ដោយអត្ថាធិប្បាយថា វៀតណាមមានកត្តាអំណោយផលជាច្រើនដើម្បីអភិវឌ្ឍទៅជាសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងរឹងមាំ លោក Jens Ruebbert ប្រធានក្រុមប្រឹក្សាធុរកិច្ច អឺរ៉ុប-អាស៊ាន ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅសិង្ហបុរី និងជានាយកប្រតិបត្តិនៃតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ធនាគារ Landesbank Baden-Wuerttemberg (LBBW) បាននិយាយជាមួយអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីបញ្ហាពាក់ព័ន្ធមួយចំនួន។

leftcenterrightdel
ការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លាស់ប្តូរឌីជីថលនៅ Kien Giang (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ តើអ្នកអាចចែករំលែកអំពីកាលានុវត្តភាព និងបញ្ហាប្រឈមសំខាន់ៗដែលធុរកិច្ចអឺរ៉ុបកំពុងជួបប្រទះនៅពេលសហប្រតិបត្តិការជាមួយវៀតណាមបានទេ? តើលោកយល់ឃើញយ៉ាងណា ប្រសិនបើនៅពេលអនាគត អ្វីៗនឹងទៅជាវិស័យមានសក្តានុពលបំផុតសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ?

លោក Jens Ruebbert៖ បើនិយាយពីកាលានុវត្តភាព វៀតណាមមានកត្តាអំណោយផលជាច្រើនដើម្បីក្លាយជាសេដ្ឋកិច្ចដែលមានភាពស្វាហាប់ និងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ រដ្ឋាភិបាលវៀតណាមតែងតែបើកចំហ និងរួសរាយរាក់ទាក់ចំពោះការវិនិយោគ ហើយបានអនុវត្តកំណែទម្រង់ជាច្រើនដើម្បីចូលរួមប្រព័ន្ធពាណិជ្ជកម្មសកល។ លើសពីនេះទៀត ប្រជាជនវ័យក្មេងដែលចង់រៀនក៏ជាចំណុចខ្លាំងដែរ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួននៅតែមាន ជាពិសេសសមត្ថភាពរដ្ឋបាលក្នុងការអនុវត្ត និងនិរន្តរភាពកំណែទម្រង់នៅថ្នាក់តំបន់ និងមូលដ្ឋាន។ លើសពីនេះ ភាពស្មុគស្មាញនៃបទប្បញ្ញត្តិ និងហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម ដូចជាកំពង់ផែ និងការដឹកជញ្ជូន ក៏ត្រូវការការកែលម្អបន្ថែមទៀតផងដែរ។

ខ្ញុំគិតថាវិស័យសហប្រតិបត្តិការដែលមានសក្តានុពលបំផុតគឺពាណិជ្ជកម្ម យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម (EVTFA) រួចហើយ នេះពិតជាបើកចេញឱកាសដ៏អស្ចារ្យ។ ទាក់ទងនឹងឧស្សាហកម្ម និងការវិនិយោគដែលមានសក្តានុពល ខ្ញុំមើលឃើញថា ថាមពលបៃតង បច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម 4.0 បច្ចេកវិទ្យាវេជ្ជសាស្រ្ត ជីវបច្ចេកវិទ្យា និងការដឹកជញ្ជូន។

អ្នកយកព័ត៌មាន៖ តើក្រុមប្រឹក្សាធុរកិច្ច អឺរ៉ុប-អាស៊ាន បានរួមចំណែកយ៉ាងដូចម្ដេចក្នុងការតភ្ជាប់ធុរកិច្ច និងទីភ្នាក់ងាររដ្ឋាភិបាលរបស់វៀតណាម ជាមួយបណ្តាប្រទេសអឺរ៉ុប? តើគំនិតផ្តួចផ្តើមអ្វីខ្លះដែលអ្នករំពឹងថានឹងបង្កើតការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ?

