ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម
កប.អនឡាញ - ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅទីក្រុងហាណូយ ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា ដែលជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៧ លោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ មានការវាយតម្លៃអំពីតួនាទីនៅលើឆាកអន្តរជាតិរបស់វៀតណាម។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Europa Press របស់អេស្ប៉ាញ លោក Pedro Sánchez នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់លើតួនាទីកាន់តែសំខាន់របស់វៀតណាមនៅអាស៊ី និងលើឆាកអន្តរជាតិ។ បន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងកើនឡើងយ៉ាងខ្លាំងដែលសម្រេចបានប្រហែល ៦% ក្នុងមួយឆ្នាំក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ បើតាមមេដឹកនាំអេស្ប៉ាញ នេះជាចំនួនដ៏គួរឲ្យចាប់អារម្មណ៍។
    |
 |
ទីភ្នាក់ងារសារព័ត៌មាន Europa Press ដកស្រង់សម្តីលោក Pedro Sánchez នាយករដ្ឋមន្ត្រី ដែលសង្កត់ធ្ងន់ថា វៀតណាមមានតួនាទីកាន់តែសំខាន់នៅអាស៊ី និងលើឆាកអន្តរជាតិ (រូបថត៖ vnanet.vn) |
យោងតាម Europa Press ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោក Sanchez បានអះអាងថា អេស្ប៉ាញ និងសហភាពអឺរ៉ុប (EU) ប្តេជ្ញាឆ្ពោះទៅប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិស្របតាមច្បាប់ និងគាំទ្រសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការបើកចំហសេដ្ឋកិច្ច។ លោក Sanchez បានឲ្យដឹងថា ប្រទេសអេស្ប៉ាញកំពុងកសាងយុទ្ធសាស្ត្រការបរទេសថ្មី ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសដែលមានភាពស្វាហាប់ និងតួនាទីសំខាន់ដូចជាវៀតណាម។
ដំណើរទស្សនកិច្ចនេះសម្រេចបានលទ្ធផលជាក់ស្តែងនៅពេលដែលភាគីទាំងពីរចុះហត្ថលេខាលើឯកសារសំខាន់ៗលើវិស័យជាច្រើន ដូចជាសន្តិសុខស្បៀង កិច្ចពិគ្រោះយោបល់នយោបាយ និងកិច្ចការបរទេស។ ជាពិសេស ពិធីសារហិរញ្ញវត្ថុថ្មីស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេរំពឹងថានឹងបើកឱកាសសម្រាប់ធុរកិច្ចអេស្ប៉ាញចូលរួមក្នុងគម្រោងសំខាន់ៗនៅវៀតណាម។
ចំពោះចក្ខុវិស័យរយៈពេលវែង ទីក្រុង Madrid កំពុងកសាងយុទ្ធសាស្ត្រឆ្ពោះទៅអាស៊ីអាគ្នេយ៍ ដែលវៀតណាមត្រូវបានកំណត់ថាជាដៃគូសំខាន់ក្នុងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញបានសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវេទិកាពហុភាគី ហើយអះអាងថា កំណើនសេដ្ឋកិច្ចដែលកើនឡើងយ៉ាងខ្លាំងរបស់វៀតណាម គឺជាគំរូវិជ្ជមានសម្រាប់សហគមន៍អន្តរជាតិក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕
បកប្រែដោយ Thuy Anh