ទស្សនៈអន្តរជាតិអំពីសេដ្ឋកិច្ចវៀតណាម៖ សន្ទុះនៃឆ្នាំ ២០២៥ និងមូលដ្ឋានគ្រឹះសម្រាប់វដ្តថ្មី
កប.អនឡាញ - ទំហំនាំចូល និងនាំចេញសរុបរបស់វៀតណាមបានឈានដល់កម្រិត ៩០០ ពាន់លានដុល្លារជាលើកដំបូង។ នេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់សេដ្ឋកិច្ចក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។
ឆ្នាំ ២០២៥ ត្រូវបានចាត់ទុកថាជាឆ្នាំដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាម ទោះបីជាបរិយាកាសពាណិជ្ជកម្មពិភពលោកមានភាពប្រែប្រួល និងផលប៉ះពាល់យូរអង្វែងនៃភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ តួលេខស្ថិតិផ្លូវការបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៥ កើនឡើងជាង ៨% ពោលគឺខ្ពស់ជាងការរំពឹងទុកជាបឋមយ៉ាងច្រើន ដែលនាំឱ្យប្រទេសវៀតណាមស្ថិតក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ និងជាសេដ្ឋកិច្ចដ៏ស្វាហាប់បំផុតមួយក្នុងឆ្នាំកន្លងមក។
រាល់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអង្គការសេដ្ឋកិច្ចធំៗបានផ្តល់ការវាយតម្លៃវិជ្ជមានអំពីរូបភាពកំណើននេះ ខណៈពេលដែលក៏បានកត់សម្គាល់ពីឧបសគ្គ និងហានិភ័យដែលអាចប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចនៅឆ្នាំ ២០២៦។ លោក Shantanu Chakraborty នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសវៀតណាម ជឿជាក់ថា អត្រាកំណើនលើសពី ៨% គឺជាភស្តុតាងនៃការរួមបញ្ចូលគ្នាប្រកបដោយប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងកែទម្រង់ស្ថាប័នក្នុងស្រុក និងសមត្ថភាពក្នុងការទាញយកអត្ថប្រយោជន៍ពីឱកាសពីការផ្លាស់ប្តូរនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
យោងតាមលោក រដ្ឋាភិបាលវៀតណាមបានបង្ហាញពីសមត្ថភាពគ្រប់គ្រងដ៏ស៊ីសង្វាក់គ្នា ចាប់ពីការបង្កើនល្បឿននៃការចំណាយលើការវិនិយោគសាធារណៈ រហូតដល់ការកែលម្អក្របខ័ណ្ឌច្បាប់បន្តិចម្តងៗ ដើម្បីបង្កើតកន្លែងសម្រាប់ការអភិវឌ្ឍវិស័យឯកជន និងសេដ្ឋកិច្ចឌីជីថល។ មានទស្សនៈដូចគ្នានេះដែរ អ្នកជំនាញ Suan Teck Kin នាយកផ្នែកទីផ្សារសកល និងការស្រាវជ្រាវសេដ្ឋកិច្ចនៅធនាគារ UOB បានកត់សម្គាល់ថា ប្រទេសវៀតណាមបច្ចុប្បន្នគឺជា "ក្បាលម៉ាស៊ីនកំណើន" មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
    |
 |
|
រូបភាពជាឧទាហរណ៍ (រូបថត៖ baotintuc.vn) |
ការវិភាគរបស់ UOB បង្ហាញថា ផលិតកម្មឧស្សាហកម្មនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ដោយជួយវៀតណាមពង្រឹងកិត្យានុភាពរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល។ លើសពីនេះ ការងើបឡើងវិញយ៉ាងច្បាស់លាស់នៃការប្រើប្រាស់ក្នុងស្រុក និងកំណើនដ៏រឹងមាំនៃវិស័យទេសចរណ៍នៅឆ្នាំ ២០២៥ ក៏នឹងផ្តល់នូវការគាំទ្រដ៏សំខាន់សម្រាប់តម្រូវការសរុប រួមជាមួយនឹងតួនាទីឈានមុខគេនៃការវិនិយោគសាធារណៈ។ ចំណុចលេចធ្លោគួរឱ្យកត់សម្គាល់មួយទៀតនៅឆ្នាំ ២០២៥ គឺភាពធន់នៃការនាំចេញរបស់វៀតណាមចំពោះការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
ទំហំចំណូលនាំចូល និងនាំចេញសរុបរបស់វៀតណាមបានឈានដល់កម្រិត ៩០០ ពាន់លានដុល្លារជាលើកដំបូង។ នេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលជាចំណុចសំខាន់មួយសម្រាប់សេដ្ឋកិច្ចក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ។ អ្នកសង្កេតការណ៍អន្តរជាតិពិពណ៌នារឿងនេះថាជា "សន្ទុះក្នុងសភាពការណ៍លំបាក" ដែលឆ្លុះបញ្ចាំងពីការកែលម្អគួរឱ្យកត់សម្គាល់នៃការប្រកួតប្រជែងនៃទំនិញវៀតណាម។ របាយការណ៍តាមមាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានប្រកាសនៅចុងឆ្នាំ ២០២៥ បានកត់សម្គាល់ថា កំណើនរបស់ប្រទេសវៀតណាមកាលពីឆ្នាំមុនត្រូវបានគាំទ្រដោយផ្នែកដោយអាជីវកម្មដែលជំរុញការនាំចេញមុនពេលវិធានការពន្ធថ្មីចូលជាធរមាន។
ដូច្នេះ ផលប៉ះពាល់ពេញលេញនៃនិន្នាការការពារពាណិជ្ជកម្មទំនងជាកាន់តែច្បាស់នៅឆ្នាំ ២០២៦ ដែលបង្កើតឧបសគ្គជាក់លាក់សម្រាប់កំណើន។ បញ្ចប់ឆ្នាំ ២០២៥ សេដ្ឋកិច្ចវៀតណាមបានលេចចេញជាចំណុចភ្លឺស្វាងដ៏កម្រមួយរបស់តំបន់នេះ ក្នុងចំណោមភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ ការវាយតម្លៃវិជ្ជមានពីអង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុធំៗ មិនត្រឹមតែឆ្លុះបញ្ចាំងពីកំណើនដ៏គួរឱ្យចាប់អារម្មណ៍ដែលសម្រេចបាននោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងពីអន្តរជាតិលើសមត្ថភាពអភិបាលកិច្ច និងមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។
ដោយសម្លឹងមើលទៅឆ្នាំ ២០២៦ ទស្សនវិស័យកំណើនត្រូវបានគេព្យាករថានឹងប្រឈមមុខនឹងភាពមិនប្រាកដប្រជាខាងក្រៅជាច្រើន ប៉ុន្តែអ្នកជំនាញជឿជាក់ថា លំហគោលនយោបាយ និងកំណែទម្រង់ដែលកំពុងបន្តអាចជួយវៀតណាមរក្សាសន្ទុះកំណើនវិជ្ជមាន។ នៅក្នុងសន្និសីទ ដោយសង្ខេបការងារលើហិរញ្ញវត្ថុ ថវិកា ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២៥ និងគូសបញ្ជាក់ពីភារកិច្ចសម្រាប់ឆ្នាំ ២០២៦ នៃវិស័យហិរញ្ញវត្ថុ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញថា ឆ្នាំ ២០២៦ គឺជាឆ្នាំដ៏សំខាន់បំផុត ជាឆ្នាំដំបូងនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ២០២៦-២០៣០ និងសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី ១៤ របស់បក្ស។
ដើម្បីសម្រេចបាននូវគោលដៅនៃការខិតខំដើម្បីកំណើនពីរខ្ទង់ និងការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ស្របតាមសេចក្តីសម្រេចរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល នាយករដ្ឋមន្ត្រីបានដឹកនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្នែក និងមូលដ្ឋានទាំងអស់ ឱ្យអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្សយ៉ាងហ្មត់ចត់ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ អនុវត្តយ៉ាងម៉ឺងម៉ាត់ ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនូវគោលដៅនៃការលើកកម្ពស់កំណើនខណៈពេលដែលរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ និងអនុវត្តភារកិច្ចទាក់ទងនឹងការអភិវឌ្ឍវប្បធម៌ សង្គម បរិស្ថាន ការពារជាតិ សន្តិសុខ និងការបរទេសដោយជោគជ័យ។
យោងតាមអង្គការអន្តរជាតិ ការបន្តពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការលើកស្ទួយគុណភាពនៃកំណើន និងការប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវកំណែទម្រង់ជាមូលដ្ឋាន នឹងក្លាយជាកត្តាសំខាន់ៗសម្រាប់វៀតណាមក្នុងការផ្លាស់ប្តូរ ការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមទៅជាលទ្ធផលជាក់ស្តែង ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់វដ្តអភិវឌ្ឍន៍ប្រកបដោយចីរភាពបន្ថែមទៀតនៅក្នុងរយៈពេលខាងមុខ៕
បកប្រែដោយ Minh Trung