លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យវៀតណាម និងនូវែលសេឡង់ បង្កើនការផ្លាស់ប្តូរព័ត៌មាន កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម ដែលប្រទេសទាំងពីរជាសមាជិក រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្តធ្វើពិពិធកម្មទំនិញនាំចូល និងនាំចេញរបស់ភាគីទាំងពីរ សំដៅឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍជាវិជ្ជមាន រួមទាំងការប្រកាសនាពេលថ្មីៗនេះរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក ក្នុងការផ្អាកការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មជាច្រើនក្នុងរយៈពេល ៩០ ថ្ងៃ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តចរចាយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធរបស់អាមេរិក ដើម្បីឆ្ពោះទៅរកក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដោយធានាផលប្រយោជន៍ប្រកបដោយសុខដុមរមនារបស់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ក្នុងបរិបទបច្ចុប្បន្ន ប្រទេសនានាចាំបាច់ត្រូវជំរុញការសន្ទនា និងលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី។

រីឯលោក Christopher Luxon នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាម និងនូវែលសេឡង់ចែករំលែកផលប្រយោជន៍រួមក្នុងការធានាប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងខ្សែសង្វាក់ផ្គត់ផ្គង់បើកចំហ និងស្ថិរភាព។ លោក Christopher Luxon នាយករដ្ឋមន្ត្រីបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគីនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang