កងទ័ពប្រជាជនវៀតណាមចូលរួមជម្នះផលវិបាកនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា
ស្វែងរក និងយកសាកសពជនរងគ្រោះ ៥ នាក់ចេញពីគំនរបាក់បែក
កប.អនឡាញ - នាថ្ងៃទី ១ មេសា កម្លាំងជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាម ដែលចូលរួមជម្នះផលវិបាកនៃការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បានរៀបចំការរុករក និងនាំយកសាកសពជនរងគ្រោះចំនួន ៥ នាក់ដែលកប់ក្នុងគំនរបាក់បែកនៅអគារ និងមន្ទីរពេទ្យក្នុងរដ្ឋធានី Naypyidaw។
ជាក់ស្តែង ក្នុងអំឡុងពេលជួយសង្គ្រោះនៅអគារបាក់រលំចំនួនពីរនៅតំបន់ Bala Tidi ស្រុក Zabu Thiri ក្រុមជួយសង្គ្រោះបាននាំយកសាកសពជនរងគ្រោះចំនួន ៤ នាក់ រួមទាំងប្តីប្រពន្ធផងដែរ។ តាមការស្នើរបស់ភាគីមិត្តនោះ នៅវេលាថ្ងៃត្រង់ថ្ងៃដដែល ក្រុមជួយសង្គ្រោះបានពង្រាយកម្លាំងវិស្វកម្ម កម្លាំងពេទ្យយោធា និងឆ្កែជំនាញ មកជួយគាំទ្រការងារស្វែងរកជនរងគ្រោះនៅមន្ទីរពេទ្យ Ottara Thiri ក្នុងរដ្ឋធានី Naypyidaw និងបាននាំយកសាកសពជនរងគ្រោះចំនួន ១ នាក់ ព្រមទាំងបានកំណត់ទីតាំងបន្ថែមសង្ស័យថាមានជនរងគ្រោះដែលជាប់គាំងនៅក្រោមអគារដួលរលំ។
ទន្ទឹមនឹងនេះ កងកម្លាំងពេទ្យយោធាមួយផ្នែក បានរៀបចំតង់ចំនួនពីរ ដើម្បីត្រៀមទទួល ជួយសង្គ្រោះបន្ទាន់ និងពិនិត្យសុខភាពជូនប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីក្នុងរដ្ឋធានី Naypyidaw នៅថ្ងៃខាងមុខ។
ថ្ងៃ ០២ មេសា ក្រុមជួយសង្គ្រោះបន្តបំពេញការងារស្វែងរកនៅមន្ទីរពេទ្យ Ottara Thiri។
    |
 |
កម្លាំងជួយសង្គ្រោះ នៃកងទ័ពប្រជាជនវៀតណាម បានប្រើប្រាស់ឧបករណ៍ ដើម្បីជីកកកាយគំនរបាក់បែក នៅទីតាំងជនរងគ្រោះដែលកប់នៅក្រោមអគារដួលរលំ |
* ទំហំនៃការបំផ្លិចបំផ្លាញដោយការរញ្ជួយដីនៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ
អង្គការសហប្រជាជាតិ និងអង្គការជំនួយនានា បានឲ្យដឹងថា មិនទាន់កំណត់បានទំហំនៃការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការរញ្ជួយនៅមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។ រ៉យទ័របានរាយការណ៍ថាកាលពីថ្ងៃទី ១ ខែមេសា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសថាមនុស្សជាង ២៧០០ នាក់បានស្លាប់ មនុស្សជាង ៤៥០០ នាក់បានរងរបួស និងមនុស្សជាង ៤៤០ នាក់បានបាត់ខ្លួននៅក្នុងការរញ្ជួយដីនាពេលថ្មីៗនេះ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាព្យាករណ៍ថា ចំនួនអ្នកស្លាប់នឹងបន្តកើនឡើង ហើយទំនងជាមានលើសពី ៣០០០ នាក់៕
បកប្រែដោយ Duy Hoan