ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមក្នុងបេសកកម្ម "ហោះហើរជាមួយប្រទេសជាតិ"
ចាប់ពីដើមខែឧសភាឆ្នាំ ២០២៥ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនឹងស្ដារផ្លូវហោះហើរត្រង់ឡើងវិញពីទីក្រុងហាណូយទៅកាន់ទីក្រុងម៉ូស្គូ (រុស្ស៊ី) ជាផ្លូវការ។ នេះមិនត្រឹមតែស្តារផ្លូវហោះហើរសំខាន់ៗឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងការស្ដាផ្លូវហោះហើរនេះ ជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការតភ្ជាប់កាន់តែប្រសើរឡើងទៅកាន់បណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាល និងអាស៊ីខាងលិចដូចជា អាមេនី និងអ៊ូសបេគីស្ថាន។ ជាមួយនឹងការប្តេជ្ញាចិត្តពង្រីកប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមកំពុងអះអាងជាបណ្តើរៗនូវតួនាទីត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការតភ្ជាប់វៀតណាមជាមួយពិភពលោក និងជួយប្រទេសធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។
បន្ទាប់ពីការរំខានរយៈពេល ៣ ឆ្នាំ ផ្លូវហោះហើរត្រង់ពីទីក្រុងហាណូយទៅកាន់មូស្គូនឹងត្រូវបាន Vietnam Airlines ស្តារឡើងវិញជាផ្លូវការ ចាប់ពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥។ ការដំណើរការផ្លូវហោះហើរនេះ មិនត្រឹមតែពង្រឹងកិត្យានុភាពរបស់ Vietnam Airlines នៅលើផ្លូវហោះហើរអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រពង្រីកបណ្តាញហោះហើររបស់ខ្លួន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ Vietnam Airlines ។
    |
 |
ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមផ្លាស់ថ្មីឥតឈប់ឈរ និងពង្រីកប្រតិបត្តិការរបស់ខ្លួនដោយផ្លូវហោះហើរតភ្ជាប់វៀតណាម និងពិភពលោក |
ក្នុងដំណាក់កាលដំបូង Vietnam Airlines នឹងដាក់ឲ្យដំណើរការជើងហោះហើរ ២ ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ជាមួយនឹងយន្តហោះប្រភេទ Boeing ៧៨៧ ។ ចាប់ពីខែកក្កដា ឆ្នាំ ២០២៦ នឹងកើនឡើងដល់ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីបំពេញតម្រូវការការធ្វើដំណើរកើនឡើងរបស់អ្នកដំណើរ។
រុស្ស៊ីតែងតែជាទីផ្សារដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់វៀតណាម។ នៅឆ្នាំ ២០២៤ ចំនួនអ្នកដំណើរសរុបរវាងប្រទេសទាំងពីរមានជាង ២២០,០០០ នាក់ កើនឡើងជាង ២,៣ ដង បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែនៅតែមានត្រឹមតែ ២៦% បើធៀបនឹងឆ្នាំ ២០១៩ មុនពេលផ្ទុះឡើងនូវការរាតត្បាត Covid-19។ ផ្លូវហោះហើរត្រង់ពីទីក្រុងហាណូយទៅកាន់មូស្គូ ជួយបង្កើនការតភ្ជាប់ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការងើបឡើងវិញដ៏រឹងមាំនៃឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍នៃប្រទេសទាំងពីរ។
ការស្ដារផ្លូវហោះហើរឡើងវិញមិនត្រឹមតែជួយឱ្យអ្នកដំណើរមានជម្រើសសម្រាប់ការធ្វើដំណើរកាន់តែងាយស្រួល និងសុវត្ថិភាព ជាមួយនឹងសេវាកម្មគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។ នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍បណ្តាញហោះហើរអន្តរជាតិរបស់ Vietnam Airlines ជាពិសេសក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើត Vietnam Airlines ។
