សម័យប្រជុំនេះ ដែលដឹកនាំដោយបណ្តាឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសគុយវ៉ែត និងប្រទេសហូឡង់ ប្រចាំអង្គការសហប្រជាជាតិ ដោយមានការចូលរួមពីប្រទេសជាសមាជិកជាច្រើន ដែលជាសកម្មភាពចាប់ផ្តើមការពិភាក្សាជាបន្តបន្ទាប់នៅឆ្នាំនេះ ស្តីពីការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជាបញ្ហាកំណែទម្រង់ដ៏សំខាន់ ស្មុគស្មាញ និងដំណើរការយូរបំផុតរបស់អង្គការពហុភាគីធំបំផុតរបស់ពិភពលោក។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាច្រើន និងក្រុមប្រទេសនានាបានសង្កត់ធ្ងន់លើតម្រូវការក្នុងការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លុះបញ្ចាំងកាន់តែពេញលេញនូវស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រនយោបាយនាបច្ចុប្បន្ន ខណៈពេលដែលផ្លាស់ប្តូរមតិលើវិសាលភាព ការពង្រីកសមាជិក វិធីសាស្រ្តធ្វើការ អំណាចវេតូ ក៏ដូចជាផែនទីបង្ហាញផ្លូវ និងវិធីសាស្រ្តចរចា។

leftcenterrightdel
លោក Nguyen Hoang Nguyen អគ្គទីប្រឹក្សា (រូបថត៖ vnanet.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguen Hoan Nguyen អគ្គទីប្រឹក្សា ភារធារីស្តីទីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយបានសង្កត់ធ្ងន់ថា ការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខគឺជាតម្រូវការបន្ទាន់មួយដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ តំណាង តម្លាភាព និងប្រសិទ្ធភាពរបស់ស្ថាប័ននេះ។ វៀតណាមបន្តគាំទ្រការពង្រីកសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ ដោយផ្អែកលើការធានាការតំណាងដោយសមធម៌អំពីភូមិសាស្ត្រ ពង្រឹងសំឡេង និងការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

ទាក់ទងនឹងវិធីសាស្រ្តធ្វើការ វៀតណាមសង្កត់ធ្ងន់លើតម្រូវការក្នុងការកែលម្អតម្លាភាព បរិយាប័ន្ន និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសន្តិសុខ រួមទាំងការពង្រឹងការផ្លាស់ប្តូរជាក់ស្តែងរវាងក្រុមប្រឹក្សា និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងការកែលម្អគុណភាពនៃទំនាក់ទំនងរវាងក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត។ ប្រទេសជាសមាជិកអចិន្ត្រៃយ៍គួរតែកំណត់ ឬប្រើប្រាស់អំណាចវេតូរបស់ខ្លួនដោយប្រុងប្រយ័ត ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទាក់ទងនឹងដំណើរការ IGN វៀតណាមសង្ឃឹមថា ការពិភាក្សានានានៅឆ្នាំ ២០២៦ នឹងមានគោលបំណងកាត់បន្ថយភាពខុសគ្នាលើគំរូកំណែទម្រង់ទាំងមូល ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការចរចាដ៏សំខាន់នាពេលអនាគត។ វៀតណាមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តចូលរួមក្នុងដំណើរការ IGN ក្នុងស្មារតីស្ថាបនា សុច្ឆន្ទៈ និងការទទួលខុសត្រូវ ដោយត្រៀមខ្លួនរួចជាស្រេចរួមចំណែកវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជម្រុញការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខសម្រេចបានលទ្ធផលជាក់ស្តែង បំពេញតាមតម្រូវការនៃស្ថានភាពថ្មី និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់៕

បកប្រែដោយ Duy Hoan