វៀតណាម និងសហរដ្ឋអាមេរិក យល់ព្រមបើកកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី
កប.អនឡាញ - នារសៀលថ្ងៃទី៩ ខែមេសា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ក្នុងនាមជាបេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
លោក Ho Duc Phoc បានអះអាងថា វៀតណាមមានបំណងចង់បន្តពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ថា វៀតណាមមានបំណងចង់ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលពិភាក្សារវាងលោក To Lam អគ្គលេខាបក្ស និងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែមេសាកន្លងមក តាមរយៈនោះបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍របស់អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា នាពេលកន្លងមកវៀតណាមបានចាត់វិធានការជាច្រើន ដើម្បីរួមចំណែកក្នុងការដោះស្រាយឱនភាពពាណិជ្ជកម្មរវាងភាគីទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានស្នើថា ទោះបីជាសហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលការដំឡើងពន្ធក្នុងរយៈពេល ៩០ ថ្ងៃក៏ដោយ ក៏ប្រទេសទាំងពីរត្រូវបើកកិច្ចចរចាឱ្យបានឆាប់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដើម្បីបង្កើតក្របខ័ណ្ឌរយៈពេលវែង ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
    |
 |
លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម ពិភាក្សាជាមួយលោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn) |
លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានវាយតំលៃខ្ពស់ចំពោះជំហានវិជ្ជមាន និងម្ចាស់ការរបស់វៀតណាម ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-សហរដ្ឋអាមេរិក។ លោកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម ហើយមានបំណងចង់សហការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយឱនភាពពាណិជ្ជកម្ម សំដៅបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ សហរដ្ឋអាមេរិកបានឯកភាពថា ភាគីទាំងពីរគួរតែបើកកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលក្នុងនោះ មានកិច្ចព្រមព្រៀងស្ដីពីពន្ធគយ ហើយស្នើឲ្យភាគីទាំងពីរចាប់ផ្តើមពិភាក្សាភ្លាមៗ។
ភាគីទាំងពីរបានឯកភាពនឹងបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញបរិយាកាសធ្វើអាជីវកម្មអំណោយផល ពិនិត្យ និងពិចារណាអំពីការលប់បំបាត់នូវរបាំងមិនមែនពន្ធគយលើទំនិញរបស់គ្នាទៅវិញទៅមក បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចសហរដ្ឋអាមេរិក បង្កើនការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងបង្កើនការសម្របសម្រួលត្រួតពិនិត្យ និងទប់ស្កាត់ការក្លែងបន្លំពាណិជ្ជកម្ម។
* គួររំលឹកថា នាថ្ងៃទី ៨ និងថ្ងៃទី ៩ ខែមេសា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយលោក Bill Hagerty សមាជិកព្រឹទ្ធសភា (គណបក្សសាធារណរដ្ឋ - រដ្ឋ Tennessee) លោក Steve Daines សមាជិកព្រឹទ្ធសភា (គណបក្សសាធារណរដ្ឋ - រដ្ឋ Montana) រួមទាំងអង្គការ និងអាជីវកម្មជាច្រើនរបស់សហរដ្ឋអាមេរិក។
ក្នុងអំឡុងពេលនៅសហរដ្ឋអាមេរិក លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម ក៏បានជួបជាមួយក្រុមអ្នកជំនាញ បញ្ញវន្ត និងអាជីវកម្មធំៗរបស់សហរដ្ឋអាមេរិក និងវៀតណាម ព្រមទាំងលោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនភាគហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន Air Finance របស់សហរដ្ឋអាមេរិក៕
បកប្រែដោយ Pham Diep