តាមការគ្រោងទុក នៅឆ្នាំ ២០២៥ នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនឹងបើកផ្លូវហោះហើរថ្មី និងស្តារផ្លូវហោះហើរអន្តរជាតិចំនួន ១៥ ទៅកាន់គោលដៅសំខាន់ៗដូចជា អ៊ីតាលី រុស្ស៊ី ដាណឺម៉ាក ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម (UAE) ... ទាំងនេះគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីក "ឥទ្ធិពល" របស់ប្រទេសជាតិ ក៏ដូចជាអនុវត្តបេសកកម្ម "ហោះហើរជាមួយប្រទេសជាតិ" ដែលក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានខិតខំក្នុងដំណើរការអភិវឌ្ឍរបស់ខ្លួន។
ឱកាសកាន់តែច្រើនដើម្បីឈានទៅដល់ទីផ្សារមានសក្តានុពល
ការបើកផ្លូវហោះហើរត្រង់ពីវៀតណាមទៅកាន់រុស្ស៊ី នឹងជួយតភ្ជាប់កាន់តែល្អជាមួយបណ្តាប្រទេសអាស៊ីខាងលិច និងអាស៊ីកណ្តាលដូចជា អាមេនី និងអ៊ូសបេគីស្ថាន។ នាពេលកន្លងមក ទំនាក់ទំនងរវាងវៀតណាមជាមួយអាមេនី និងអ៊ូសបេគីស្ថាន មានការអភិវឌ្ឍន៍ជាវិជ្ជមានលើគ្រប់វិស័យ។ ការផ្លាស់ប្តូរ និងជំនួបកម្រិតខ្ពស់ត្រូវបានជំរុញយ៉ាងខ្លាំងក្លា។
សម្រាប់អាមេនី ប្រទេសទាំងពីរវៀតណាមនិងអាមេនី បានពង្រឹងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។ អាមេនីមានគម្រោងវិនិយោគផ្ទាល់មួយចំនួននៅវៀតណាម។ វៀតណាមក៏លើកទឹកចិត្តធុរកិច្ចរបស់ខ្លួនចូលមកវិនិយោគនៅអាមេនី ជាពិសេសលើវិស័យមានឧត្ដមភាពដូចជា កសិកម្ម ការកែច្នៃស្បៀងអាហារ និងវាយនភណ្ឌ។ រដ្ឋាភិបាលទាំងពីរបានបង្កើនការចរចា និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ទីភ្នាក់ងារ អង្គការ ប្រជាជន និងធុរកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរ ការស្វែងរកទីផ្សារ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការដោះដូរទំនិញ។
វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាមួយមិត្តជាប្រពៃណី រួមមានអ៊ូសបេគីស្ថានផងដែរ។ នាពេលកន្លងមក ទំនាក់ទំនងនយោបាយ និងការទូតរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ជាវិជ្ជមាន ជាមួយនឹងការផ្លាស់ប្ដូរគណៈប្រតិភូជាច្រើននៅគ្រប់កម្រិត។ វៀតណាមត្រៀមខ្លួនធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងអ៊ូសបេគីស្ថាន និងអាស៊ាន។ អ៊ូសបេគីស្ថានត្រៀមខ្លួន ជំរុញទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសអាស៊ីភាគកណ្តាល និងប្រទេសផ្សេងៗក្នុងតំបន់។
បច្ចុប្បន្ន គោលដៅទេសចរណ៍ល្បីៗមួយចំនួននៅវៀតណាមបានតភ្ជាប់ដោយផ្ទាល់ទៅកាន់តំបន់អាស៊ីកណ្តាល និងអាស៊ីខាងលិច តាមរយៈជើងហោះហើរជាលក្ខណៈជួល (charter) ដូចជា Phu Quoc (ខេត្ដ Kien Giang) និងទីក្រុង Da Nang។ ទោះជាយ៉ាងណាក៏ដោយ សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសអាស៊ីខាងលិច និងអាស៊ីកណ្តាលដូចជា អាមេនី និងអ៊ូសបេគីស្ថាននៅតែមានច្រើនណាស់ ដែលបង្កើតឱកាសសម្រាប់ធុរកិច្ចវៀតណាម និងប្រទេសនានាបន្តជំរុញកិច្ចសហប្រតិបត្តិការ។ ការរក្សាទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់រវាងវៀតណាម និងប្រទេសផ្សេងៗ ជួយពង្រឹងជំនឿទុកចិត្តខាងនយោបាយ បង្កើតមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានឧត្ដមភាព និងសក្តានុពលដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ គមនាគមន៍និងដឹកជញ្ជូន ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ល៕
បកប្រែដោយ Pham Diep