នៅក្នុងជំនួប លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី បានចែករំលែកអំពីសារៈសំខាន់នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Donald Trump ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី ៤ មេសា ព្រមទាំងជម្រាបជូនលោក Marc E. Knapper ថា លោក To Lam អគ្គលេខាបក្សបានចាត់តាំងលោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី ជាបេសកជនពិសេសទៅកាន់អាមេរិក ដើម្បីបន្តធ្វើឲ្យទៅជាជាក់ស្តែងនូវខ្លឹមសារទាំងនេះ។ លោក Bui Thanh Son បានស្នើឲ្យ ភាគីអាមេរិកផ្តល់អាទិភាពដល់ការរៀបចំជំនួបរវាងលោក Ho Duc Phoc និងគណៈប្រតិភូជាមួយដៃគូអាមេរិក ដើម្បីឈានទៅសម្រេចបានកិច្ចព្រមព្រៀងនាពេលឆាប់ៗ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ baoquocte.vn)

លោក Bui Thanh Son បានឲ្យដឹងថា វៀតណាមយល់ពីការយកចិត្តទុកដាក់របស់អាមេរិកក្នុងការធ្វើឱ្យជញ្ជីងពាណិជ្ជកម្មមានតុល្យភាព ប៉ុន្តែការសម្រេចចិត្តដាក់ពន្ធឆ្លើយតបមិនស្របនឹងការពិតជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី និងមិនឆ្លុះបញ្ចាំងពីស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកទេ ហើយជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកំពុងអភិវឌ្ឍដ៏ល្អប្រសើរថែមទៀត។

រីឯលោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាតាមទូរស័ព្ទថ្នាក់ជាន់ខ្ពស់កាលពីថ្ងៃទី ៤ ខែមេសា រវាងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Donald Trump ប្រធានាធិបតីអាមេរិក ដែលជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់លោក Donald Trump ជាមួយថ្នាក់ដឹកនាំបរទេសបន្ទាប់ពីការប្រកាសពន្ធឆ្លើយតបនេះ។ លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណវៀតណាមចំពោះវិធីសាស្រ្តវិជ្ជមាននានា និងការយល់ដឹងអំពីការព្រួយបារម្ភរបស់ភាគីអាមេរិក។  លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការផ្លាស់ប្តូរនាពេលខាងមុខគឺជាឱកាសសម្រាប់ភាគីទាំងពីរពិភាក្សា និងរកឃើញដំណោះស្រាយដើម្បីនាំឱ្យទំនាក់ទំនងពាណិជ្ជកម្មតាមគន្លងអភិវឌ្ឍប្រកបដោយសុខុមាលភាព និងផលប្រយោជន៍ទៅវិញទៅមក៕

បកប្រែដោយ Huyen Trang