យក្នុងការក្លាយជាមជ្ឈមណ្ឌលពិភពលោក ដោយសារមានប្រភពផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្មដ៏សម្បូរ |
លោក Satvinder Singh អគ្គលេខាធិការរងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន បានអត្ថាធិប្បាយថា៖ គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការលើកកម្ពស់ការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះវិស័យអាកាសចរណ៍ប្រកបដោយនិរន្តរភាព។ តាមរយៈការប្រើប្រាស់ប្រភពធនធាន និងសមត្ថភាពច្នៃប្រឌិតរបស់តំបន់ យើងមិនត្រឹមតែអាចដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សន្តិសុខថាមពលទៀតផង។ ការបញ្ចប់គម្រោងនេះបញ្ជាក់ពីសមត្ថភាពកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមអាកាសធាតុ ទន្ទឹមនឹងនោះក៏នាំមកនូវអត្ថប្រយោជន៍ដល់សហគមន៍ផងដែរ។
វាត្រូវបានព្យាករណ៍ថា ការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ SAF នឹងត្រូវបានពង្រីកដោយសារផ្អែកលើការដាំដុះ និងការប្រើប្រាស់ឥន្ធនៈជីវម៉ាសទ្រង់ទ្រាយធំ មិនម៉ែនផ្អែកលើការពង្រីកទំហំដីដាំដុះទេ។ របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា ដំណោះស្រាយដូចជា ការធ្វើយន្តការនីយកម្ម ការកែលម្អប្រព័ន្ធធារាសាស្រ្ត ការស្រាវជ្រាវ ការអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធភាពដំណាំ អាចបង្កើនការផ្គត់ផ្គង់វត្ថុធាតុដើមដោយមិនធ្វើឱ្យមានការកាប់បំផ្លាញព្រៃឈើទេ។
ចំណុចសំខាន់ក្នុងដំណើរឆ្ពោះទៅរកអាកាសចរណ៍ប្រកបដោយនិរន្តរភាព
បន្ថែមពីលើអត្ថប្រយោជន៍បរិស្ថាន គម្រោងនេះក៏បង្ហាញពីតួនាទីរបស់ SAF ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ SAF បើកឱកាសការងារជាច្រើន រួមចំណែកដល់ការកែលម្អជំនាញសម្រាប់កម្លាំងពលកម្ម និងការធ្វើពិពិធកម្មធនធានមនុស្ស ដោយផ្តោតជាពិសេសលើការចូលរួមរបស់ស្ត្រី និងបណ្តាសហគមន៍ជួបការលំបាក។
លោកស្រី Vicky Singmin ឯកអគ្គរដ្ឋទូតកាណាដាប្រចាំអាស៊ានបានមានប្រសាសន៍ថា៖ CTIF បានផ្តល់ជំនួយបច្ចេកទេសដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលចូលរួមដើម្បីកែលម្អសមត្ថភាពវិស័យថាមពល ដោយហេតុនេះការវាយតម្លៃភាពជឿជាក់នៃប្រភពបញ្ចូលវត្ថុធាតុដើមក៏ដូចជាសក្តានុពលសម្រាប់ការប្រើប្រាស់ និងផលិតកម្មប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។ រាល់អនុសាសន៍ពីគម្រោងដែលបានស្នើឡើងបានផ្តល់ព័ត៌មានដល់ការអភិវឌ្ឍ និងការប្រតិបត្តិសាកល្បងនាពេលអនាគតនៅក្នុងប្រទេសសមាជិកដែលជ្រើសរើសគឺ កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ដើម្បីបំប្លែងអនុផលកសិកម្មទៅជា SAF។ គម្រោង និងអនុសាសន៍នេះក៏ជួយដល់លេខាធិការដ្ឋានអាស៊ានក្នុងការកំណត់ភាពជឿជាក់នៃប្រភពវត្ថុធាតុដើមសម្រាប់ផលិតកម្មឥន្ធនៈកកើតឡើងវិញផងដែរ។
លេខាធិការដ្ឋានអាស៊ាន និងដៃគូនានាអំពាវនាវឱ្យបន្តកិច្ចសហការពីរាល់រដ្ឋាភិបាល អ្នកដឹកនាំវិស័យ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកវិនិយោគ ដើម្បីពន្លឿនការផ្លាស់ប្តូរទៅជា SAF នៅក្នុងតំបន់។ ដោយផ្អែកលើការរកឃើញនៃគម្រោងនេះ ដំណាក់កាលបន្ទាប់នឹងផ្តោតលើផ្នែកសំខាន់ៗដូចជា ការអភិវឌ្ឍគោលនយោបាយ ការលើកស្ទួយសមត្ថភាពបច្ចេកទេស និងការកៀរគរវិនិយោគ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ SAF រួម និងកិច្ចខិតខំប្រឹងប្រែងសហការផ្សេងទៀត។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាល់រដ្ឋាភិបាល ធុរកិច្ច និងសហគមន៍ក្នុងតំបន់អាស៊ាន នឹងជួយរៀបចំអនាគតនៃអាកាសចរណ៍ប្រកបដោយនិរន្តរភាព ដោយធ្វើការរួមចំណែកយ៉ាងសំខាន់ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Minh Trung