លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
កប.អនឡាញ - នារសៀលថ្ងៃទី ៦ ខែមេសា តបតាមសំណើរបស់ភាគីម៉ាឡេស៊ី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងវាយតម្លៃចំពោះបញ្ហាតំបន់ និងអន្តរជាតិដែលកំពុងលេចចេញនាពេលថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជម្រាបជូនលោក Pham Minh Chinh នាយករដ្ឋមន្ត្រីថា ប្រទេសម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២៥ នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅថ្ងៃទី ១០ ខែមេសា ដើម្បីពិភាក្សា និងវាយតម្លៃអំពីស្ថានភាព និងវិធានការពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ានក្នុងបរិបទដែលសហរដ្ឋអាមេរិកប្រកាសអំពីគោលនយោបាយពន្ធគយថ្មី។
    |
 |
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការផ្លាស់ប្តូរជាមួយភាគីអាមេរិក រួមទាំងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Donald Trump ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី ៤ មេសា ដោយពិភាក្សាអំពីវិធានការលុបបំបាត់ឧបសគ្គ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឆ្ពោះទៅរកពាណិជ្ជកម្មដោយយុត្តិធម៌ និរន្តរភាព ដើម្បីផលប្រយោជន៍នៃភាគីទាំងអស់។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ម៉ាឡេស៊ី ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ហើយបានអះអាងថា វៀតណាមនឹងចាត់បញ្ជូនរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ទៅចូលរួមកិច្ចប្រជុំនេះ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចែករំលែកថា ម៉ាឡេស៊ី និងប្រទេសជាច្រើនក្នុងតំបន់ស្វាគមន៍ និងលើកសរសើរចំពោះកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Donald Trump ប្រធានាធិបតីអាមេរិក ព្រមទាំងសម្តែងនូវការឯកភាព និងគាំទ្រចំពោះវិធីសាស្រ្តរបស់វៀតណាមលើបញ្ហានេះ។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានពិភាក្សាជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីអំពីវិធានការមួយចំនួនរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសន្ទនា និងការផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាការផ្តល់ជំនួយសង្គ្រោះដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសនេះ៕
បកប្រែដោយ Huyen Trang