នេះគឺជាគំនិតផ្តួចផ្តើមក្នុងបំណងតភ្ជាប់វិនិយោគឈានមុខគេមួយរបស់ UAE ដែលទាក់ទាញការចូលរួមពីប្រតិភូជាង ២០,០០០ នាក់មកពីប្រទេស និងដែនដីជាង១០០ ដោយមានវាគ្មិនជាង ១,០០០ នាក់ និងការពិភាក្សាប្រហែល៣៥០។

leftcenterrightdel
លោក Nguyen Chi Dung មានប្រសាសន៍ក្នុងសម័យពិភាក្សាក្រោមប្រធានបទ “ការទាក់ទាញ FDI ក្នុងយុគសម័យនៃការធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”

បន្ទាប់ពីចូលរួមពិធីបើកសន្និសីទ AIM Congress លោក Nguyen Chi Dung បានថ្លែងសុន្ទរកថាសំខាន់នៅសម័យពិភាក្សាក្រោមប្រធានបទ “ការទាក់ទាញ FDI ក្នុងយុគសម័យនៃការធ្វើបរិវត្តកម្មឌីជីថល និងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ស្ថានភាពក្នុងតំបន់ និងពិភពលោកបន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ហើយសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង ធ្វើឲ្យប្រទេសទាំងឡាយប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមជាច្រើន។ ប៉ុន្តែលោកគូសបញ្ជាក់ថា និន្នាការថ្មីនៃសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបញ្ញាក៏បង្កើតឱកាសសម្រាប់ប្រទេសទាំងឡាយសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ឆ្ពោះទៅកាន់ពិភពលោកនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។

លោកឧបនាយករដ្ឋមន្ត្រីបានចែករំលែកថា បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី ពីប្រទេសដែលមានសេដ្ឋកិច្ចអន់ថយ វៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ចមានកំណើនខ្ពស់ ជាមួយនឹងសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សា ហើយជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង។ បច្ចុប្បន្ននេះ វៀតណាមបានក្លាយជាប្រទេសមានខឿនសេដ្ឋកិច្ចធំទី៤ ក្នុងអាស៊ាន ហើយត្រូវបានអង្គការអន្តរជាតិល្បីៗជាច្រើនចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលបានជោគជ័យក្នុងការទាក់ទាញ FDI។

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា បច្ចុប្បន្ន អាទិភាពរបស់វៀតណាមគឺផ្តោតលើការទាក់ទាញ FDI ក្នុងវិស័យសំខាន់ៗដូចជា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ជីវបច្ចេកវិទ្យា សម្ភារៈថ្មី បញ្ញាសិប្បនិម្មិត (AI) ថាមពលកកើតឡើងវិញ ថាមពលថ្មី logistics…

ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ដៃគូអន្តរជាតិ រួមទាំង UAE ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និង logistics ឈានមុខគេក្នុងតំបន់ និងជាដៃគូគ្រប់ជ្រុងជ្រោយតែមួយគត់របស់វៀតណាមនៅមជ្ឈិមបូព៌ា។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផល និងរួមដំណើរជាមួយដៃគូអន្តរជាតិ សហគ្រាសក្នុងនិងក្រៅប្រទេស អ្នកវិនិយោគ ក្នុងការជំរុញសកម្មភាពសហប្រតិបត្តិការវិនិយោគ និងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

បកប្រែដោយ Thuy Anh