ពិធីបើកសប្តាហ៍ផលិតផលថៃឆ្នាំ ២០២៦ នៅទីក្រុងហាណូយ
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២២ ខែមករា សប្តាហ៍ផលិតផលថៃឆ្នាំ ២០២៦ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ (I.C.E. ហាណូយ) លេខ ៩១ ផ្លូវ Tran Hung Dao ទីក្រុងហាណូយ។
សប្តាហ៍ផលិតផលថៃឆ្នាំ ២០២៦ ដែលរៀបចំដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) នៃក្រសួងពាណិជ្ជកម្ម រដ្ឋាភិបាលថៃ ការិយាល័យពាណិជ្ជកម្មនៃស្ថានទូតថៃប្រចាំទីក្រុងហាណូយ និងក្រុមហ៊ុន Vinexad នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៦។
ក្នុងពិធីបើក លោក To Ngoc Son អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបរទេស (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានឲ្យដឹងថា សប្តាហ៍ផលិតផលថៃឆ្នាំ ២០២៦ ត្រូវបានប្រារព្ធឡើងក្នុងឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២៦)។ លោក To Ngoc Son បានវាយតម្លៃថា សប្តាហ៍ផលិតផលថៃ ឆ្នាំ២០២៦ គឺជាសកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយ ដែលរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
    |
 |
|
ប្រតិភូចុចប៊ូតុងដើម្បីបើកសប្តាហ៍ផលិតផលថៃ ឆ្នាំ២០២៦ (រូបថត៖ baotintuc.vn) |
តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានសម្តែងទំនុកចិត្តថា ភាគីទាំងពីរនឹងបន្តជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម ដូចជាពិព័រណ៍ពាណិជ្ជកម្ម/ការតាំងពិព័រណ៍ គណៈប្រតិភូពាណិជ្ជកម្ម និងគណៈប្រតិភូទិញទំនិញនៅក្នុងប្រទេសនីមួយៗនាពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងថៃ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីជួយគាំទ្រធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការស្វែងរកឱកាសសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍទីផ្សារ និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
លោកស្រី Urawadee Sriphiromya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសថៃប្រចាំប្រទេសវៀតណាម បានចែករំលែកថា ប្រទេសថៃ និងវៀតណាម មានទំនាក់ទំនងជិតស្និទ្ធ និងរឹងមាំលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច។ បច្ចុប្បន្ន ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសវៀតណាមនៅក្នុងតំបន់អាស៊ាន ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ២២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។
លោកស្រី Urawadee Sriphiromya បានឲ្យដឹងថា នៅឆ្នាំ២០២៦នេះ ស្ថានទូតមានគម្រោងរៀបចំសកម្មភាពជាច្រើន ដើម្បីជម្រុញពាណិជ្ជកម្ម ការវិនិយោគ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសថៃ និងវៀតណាម ដោយមានគោលបំណងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីវិបុលភាពរួមរបស់ប្រជាជនថៃ និងប្រជាជនវៀតណាម។
សប្តាហ៍ផលិតផលថៃ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ធុរកិច្ចថៃ និងដៃគូវៀតណាមស្វែងរកឱកាសធ្វើអាជីវកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ការតាំងពិព័រណ៍នៅឆ្នាំនេះនឹងមានស្តង់ប្រមាណ ១២០ ដែលបង្ហាញផលិតផលថៃជាច្រើន៕
បកប្រែដោយ Thuy Anh