វៀតណាមចូលរួមជាលើកដំបូងក្នុងពិព័រណ៍ពាណិជ្ជកម្មកាហ្វេនៅប្រទេសឈីលី
កប.អនឡាញ - នាថ្ងៃទី ១៩ និងថ្ងៃទី២០ ខែកក្កដា (ម៉ោងក្នុងតំបន់) ស្ថានទូតវៀតណាមប្រចាំនៅឈីលី បានចូលរួមពិព័រណ៍ពាណិជ្ជកម្ម ExpoCafé ឆ្នាំ២០២៥ ដែលប្រារព្ធឡើងនៅតំបន់តាំងពិព័រណ៍ Espacio Riesco ក្នុងទីក្រុង Santiago។
នេះជាលើកដំបូងហើយដែលកាហ្វេវៀតណាមមានវត្តមាននៅក្នុងពិព័រណ៍ពាណិជ្ជកម្មកាហ្វេដ៏ធំបំផុតនៅក្នុងប្រទេសឈីលី និងតំបន់អាមេរិកខាងត្បូង។
នៅឯស្តង់វៀតណាម ផលិតផលកាហ្វេជាច្រើនប្រភេទត្រូវបានបង្ហាញ។ ក្នុងនោះ កាហ្វេ robusta ដែលត្រូវបានដាំដុះជាចម្បងនៅតំបន់ខ្ពង់រាបកណ្តាល គឺជាផលិតផលមានប្រៀបខ្លាំងរបស់វៀតណាម។
    |
 |
ស្ថានទូតវៀតណាមប្រចាំប្រទេសឈីលី ចូលរួមក្នុងពិព័រណ៍ ExpoCafé 2025 នៅទីក្រុង Santiago (រូបថត៖ vnanet.vn) |
បច្ចុប្បន្ន វៀតណាមជាប្រទេសផលិតកាហ្វេធំជាងគេទី ២ លើពិភពលោក ដោយទទួលបានទិន្នផលប្រហែល ២ លានតោនក្នុងមួយឆ្នាំ ស្មើនឹង ១៥-១៨% នៃទិន្នផលសរុបលើទូទាំងពិភពលោក។ ផលិតផលកាហ្វេវៀតណាមត្រូវបាននាំចេញទៅប្រទេសជាង ៨០ រួមទាំងទីផ្សារសំខាន់ៗដូចជា អឺរ៉ុប អាមេរិក ជប៉ុន រុស្ស៊ី ចក្រភពអង់គ្លេស និងកាណាដា។
យោងតាមលោកស្រី Ngo Thu Huong ទីប្រឹក្សាពាណិជ្ជកម្មរបស់វៀតណាមប្រចាំប្រទេសឈីលី វត្តមានរបស់កាហ្វេវៀតណាមនៅក្នុងប្រទេសឈីលីនិយាយដោយឡែក និងតំបន់អាមេរិកឡាទីននិយាយរួមនៅតែមានកម្រិតតិចតួចនៅឡើយ។ លោកស្រីបានសង្កត់ធ្ងន់ថា ការចូលរួមក្នុង ExpoCafé 2025 គឺជាឱកាសយុទ្ធសាស្ត្រដើម្បីផ្សព្វផ្សាយកាហ្វេវៀតណាម ទៅកាន់តំបន់ដែលមានសក្តានុពលអភិវឌ្ឍន៍ខ្លាំង។
ធុរកិច្ចជាង ១៥០ មកពីបណ្ដាប្រទេសដែលផលិត និងប្រើប្រាស់កាហ្វេបានចូលរួមក្នុងពិព័រណ៍ឆ្នាំនេះ។ យោងតាមស្ថានទូតវៀតណាមប្រចាំនៅឈីលី ព្រឹត្តិការណ៍គឺជារបត់សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយរូបភាពរបស់ប្រទេសជាតិ ស្វែងរកឱកាស និងពង្រីកទីផ្សារនាំចេញនៅក្នុងតំបន់ដ៏មានសក្តានុពលដូចជាអាមេរិកឡាទីន៕
បកប្រែដោយ Thanh Cong