ក្នុងជំនួបជាមួយ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យជាមួយអាមេរិក ហើយមានបំណងចង់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយតុល្យភាព សុខដុមរមនា និងនិរន្តរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការការព្រមព្រៀងរវាងភាគីទាំងពីរដើម្បីផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រួមទាំងកិច្ចព្រមព្រៀងស្តីពីពន្ធគយ។ លោកអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចរចាហើយស្នើឱ្យភាគីទាំងពីរឆាប់ពិភាក្សាអំពីបញ្ហាជាក់លាក់ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងឱ្យបានឆាប់តាមដែលអាចធ្វើបាន រួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី មានការអភិវឌ្ឍដោយស្ថិរភាព និងនិរន្តរភាព ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

leftcenterrightdel
 លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក នឹងដឹកនាំភាគីអាមេរិកដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាម។ រូបថត៖ VGP

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានចាត់វិធានការជាវិជ្ជមានភ្លាមៗដើម្បីដោះស្រាយបញ្ហាជាការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក និងបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរឯកភាពចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ លោករដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្តែងនូវជំនឿថា ភាគីទាំងពីរនឹងឈានដល់ដំណោះស្រាយសមស្របនាពេលឆាប់ៗនេះ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ក្នុងជំនួបជាមួយ លោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានឲ្យដឹងថា ការដែលភាគីទាំងពីរឯកភាពផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីគឺមានអត្ថន័យខ្លាំងណាស់ ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ ដោយសង្កត់ធ្ងន់លើអត្ថន័យនៃការដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩៥-២០២៥) លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏សំខាន់។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងពាណិជ្ជកម្មអាមេរិកសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមក្នុងអំឡុងពេលដំណើរការចរចា។

លោក Howard Lutnick បានអះអាងអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយចាត់ទុកថា វៀតណាមគឺជាសេដ្ឋកិច្ចធំមួយដែលមានសក្តានុពលខ្លាំង និងជាដៃគូសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោករដ្ឋមន្ត្រីបានអះអាងថា ក្រសួងពាណិជ្ជកម្មអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីចរចា និងដោះស្រាយបញ្ហាដែលកើតឡើងក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី សំដៅសម្រេចបានកិច្ចព្រមព្រៀងសមស្របដែលរួមចំណែកដល់ការអភិវឌ្ឍរបស់អាមេរិក និងវៀតណាម។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងនាមជាបេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្ស លោក Ho Duc Phoc  ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សា និងចរចាជាច្រើនជាមួយគណៈប្រតិភូអាមេរិក ដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក្នុងនោះមានខ្លឹមសារស្តីពីពន្ធគយគឺជាសសរស្តម្ភសំខាន់មួយ។

បកប្រែដោយ Duy Hoan