leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ទទួលជួប សម្តេចវិបុលសេនាភក្តី សាយ ឈុំ

នៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនបានអញ្ជើញចូលរួមពិធីសំណេះសំណាល រួមទាំងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្ដេចកត្តិសង្គហបណ្ឌិត មែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួម​ជាមួយសមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជន។

មានប្រសាសន៍ក្នុងជំនួបនេះ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ ជាទំនៀមទំលាប់ប្រពៃណីដ៏ល្អដែលត្រូវបានរក្សា និងអភិរក្ស ហើយ​ពោរពេញទៅដោយអត្តសញ្ញាណជាតិ។

លោកឯកអគ្គរដ្ឋទូតបានអបអរសាទរចំពោះសមិទ្ធិផលដែលប្រទេស និងប្រជាជនកម្ពុជា សម្រេចបាននាពេលថ្មីៗនេះ ហើយបានសម្តែងនូវបំណងចង់ឱ្យប្រជាជនកម្ពុជាបន្តទទួលបានសុខសន្តិភាព សុភមង្គល  ក្រោមការដឹកនាំរបស់គណបក្សប្រជាជន។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា រួមជាមួយនឹងភាពសប្បាយរីករាយជាមួយប្រជាជនកម្ពុជា ក្នុងខែនេះ ប្រទេស និងប្រជាជន​វៀត​ណាម​ក៏​កំពុងស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ គឺខួបលើកទី ៥០ នៃការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥) ដែលជាព្រឹត្តិការណ៍ដ៏រុងរឿងក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម ដែល​ជាមូលដ្ឋានដើម្បីប្រទេសវៀតណាមឯកភាព និងអភិវឌ្ឍន៍។

៥០ឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីជ័យជំនះជាប្រវត្តិសាស្ត្រនោះ វៀតណាមឥឡូវនេះកំពុងរៀបចំខ្លួនដើម្បីឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការរីកចម្រើន ការអភិវឌ្ឍ អរិយធម៌ និងវិបុលភាព។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសង្កត់ធ្ងន់ថា ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួម​ជាតិ ក៏ជាឱកាសដើម្បី​​វៀតណាម​បង្ហាញការដឹងគុណចំពោះជំនួយរបស់មិត្តអន្តរជាតិ រួមទាំងប្រជាជនកម្ពុជាផងដែរ។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានមានប្រសាសន៍ថា “ការគាំទ្រ ជំនួយ និងការលះបង់ដ៏ធំធេងរបស់ប្រជាជនកម្ពុជា ចំពោះការតស៊ូរំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសវៀតណាម គឺជាសក្ខីភាពនៃចំណងមិត្តភាព និងសាមគ្គីភាពវាងវៀតណាម និងកម្ពុជា និងជានិមិត្តរូបនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ”។

មានប្រសាសន៍ក្នុងពិធីនេះ តាងនាម គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សម្តេច សាយ ឈុំ បានវាយតំលៃខ្ពស់ចំពោះការដែលលោកឯកអគ្គរដ្ឋទូត Nguyen Minh Vu និងបុគ្គលិកនៃស្ថានទូតវៀតណាមបានរៀបចំពិធីសំណេះសំណាលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសវៀតណាម។

ក្នុងបរិយាកាសមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា សម្តេច សាយ ឈុំ បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោមទិស​ស្លោកថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង» ត្រូវបានពង្រឹង និងលើកកម្ពស់តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងគ្រប់លំដាប់ថ្នាក់។ សម្តេចក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ កម្ពុជា-វៀតណាម ក៏ដូចជាកិច្ចប្រជុំកំពូលរវាងគណបក្សទាំងបី កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុងហូជីមិញ។

សម្តេច សាយ ឈុំ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា តែងតែផ្តល់អាទិភាពចម្បងក្នុងការថែរក្សាប្រពៃណីមិត្តភាព និងជំនួយទៅវិញទៅមករវាងគណបក្សទាំងពីរ និងប្រទេសវៀតណាម និងកម្ពុជា ហើយតែងតែដឹងគុណចំពោះជំនួយរបស់វៀតណាម ជាពិសេសជំនួយដ៏មានតម្លៃរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានតស៊ូ និងពលីជីវិតក្នុងបុព្វហេតុរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេច សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងទំនុកចិត្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានដឹកនាំដោយលោក To Lam អគ្គលេខាបក្សនោះ វៀតណាមនឹងសម្រេចបានគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ក៏ដូចជាលើកកំពស់តួនាទីក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

បកប្រែដោយ Duy Hoan