ជប៉ុនផ្តល់ហិរញ្ញប្បទានដល់គម្រោងជួយគាំទ្រការបណ្តុះបណ្តាលវារីវប្បកម្មនៅប្រទេសវៀតណាម
កប.អនឡាញ - នាថ្ងៃទី ២៨ ខែមីនា នៅទីក្រុង Hai Phong វៀតណាម បានប្រព្រឹត្តទៅនៅពិធីប្រគល់ឧបករណ៍បណ្តុះបណ្តាលដល់អនុមហាវិទ្យាល័យបច្ចេកវិទ្យា សេដ្ឋកិច្ច និងជលផល Hai Phong ក្នុងក្របខ័ណ្ឌនៃកម្មវិធីជំនួយឥតសំណងថ្នាក់មូលដ្ឋាន Kusanone សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ របស់រដ្ឋាភិបាលជប៉ុន។
មានប្រសាសន៍ក្នុងពិធីប្រគល់នេះ លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាម បានសង្ឃឹមថា ជាមួយនឹងឧបករណ៍ដែលឧបត្ថម្ភពីគម្រោង ការសិក្សារៀនសូត្រ និងការអនុវត្តរបស់និស្សិតនៅសាលានឹងកាន់តែមានប្រសិទ្ធភាព តាមរយៈនោះជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងផ្នែកវារីវប្បកម្មដោយមានចំណេះដឹង និងបទពិសោធន៍យ៉ាងទូលំទូលាយ និងស៊ីជម្រៅ រួមចំណែករក្សាស្ថិរភាព និងបង្កើនប្រាក់ចំណូល ក៏ដូចជាជម្រុញការអភិវឌ្ឍនៃវិស័យជលផលនៅវៀតណាម។
    |
 |
លោក Ito Naoki ថ្លែងមតិក្នុងពិធីប្រគល់ |
លោកឯកអគ្គរដ្ឋទូត Ito Naoki បានអះអាងថា គម្រោងនេះនឹងរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យរវាងជប៉ុន និងវៀតណាម ដែលជាជំហានថ្មីមួយក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជប៉ុន-វៀតណាមនាពេលខាងមុខ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការការពារធនធានជលផល ហើយកំពុងខិតខំប្រឹងប្រែងផ្លាស់ប្ដូរពីការនេសាទទៅបែបវារីវប្បកម្ម។ អនុមហាវិទ្យាល័យបច្ចេកវិទ្យា សេដ្ឋកិច្ច និងជលផល Hai Phong នៃក្រសួងកសិកម្ម និងបរិស្ថាន ទទួលភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យជលផលតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទោះជាយ៉ាងណាក៏ដោយ សាលាមិនទាន់មានឧបករណ៍ពេញលេញ ដើម្បីបំពេញតម្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនាំឱ្យមានឧបសគ្គជាច្រើនក្នុងការបណ្តុះបណ្តាលប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព៕
បកប្រែដោយ Thuy Anh