សហព័ន្ធធុរកិច្ចស្វីសជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
កប.អនឡាញ - នាពេលថ្មីៗនេះ សហព័ន្ធធុរកិច្ចស្វីស (Economiesuisse) បានចេញផ្សាយអត្ថបទដែលវាយតម្លៃអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាមនាពេលខាងមុខ។
តាមរយៈការតភ្ជាប់របស់ Economiesuisse និងស្ថាប័នផ្សេងទៀត ក្រុមបេសកកម្មធុរកិច្ចស្វីស បានជួបជាមួយគណៈប្រតិភូរដ្ឋាភិបាលវៀតណាមដែលដឹកនាំដោយលោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីនៅទីក្រុង Zurich នៅថ្ងៃទី ២៩ ខែមករា។ កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងស្វីស និងវៀតណាម ព្រមទាំងបង្ហាញពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។
    |
 |
|
Economiesuisse វាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃសេដ្ឋកិច្ចវៀតណាម (រូបថត៖ vnanet.vn) |
ជាមួយនឹងទំហំពាណិជ្ជកម្មប្រហែល ២.៥ ពាន់លានហ្វ្រង់ បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់ប្រទេសស្វីសនៅក្នុងតំបន់អាស៊ាន។ ក្រុមហ៊ុនស្វីសជាង ១០០ កំពុងដំណើរការនៅក្នុងប្រទេសវៀតណាម និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសវៀតណាម។
ប្រទេសវៀតណាមកំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើងចំពោះក្រុមហ៊ុនស្វីស ដែលជាទីផ្សារអ្នកប្រើប្រាស់ដ៏ស្វាហាប់ និងជាទីតាំងធ្វើអាជីវកម្មយុទ្ធសាស្ត្រនៅអាស៊ី។ ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសវៀតណាម បានកត់ត្រាអត្រាកំណើនខ្ពស់ ជាមធ្យមជាង ៦% ហើយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃសកលក។
យោងតាម Economiesuisse បច្ចុប្បន្ន ប្រទេសស្វីស ជាប់ចំណាត់ថ្នាក់លេខ២២ ក្នុងចំណោមវិនិយោគិនផ្ទាល់ពីបរទេសនៅវៀតណាម។ សក្តានុពលសម្រាប់ការពង្រីកការវិនិយោគគឺធំធេងណាស់ ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) នៅទីក្រុងហូជីមិញ និង Da Nang ក៏បើកឱកាសដ៏គួរឲ្យទាក់ទាញសម្រាប់ក្រុមហ៊ុនស្វីសផងដែរ។
នៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាមនៅទីក្រុង Zurich តំណាងក្រុមហ៊ុនស្វីសដែលចូលរួមបានឆ្លៀតឱកាសនេះដើម្បីផ្តល់យោបល់អំពីកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ប្រធានបទសំខាន់នៃការពិភាក្សាគឺសក្តានុពលដែលមិនទាន់បានអនុវត្តនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធអាចជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន និងសង្គមប្រកបដោយចីរភាពនៅក្នុងប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh