សិក្ខាសាលាស្តីពីការតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងតំបន់អាមេរិកខាងត្បូង
កប.អនឡាញ - នាព្រឹកថ្ងៃទី២២ ខែមេសា នៅទីក្រុងហូជីមិញ មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) សហការជាមួយទីភ្នាក់ងារជំរុញការនាំចេញឈីលី (ProChile) បានរៀបចំសិក្ខាសាលា “ជំរុញពាណិជ្ជកម្ម និងវិនិយោគនៅទីផ្សារឈីលី និងតំបន់អាមេរិកខាងត្បូង”។
មានប្រសាសន៍ក្នុងពិធីបើក លោកស្រី Ho Thi Quyen នាយិការង ITPC បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលប្រទេសនានានៅលើពិភពលោកកំពុងធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ និងទូលំទូលាយ ការជំរុញការតភ្ជាប់ទីផ្សារ និងការបង្កើតទំនាក់ទំនងជាមួយដៃគូ គឺជាភារកិច្ចយុទ្ធសាស្ត្រដែលរួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ ប្រទេសឈីលីជាគោលដៅវិនិយោគដ៏ទាក់ទាញ ដោយសារមានបរិយាកាសអាជីវកម្មប្រកបដោយតម្លាភាព គោលនយោបាយមានស្ថិរភាព និងជាទ្វារសំខាន់សម្រាប់ធុរកិច្ចវៀតណាមឈានចូលទីផ្សារតំបន់អាមេរិកខាងត្បូង។
    |
 |
លោកស្រី Ho Thi Quyen មានប្រសាសន៍នៅសិក្ខាសាលា |
មានប្រសាសន៍ក្នុងសិក្ខាសាលា លោក Pablo Arancibia Salazar តំណាងពាណិជ្ជកម្មនៃ ProChile បានវាយតំលៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ វៀតណាមក្នុងយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ លោកបានឲ្យដឹងថា ប្រទេសឈីលីត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ធុរកិច្ចវៀតណាមតាមរយៈយន្តការជំរុញការវិនិយោគ ជាពិសេសលើវិស័យជលផល ថាមពលកកើតឡើងវិញ និងកែច្នៃឈើ។ល។
សិក្ខាសាលាបានផ្តោតសំខាន់លើការផ្តល់ព័ត៌មានជាក់ស្តែងអំពីសក្តានុភាពនៃទីផ្សារតំបន់អាមេរិកខាងត្បូង។ តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនាំចូល និងនាំចេញ ការវិនិយោគថាមពល ការជីកយករ៉ែ បច្ចេកវិទ្យាខ្ពស់ និងកសិកម្មឆ្លាតវៃ។
សិក្ខាសាលានេះ គឺជាសកម្មភាពជាក់ស្តែង រួមចំណែកអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ម្ចាស់ការ និងធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស និងរដ្ឋវៀតណាម ព្រមទាំងជាជំហានសំខាន់ក្នុងដំណើរការជួយធុរកិច្ចវៀតណាមទៅកាន់ទីផ្សារអាមេរិកឡាទីនដ៏ធំ និងមានសក្តានុពល៕
បកប្រែដោយ Thuy Anh