វៀតណាមពិគ្រោះយោបល់លើបទពិសោធន៍អន្តរជាតិក្នុងការចូលរួមអនុសញ្ញា ICPPED
កប.អនឡាញ - នៅថ្ងៃទី ៦ ខែមករា នៅខេត្ដ Quang Ninh (វៀតណាម) បានប្រព្រឹត្ដទៅសិក្ខាសាលាស្ដីពីការឧទ្ទេសនាមអនុសញ្ញាអន្តរជាតិសម្រាប់ការការពារមនុស្សទាំងអស់ពីការបាត់ខ្លួនដោយបង្ខំ (ICPPED) ដែលរៀបចំដោយក្រសួងនគរបាលវៀតណាមសហការជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។
សិក្ខាសាលានេះមានការចូលរួមពីតំណាងមកពីក្រសួង ទីភ្នាក់ងារ ស្ថាប័នយុត្ដិធម៌ និងគ្រឹះស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវរបស់វៀតណាម។
ភាគីអន្ដរជាតិមានការចូលរួមពីលោកស្រី Federica Dispenza ជំនួយការនៃប្រធានតំណាង UNDP ប្រចាំវៀតណាម អ្នកជំនាញអន្តរជាតិមកពីអង្គការសហប្រជាជាតិ (UN) និងប្រទេសមួយចំនួនដែលបានផ្តល់សច្ចាប័នលើអនុសញ្ញា ICPPED។
    |
 |
|
លោកស្រី Federica Dispenza ជំនួយការនៃប្រធានតំណាង UNDP ប្រចាំវៀតណាមថ្លែងក្នុងសិក្ខាសាលា |
សិក្ខាសាលានេះក្នុងគោលបំណងឧទ្ទេសនាមអំពីខ្លឹមសារនៃអនុសញ្ញា ICPPED ដោយមានការគាំទ្រ និងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញអន្តរជាតិ និងតំណាងមកពីប្រទេសមួយចំនួនដែលចូលរួមអនុសញ្ញា (ន័រវែស ស្វីស)។ តាមរយៈការពិភាក្សានៅក្នុងសិក្ខាសាលា អ្នកជំនាញនឹងចែករំលែកចំណេះដឹង ជំនាញ និងស្ថានភាពនៃការអនុវត្តអនុសញ្ញានៅក្នុងប្រទេសផ្សេងៗ។
ចំពោះវៀតណាម ការសិក្សាស្រាវជ្រាវលើលទ្ធភាពចូលរួមអនុសញ្ញា ICPPED គឺមានអត្ថន័យយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពជាច្រើន រួមទាំងនយោបាយ គោលនយោបាយការបរទេស ច្បាប់និងសង្គម។ អាស្រ័យហេតុនេះបង្ហាញពីឆន្ទៈរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្ដសន្យាអន្តរជាតិ រួមទាំងយន្តការត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ផងដែរ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងធានានូវសិទ្ធិមនុស្ស ដោយហេតុនេះ រួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
សិក្ខាសាលានេះគឺជាឱកាសមួយសម្រាប់វៀតណាមយល់កាន់តែច្បាស់នូរាល់បញ្ហាច្បាប់ដែលពាក់ព័ន្ធ ដោយរួមចំណែកដល់ការយល់ដឹងកាន់តែទូលំទូលាយ និងស៊ីជម្រៅអំពីអនុសញ្ញា ឱកាសនិងបញ្ហាប្រឈម ជាពិសេសកាតព្វកិច្ចរបស់ប្រទេសជាសមាជិក ក៏ដូចជាយន្តការនីតិវិធី និងរបាយការណ៍តាមអនុសញ្ញា។
    |
 |
|
ប្រតិភូទាំងឡាយថតរូបជុំគ្នា |
កិច្ចពិភាក្សានៅក្នុងសិក្ខាសាលាបានឯកភាពគ្នាជាឯកច្ឆ័ន្ទថា ការចូលរួមអនុសញ្ញាត្រូវមានផែនទីបង្ហាញផ្លូវសមស្រប ដែលផ្សារភ្ជាប់ទៅនឹងការកែលម្អច្បាប់ លើកកម្ពស់សមត្ថភាពច្បាប់ និងធានាធនធានសម្រាប់ការអនុវត្ត។ ប្រសិនបើចូលរួមអនុសញ្ញា ICPPED វៀតណាមមិនត្រឹមតែពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌច្បាប់សម្រាប់ការការពារសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ បង្កើនតម្លាភាព ការទទួលខុសត្រូវ និងទំនុកចិត្តពីប្រជាជនសម្រាប់ស្ថាប័នរបស់រដ្ឋ...
អនុសញ្ញា ICPPED គឺជាអនុសញ្ញាដ៏សំខាន់មួយដែលមានតម្លៃផ្នែកច្បាប់យ៉ាងខ្លាំងក្នុងការទប់ស្កាត់ការបាត់ខ្លួនដោយបង្ខំ និងការពារមនុស្សគ្រប់រូបពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះ។
មតិយោបល់ ការពិភាក្សានិងចំណេះដឹងដែលទទួលយកបាននៅក្នុងសិក្ខាសាលានេះគឺមានអត្ថន័យយ៉ាងសំខាន់ដែលជាប្រភពព័ត៌មាន និងឯកសារយោងដ៏មានតម្លៃ ជួយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបន្តស្រាវជ្រាវ ផ្តល់យោបល់ លើកទិសដៅនិងផែនទីបង្ហាញផ្លូវសមស្របក្នុងដំណើរការសិក្សាស្រាវជ្រាវ និងពិចារណាលើលទ្ធភាពចូលរួមអនុសញ្ញា ICPPED របស់វៀតណាមនាពេលខាងមុខ៕
បកប្រែដោយ Pham Diep