មិត្តភក្តិគុយបាជឿជាក់លើសមត្ថភាពរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការដឹកនាំប្រទេសសម្រេចបានគោលដៅយុទ្ធសាស្ត្រជាតិប្រកបដោយជោគជ័យ
កប.អនឡាញ - មិត្តភក្តិគុយបាជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងបន្តដឹកនាំប្រទេសសម្រេចបានគោលដៅយុទ្ធសាស្ត្រប្រកបដោយជោគជ័យក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។
មិត្តភក្តិគុយបាជាច្រើនដែលធ្លាប់ធ្វើការនៅវៀតណាមកំពុងតាមដានមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងហាណូយយ៉ាងយកចិត្តទុកដាក់ និងជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងបន្តដឹកនាំប្រទេសសម្រេចបានគោលដៅយុទ្ធសាស្ត្រប្រកបដោយជោគជ័យក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ។
ក្នុងវ័យ ៨៨ ឆ្នាំ អ្នកកាសែត Ezequiel Hernandez Gomez អតីតអគ្គនិពន្ធនាយកនៃកាសែត “iahora!” ក្នុងទីក្រុង Holguin នៅភាគខាងកើតនៃប្រទេសគុយបា មិនបានខកខានព័ត៌មានណាមួយអំពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
អ្នកកាសែត Ezequiel Hernandez Gomez ដែលធ្លាប់ធ្វើការនៅប្រទេសវៀតណាមក្នុងអំឡុងឆ្នាំ ១៩៧៤-១៩៧៥ ខណៈដែលវៀតណាមបង្រួបបង្រួមប្រទេស និងកសាងឡើងវិញ ជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម នឹងបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសវៀតណាម។
អ្នកកាសែត Ezequiel Hernandez Gomez បានបញ្ជាក់ថា៖ “លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានសង្កត់ធ្ងន់ថា៖ «យុគសម័យថ្មីមានគោលបំណងកសាងប្រទេសវៀតណាមសង្គមនិយមដ៏ខ្លាំងមាំមួន និងវិបុលភាព ដែលមានសមត្ថភាពជំនះពុះពារបញ្ហាប្រឈមសកលក្រោមការដឹកនាំរបស់បក្ស និងសាមគ្គីភាពរបស់ប្រជាជន»។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះសេចក្តីប្រកាសរបស់លោក To Lam អគ្គលេខាបក្ស ហើយយល់ស្របថា វៀតណាមកំពុងដើរលើមាគ៌ាត្រូវឆ្ពោះទៅរកការអភិវឌ្ឍ ហើយនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចល្អបំផុតនៅលើពិភពលោក សូម្បីតែប្រឈមមុខនឹងបញ្ហាប្រឈមសកលបច្ចុប្បន្នក៏ដោយ»។
អ្នកកាសែត Charly Morales Valido អតីតប្រធានការិយាល័យនៃទីភ្នាក់ងារព័ត៌មាន Prensa Latina របស់គុយបាប្រចាំនៅវៀតណាម បានចែករំលែកថា៖ «ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីលទ្ធផលនៃមហាសន្និបាតនេះ និងការសម្រេចចិត្តដែលបក្សកុម្មុយនិស្តវៀតណាមបានលើកឡើង ដើម្បីឱ្យវៀតណាមអាចឈានចូលក្នុងដំណាក់កាលនៃការរីកចម្រើនយ៉ាងពេញលេញ ហើយក្លាយជាប្រទេសអភិវឌ្ឍន៍ ប្រទេសឧស្សាហកម្មស្គាល់ជាគំរូនៃពហុភាគីនិយម ការគោរព ការធ្វើសមាហរណកម្ម និងការបង្កើតបណ្តាសម្ព័ន្ធភាពយុទ្ធសាស្ត្រ។ ហើយលើសពីនេះទៅទៀត ប្រទេសវៀតណាមបន្តជាគំរូនៃការតាំងចិត្តក្នុងការតស៊ូ និងភាពច្នៃប្រឌិត ដែលយើងខ្ញុំតែងតែកោតសរសើរអស់រយៈពេលជាច្រើនឆ្នាំ ហើយនឹងបន្តកោតសរសើរក្នុងរយៈពេលយូរខាងមុខ»៕
បកប្រែដោយ Huyen Trang