លោក Jens Ruebbert៖ ដោយផ្ទាល់ខ្លួន ខ្ញុំគិតថាក្រុមប្រឹក្សាធុរកិច្ច អឺរ៉ុប-អាស៊ាន ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយ EuroCham នៅវៀតណាម បានភ្ជាប់ក្រុមហ៊ុនអឺរ៉ុបជាមួយភ្នាក់ងាររដ្ឋាភិបាលវៀតណាមក្នុងកម្រិតដ៏ស៊ីជម្រៅ។ យើងធ្វើដំណើរធុរកិច្ចជារៀងរាល់ឆ្នាំ ដោយនាំគណៈប្រតិភូធុរកិច្ចធំៗពីអឺរ៉ុបទៅកាន់វៀតណាម ដើម្បីធ្វើការដោយផ្ទាល់ជាមួយក្រសួងនានា ដោយពិភាក្សាអំពីបញ្ហាបន្ទាន់ក្នុងវិស័យជាច្រើន។

កាលពីឆ្នាំមុន យើងបានរៀបចំដំណើរទស្សនកិច្ចការងារជាមួយប្រតិភូជាង ១២០ នាក់មកពីក្រុមហ៊ុនជាង ៥០ ដោយបានជួបជាមួយក្រសួង និងស្ថាប័នជិត ២០ របស់ប្រទេសវៀតណាម ទាក់ទងនឹងគំនិតផ្ដួចផ្ដើមនាពេលបច្ចុប្បន្ន ខ្ញុំសូមកោតសរសើរចំពោះចំណុចបីដូចខាងក្រោម។ ទីមួយគឺទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាមជាមួយនឹងគោលដៅកំណើន GDP ៨% នៅឆ្នាំ២០២៥។ ទីពីរគឺជាកំណែទម្រង់ស្ថាប័នដ៏សំខាន់បំផុតចាប់តាំងពីកាលផ្លាស់ថ្មី បានបញ្ចប់ដោយរដ្ឋសភាកាលពីខែកុម្ភៈមុន ដោយបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ជាចុងក្រោយ សេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ កំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបន្ថែមទៀតរបស់វៀតណាម។

អ្នកយកព័ត៌មាន៖ តើលោកវាយតម្លៃផលប៉ះពាល់នៃកំណែទម្រង់ពន្ធ និងគយ របស់វៀតណាមលើបរិយាកាសធុរកិច្ច និងការអភិវឌ្ឍរបស់អាជីវកម្មអឺរ៉ុបនៅវៀតណាមយ៉ាងដូចម្តេច? តើកំណែទម្រង់ទាំងនេះបានបំពេញតាមការរំពឹងទុករបស់ធុរកិច្ចអន្តរជាតិក្នុងការសម្រួលដល់ការនាំចូល និងការនាំចេញ និងកាត់បន្ថយចំណាយប្រតិបត្តិការដែរឬទេ?

លោក Jens Ruebbert៖ ក្នុងរយៈពេលកន្លងមក វៀតណាមបានអនុវត្តកំណែទម្រង់ពន្ធ និងគយធំៗជាច្រើនដើម្បីកែលម្អបរិយាកាសធុរកិច្ច ទាក់ទាញការវិនិយោគបរទេស និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។ កំណែទម្រង់ទាំងនេះមានសារៈសំខាន់ជាពិសេសសម្រាប់អាជីវកម្មអឺរ៉ុបដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម។

កំណែទម្រង់ពន្ធ និងគយរបស់វៀតណាម នាពេលនេះ ផ្តោតលើការសម្រួលនីតិវិធី បង្កើនតម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ។ កំណែទម្រង់សំខាន់ៗរួមមានការសម្រួលនីតិវិធីគយ ដូចជាកាត់បន្ថយពេលវេលា និងភាពស្មុគ្រស្មាញក្នុងនីតិវិធីគយ ការអនុវត្តច្រកចេញចូលតែមួយថ្នាក់ជាតិ និងអាស៊ាន ដែលអនុញ្ញាតឱ្យអាជីវកម្មបញ្ជូនឯកសារតាមអេឡិចត្រូនិក និងកាត់បន្ថយការងារឯកសារ។

