ពាណិជ្ជកម្មវៀតណាម-អាមេរិក ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយសុខដុមរមនា និងនិរន្តរភាព
កប.អនឡាញ - ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងនាពេលកន្លងមក។ លក្ខណៈបំពេញបន្ថែមគ្នានៃខឿនសេដ្ឋកិច្ចទាំងពីរគឺជាលក្ខណៈសំខាន់ដែលជួយឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរអភិវឌ្ឍកាន់តែខ្លាំងឡើងតាមទិសដៅសុខដុមរមនា និងនិរន្តរភាព ធានានូវមូលដ្ឋានគ្រឹះសំខាន់ៗ និងរក្សាផលប្រយោជន៍នៃប្រទេសជាតិក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់បំផុត ព្រមទាំងមានបំណងចង់ជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាមេរិក រួមចំណែកលើកកម្ពស់ការយល់ដឹង និងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអាមេរិកនៅឆ្នាំ២០២៤ សម្រេចបានជិត ១៥០ ពាន់លានដុល្លារអាមេរិក កើនឡើង ២០.៤% បើធៀបនឹងឆ្នាំ២០២៣។ សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្មធំទីពីរ និងទីផ្សារនាំចេញធំជាងគេរបស់វៀតណាម។ ជាច្រើនឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកតែងតែជាដៃគូមួយក្នុងចំណោមដៃគូវិនិយោគធំបំផុតនៅវៀតណាមដោយមានគម្រោងកំំពុងដំំណើរការជាង ១,១៥០ ជាមួយមួយទុនវិនិយោគចុះបញ្ជីសរុបជាង ១០.៤ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមខឿនសេដ្ឋកិច្ចវិនិយោគនៅវៀតណាមទាំង ១៣៩។ សាជីវកម្មធំរបស់អាមេរិកភាគច្រើនកំពុងវិនិយោគប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកកំពុងក្លាយជាប្រទេសផ្ដល់គ្រឿងយន្ត ឧបករណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងផលិតផលថាមពលសម្រាប់វៀតណាម។ បច្ចុប្បន្ន វៀតណាមជាទីផ្សារនាំចេញផលិតផលកសិកម្មធំទី៩ របស់អាមេរិក។
សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិកនៅតែមានច្រើន ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ស្រាវជ្រាវ និងអភិវឌ្ឍន៍ អភិវឌ្ឍបន្ទះឈីប បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតនៃវត្ថុ (IoT) ថាមពលថ្មី ថាមពលកកើតឡើងវិញ... យោងតាមលោក Do Ngoc Hung ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ភាពខុសគ្នានៃកម្រិតអភិវឌ្ឍន៍ ក៏ដូចជារចនាសម្ព័ន្ធពាណិជ្ជកម្មបរទេសរវាងវៀតណាម និងសហរដ្ឋអាមេរិកមានលក្ខណៈបំពេញបន្ថែមគ្នា មិនមែនជាកត្តាប្រកួតប្រជែងផ្ទាល់នោះទេ។ ទំនិញវៀតណាមមិនប្រកួតប្រជែងដោយផ្ទាល់ជាមួយទំនិញអាមេរិកទេ ខណៈពេលដែលជួយអ្នកប្រើប្រាស់ទទួលបានទំនិញដែលមានគុណភាព និងតម្លៃសមរម្យ។ វៀតណាមសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផល និងគាំទ្រធុរកិច្ចនៃប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ជាពិសេសគម្រោងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។
រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយជាច្រើន ដើម្បីជំរុញប្រកបដោយសុខដុមរមនា និងនិរន្តរភាពនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាមេរិក។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានបង្កើតសេណារីយ៉ូនាំចេញទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ និងសហការជាមួយវិស័យផ្សេងៗដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបន្តអភិវឌ្ឍក្នុងបរិបទពាណិជ្ជកម្មពិភពលោកដែលមានភាពប្រែប្រួល ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន ធុរកិច្ចចាំបាច់ត្រូវផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឆ្ពោះទៅការធ្វើឲ្យមានសុខដុមរមនាផលប្រយោជន៍យូរអង្វែងសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh