នាពេលថ្មីៗនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអនុម័តលើផែនការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល (VIFTA) ដែលកំពុងបើកយថាទស្សន៍វិជ្ជមាន សម្រាប់ការនាំចេញទំនិញរបស់វៀតណាមទៅកាន់អ៊ីស្រាអែលនៅឆ្នាំ ២០២៦ ខណៈដែលកិច្ចសន្យានៃកិច្ចព្រមព្រៀងនេះចូលដល់ដំណាក់កាលនៃការអនុវត្តស៊ីជម្រៅ និងការផ្សព្វផ្សាយច្បាស់លាស់។

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅទីក្រុង Tel Aviv អ៊ីស្រាអែលគឺជាខឿនសេដ្ឋកិច្ចដែលមានប្រជាជនប្រហែល ១០.២ លាននាក់ ប៉ុន្តែប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ស្ថិតក្នុងចំណោមប្រទេសខ្ពស់បំផុតនៅលើពិភពលោក។ ដោយសារតែជម្លោះអូសបន្លាយ និងសមត្ថភាពផលិតកម្មក្នុងស្រុកមានកម្រិត តម្រូវការនាំចូលទំនិញរបស់អ៊ីស្រាអែលនៅតែនៅកម្រិតខ្ពស់។

leftcenterrightdel
គំរូដាំដុឪឡឹកដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ីស្រាអែលផ្តល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ (រូបថត៖ vnanet.vn)

ទីផ្សារនេះកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះផលិតផលដែលជាប្រៀបខ្លាំងរបស់វៀតណាម ដូចជាជលផល វាយនភណ្ឌ ស្បែកជើង ផលិតផលឈើ កសិផលត្រូពិច និងអាហារកែច្នៃ - ផលិតផលដែលសមស្របទៅនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់នៃសង្គមដែលមានស្តង់ដាររស់នៅខ្ពស់ និងស្តង់ដាតឹងរ៉ឹង។

បន្ទាប់ពីជាងមួយឆ្នាំចាប់តាំងពី VIFTA ចូលជាធរមាន (ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤) ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអ៊ីស្រាអែលបានកត់ត្រាកំណើនគួរឱ្យចាប់អារម្មណ៍។ យោងតាមទិន្នន័យពីស្ថាប័នមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ៣.៧ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមទៅកាន់អ៊ីស្រាអែលសម្រេចបានជិត ៩០០ លានដុល្លារអាមេរិក ដែលកើនឡើងជាង ១០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ឆ្នាំ២០២៦ នៅពេលដែលដំណើរការកាត់បន្ថយពន្ធគយបន្តត្រូវបានពង្រីក ជាពិសេសសម្រាប់ក្រុមផលិតផលនាំចេញសំខាន់ៗរបស់វៀតណាម។

អត្ថប្រយោជន៍ធំបំផុតដែល VIFTA នាំមកគឺការលុបបំបាត់ភ្លាមៗ ឬការកាត់បន្ថយពន្ធគយយ៉ាងច្រើនតាមកាលវិភាគ ដែលធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវការប្រកួតប្រជែងតម្លៃនៃទំនិញវៀតណាម។ លើសពីនេះ បទប្បញ្ញត្តិដែលមានតម្លាភាពជាងមុនលើប្រភពដើម នីតិវិធីគយ និងការការពារពាណិជ្ជកម្មកំពុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មរបស់ភាគីទាំងពីរក្នុងការបង្កើត និងរក្សាទំនាក់ទំនងសហប្រតិបត្តិការរយៈពេលវែង។

ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលនៅតែត្រូវបានចាត់ទុកថាជាទីផ្សារ "ដែលមានភាពតឹងតែង" ជាមួយនឹងស្តង់ដារបច្ចេកទេស សុវត្ថិភាពម្ហូបអាហារ ចត្តាឡីស័ក និងការបញ្ជាក់ប្រភពដើមដែលស្រដៀងនឹងស្តង់ដាររបស់សហភាពអឺរ៉ុប និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។

សម្រាប់ផលិតផលម្ហូបអាហារ និងកសិផល វិញ្ញាបនបត្រ Kosher និង Halal គឺមានសារៈសំខាន់សម្រាប់ទំនិញជ្រៀតចូលទៅក្នុងប្រព័ន្ធចែកចាយ។ តាមពិតទៅ អង្គភាពអាជីវកម្មវៀតណាមដែលវិនិយោគលើគុណភាព ស្តង់ដារ និងការវេចខ្ចប់មានអត្ថប្រយោជន៍ច្បាស់លាស់នៅពេលទាក់ទងអ្នកនាំចូលអ៊ីស្រាអែល។

លោក Le Thai Hoa ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ីស្រាអែល បានមានប្រសាសន៍ថា ការលើកកម្ពស់គុណភាពជាបន្តបន្ទាប់ និងការបំពេញតាមស្តង់ដារខ្ពស់នៃទីផ្សារអ៊ីស្រាអែលនឹងក្លាយជាកត្តាសំខាន់ក្នុងការជួយអង្គភាពអាជីវកម្មវៀតណាមរក្សាកំណើននាំចេញក្នុងរយៈពេលខាងមុខ។

លោក Yaron Mayer ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម ចាត់ទុកថា ដំណើរការកាត់បន្ថយពន្ធយ៉ាងស៊ីជម្រៅ និងគោលការណ៍ "ទំនិញបំពេញតាមស្តង់ដារអឺរ៉ុបនឹងត្រូវបានទទួលយកនៅអ៊ីស្រាអែល" កំពុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញនាំចេញសំខាន់ៗរបស់វៀតណាម ដើម្បីជ្រៀតចូលទីផ្សារនេះកាន់តែស៊ីជម្រៅ ព្រមទាំងពង្រីកការចូលទៅកាន់ទីផ្សារលំដាប់ខ្ពស់ផ្សេងទៀត។

ក្រៅពីពាណិជ្ជកម្មទំនិញ ការអនុវត្តផែនការអនុវត្ត VIFTA ក៏បើកឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបច្ចេកវិទ្យាផងដែរ។ អ៊ីស្រាអែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលនវានុវត្តន៍ឈានមុខគេលើពិភពលោក ក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាម្ហូបអាហារ ការគ្រប់គ្រងទឹក ឧបករណ៍វេជ្ជសាស្ត្រ និងសន្តិសុខតាមអ៊ីនធឺណិត។ ការចូលរួមកាន់តែស៊ីជម្រៅរបស់អង្គភាពអាជីវកម្មវៀតណាមនៅក្នុងខ្សែសង្វាក់តម្លៃជាមួយដៃគូអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងរួមចំណែកដល់ការបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងនៃទំនិញនាំចេញ។

ជាពិសេស ជើងហោះហើរត្រង់លើកដំបូងរវាងវៀតណាម និងអ៊ីស្រាអែល ដែលតភ្ជាប់ទីក្រុង Tel Aviv និងទីក្រុងហាណូយ ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ផ្លូវហោះហើរនេះនឹងមិនត្រឹមតែជំរុញទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការអប់រំប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញដែលមានតម្លៃខ្ពស់យ៉ាងឆាប់រហ័ស ដូចជាកសិផលស្រស់ៗ ជលផល និងផលិតផលបច្ចេកវិទ្យា។

នៅក្នុងបរិបទវៀតណាមបង្កើនការជំរុញពាណិជ្ជកម្ម និងគាំទ្រដល់អង្គភាពអាជីវកម្ម ក្នុងការទាញយកផលប្រយោជន៍ពី FTA ជំនាន់ថ្មីប្រកបដោយប្រសិទ្ធភាព ឆ្នាំ២០២៦ ត្រូវបានចាត់ទុកថាជាពេលវេលាដ៏សំខាន់សម្រាប់ទំនិញវៀតណាមពង្រឹង និងពង្រីកកិត្យានុភាពរបស់ខ្លួននៅក្នុងទីផ្សារអ៊ីស្រាអែល។

ជាមួយនឹងសន្ទុះកំណើនបច្ចុប្បន្ន និងការរួមដំណើរពីគោលនយោបាយរបស់រដ្ឋាភិបាល អ៊ីស្រាអែលកំពុងក្លាយជាទីផ្សារនាំចេញដ៏មានសក្តានុពល និងមានស្ថិរភាពមួយរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា-មេឌីទែរ៉ាណេបន្តិចម្តងៗ៕

បកប្រែដោយ Huyen Trang