កងទ័ពប្រជាជនវៀតណាមចូលរួមជម្នះផលវិបាកនៃគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
ដាក់ពង្រាយការស្វែងរកជនរងគ្រោះនៅរដ្ឋធានី Naypyidaw
កប.អនឡាញ - ភ្លាមៗបន្ទាប់ពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Yangon នៅល្ងាចថ្ងៃទី ៣០ ខែមិនា កងកម្លាំង នៃកងទ័ពប្រជាជនវៀតណាម (VPA) ដែលចូលរួមក្នុងការជួយសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានធ្វើដំណើរជាបន្ទាន់ដោយរថយន្តក្នុងចម្ងាយជិត ៥០០ គីឡូម៉ែត្រ ទៅកាន់រដ្ឋធានី Naypyidaw នៅម៉ោង ៣ ព្រលឹម និងបានដាក់ពង្រាយការងារស្វែងរក និងសង្គ្រោះជនរងគ្រោះដោយសាររញ្ជួយដីភ្លាមៗ។
នៅទីនេះ តាមរយៈការពិភាក្សាជាមួយភាគីមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាថា កងកម្លាំងវៀតណាមនឹងរៀបចំការស្វែងរកជនរងគ្រោះដែលជាប់នៅក្នុងផ្ទះដែលដួលរលំដោយការរញ្ជួយដីនៅតំបន់ Bala Tidi ស្រុក Zabu Thiri រដ្ឋធានី Naypyidaw។ បន្ទាប់មក កម្លាំងសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម កម្លាំងនៃក្រសួងនគរបាលបានធ្វើការវាយតម្លៃកន្លែងកើតហេតុ និងរៀបចំការរុករក។
    |
 |
លោកឧត្តមសេនីយ៍ត្រី Pham Van Ty ប្រធានក្រុមជួយសង្គ្រោះនៃកងទ័ពប្រជាជនវៀតណាម ពិភាក្សាជាមួយកងកម្លាំងជួយសង្គ្រោះមីយ៉ាន់ម៉ា ដើម្បីវាយតម្លៃស្ថានភាព និងកំណត់ផែនការស្វែងរកជនរងគ្រោះ |
ក្រុមបេសកកម្ម នៃកងទ័ពប្រជាជនវៀតណាមក៏បានចាត់បញ្ជូនកម្មាភិបាលនៃកម្លាំងពេទ្យយោធាចំនួន ៣០ នាក់ ត្រៀមខ្លួនជាស្រេចជួយសង្គ្រោះបន្ទាន់ជនរងគ្រោះ ក៏ដូចជាប្រជាជនក្នុងតំបន់ផងដែរ។
តាមរយៈដំណើរការស្វែងរកដោយប្រើឆ្កែជំនាញ និងឧបករណ៍ជំនាញដូចជា រ៉ាដាជ្រាបចូលជញ្ជាំង ឧបករណ៍ស្វែងរកដោយរូបភាព និងសំឡេង មកត្រឹមល្ងាចថ្ងៃដដែល ក្រុមសង្គ្រោះបានកំណត់ទីតាំងសង្ស័យមានជនរងគ្រោះជាប់នៅក្នុងផ្ទះបាក់រលំចំនួនពីរ។
ការងារជួយសង្គ្រោះត្រូវបានអនុវត្តជាបន្ទាន់ ប៉ុន្តែជួបការលំបាកជាច្រើនដោយសារភាពងងឹត និងភាគីមិត្តមិនទាន់បញ្ជូនអេស្កាវ៉ាទ័រមកដែរ។
* កាលពីថ្ងៃទី ៣១ ខែមីនា លោកឧត្តមសេនីយ៍ត្រី Pham Van Ty អនុប្រធាននាយកដ្ឋានស្វែងរក និងជួយសង្គ្រោះ (អគ្គសេនាធិការដ្ឋាន) ប្រធានក្រុមបេសកកម្មនៃកងទ័ពប្រជាជនវៀតណាមដែលចូលរួមជួយសង្គ្រោះ បានជូនភាគីមីយ៉ាន់ម៉ាអារហារក្រៀមចំនួន ៤០ តោន ដើម្បីឧបត្ថម្ភគ្រួសារដែលរងប៉ះពាល់ដោយគ្រោះរញ្ជួយដី។
    |
 |
រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី Pham Van Ty និងសមាជិកក្រុមបេសកកម្មវៀតណាម |
ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី Pham Van Ty លោក U Kyaw Soe Win រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្ត និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសការដែលវៀតណាមបញ្ជូនកងកម្លាំងជួយសង្គ្រោះ រួមទាំងគ្រឿងឧបភោគបរិភោគ ដើម្បីជួយមីយ៉ាន់ម៉ា យកឈ្នះលើផលវិបាកនៃការរញ្ជួយដី។
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ត្រី Pham Van Ty បានអះអាងថា កម្លាំងជួយសង្គ្រោះរបស់វៀតណាម ដែលទៅមីយ៉ាន់ម៉ា បាននាំមកនូវក្តីស្រលាញ់ជូនប្រទេស និងប្រជាជនមីយ៉ាន់ម៉ា និងការទទួលខុសត្រូវរបស់ប្រទេសមួយក្នុងសហគមន៍អាស៊ាន។ ដូច្នេះ នឹងព្យាយាមធ្វើការស្វែងរកយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ា កាត់បន្ថយការខាតបង់ដោយសារគ្រោះរញ្ជួយដី។
បកប្រែដោយ Duy Hoan