លើសពីនេះទៀតចាប់ពីឆ្នាំ២០២១ នាយកដ្ឋានគយនឹងអនុវត្តកម្មវិធីមួយដើម្បីជួយដល់អាជីវកម្មនានា ឱ្យគោរពតាមច្បាប់គយដោយស្ម័គ្រចិត្ត ជួយកាត់បន្ថយការចំណាយ និងពេលវេលានៃការបោសសំអាតគយ។ ទន្ទឹមនឹងនេះ ធ្វើទំនើបកម្មការគ្រប់គ្រងពន្ធដោយការអនុវត្តវិក្កយបត្រអេឡិចត្រូនិក ប្រព័ន្ធប្រកាសពន្ធអេឡិចត្រូនិក និងប្រព័ន្ធទូទាត់ កាត់បន្ថយបន្ទុកនីតិវិធីសម្រាប់អាជីវកម្ម។ យោងតាមការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា EVFTA វៀតណាមបានកាត់បន្ថយពន្ធលើផលិតផលជាច្រើន ដោយនាំមកនូវផលប្រយោជន៍ដល់អាជីវកម្មអឺរ៉ុប។

កំណែទម្រង់ទាំងអស់ខាងលើបានជះឥទ្ធិពលជាវិជ្ជមានដល់បរិយាកាសធុរកិច្ចរបស់វៀតណាម។ អាស្រ័យហេតុនេះ ការសម្រួលនីតិវិធីគយ និងប្រព័ន្ធអេឡិចត្រូនិកជួយកាត់បន្ថយការចំណាយប្រតិបត្តិការ និងពេលវេលា ជាពិសេសសម្រាប់អាជីវកម្មដែលពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់លឿន។

ពន្ធទាប និងនីតិវិធីសាមញ្ញធ្វើឱ្យវៀតណាមក្លាយជាគោលដៅទាក់ទាញសម្រាប់អាជីវកម្មអឺរ៉ុបដែលកំពុងស្វែងរកពង្រីកផលិតកម្ម ឬវិនិយោគ បង្កើនការប្រកួតប្រជែង។ ជាពិសេស ការកែលម្អតម្លាភាព និងការអនុលោមតាមស្តង់ដារអន្តរជាតិបានបង្កើនភាពទាក់ទាញរបស់វៀតណាមចំពោះការវិនិយោគផ្ទាល់ពីបរទេស (FDI)។

ធុរកិច្ចអឺរ៉ុបស្វាគមន៍ការកែទម្រង់ទាំងនេះនៅវៀតណាម ព្រោះពួកគេបាននាំមកនូវផលប្រយោជន៍ជាច្រើនដូចជាការសម្របសម្រួលពាណិជ្ជកម្ម និងការបង្កើនទំហំផ្លាស់ប្តូររវាងវៀតណាមនិងអឺរ៉ុប កាត់បន្ថយការចំណាយលើប្រតិបត្តិការតាមរយៈការដាក់ឯកសារអេឡិចត្រូនិក និងការទូទាត់ ធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍អាជីវកម្ម ដែលមានសារៈសំខាន់សម្រាប់ការធ្វើផែនការរយៈពេលវែង និងការវិនិយោគ។

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា នៅតែមានបញ្ហាប្រឈមដូចជាការអនុវត្តកំណែទម្រង់ ពេលខ្លះមិនស៊ីសង្វាក់គ្នា ដោយសារភាពខុសគ្នានៃសមត្ថភាពរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ហើយបរិយាកាសបទប្បញ្ញត្តិនៅវៀតណាមនៅតែត្រូវមានហេតុផល និងច្បាស់លាស់បន្ថែមទៀត។ ជាមួយនឹងការកើនឡើងទំហំពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម រួមទាំងកំពង់ផែ និងបណ្តាញភ័ស្តុភារ ចាំបាច់ត្រូវបន្តធ្វើឱ្យប្រសើរឡើង ដើម្បីបំពេញតម្រូវការ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Minh Trung