ក្នុងឱកាសនេះ កាសែតកងទ័ពប្រជាជនបានធ្វើការសម្ភាសន៍ជាមួយលោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau នាយករងវិទ្យាស្ថានយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រការពារជាតិវៀតណាម ដើម្បីឆ្លុះបង្ហាញពីទិដ្ឋភាពយ៉ាងសង្ខេបនៃការបង្កើត ការប្រយុទ្ធ និងជ័យជំនះនៃសម្ព័ន្ធភាពពិសេសវៀតណាម - ឡាវ - កម្ពុជា។

អ្នកយកព័ត៌មាន៖ ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងប្រពៃណី ប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា ទំនាក់ទំនងសាមគ្គីភាព និងប្រយុទ្ធប្រឆាំងនឹងសត្រូវរួមត្រូវបានកកើតឡើងតាំងពីយូរណាស់មកហើយ។ ហេតុអ្វីបានជាទំនាក់ទំនងនេះត្រូវបានចាត់ទុកថា ជាភាពចាំបាច់ជៀសមិនផុត ហើយតើទំនាក់ទំនងនេះទាក់ទងនឹងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រនៃប្រទេសឥណ្ឌូចិនទាំងបីយ៉ាងដូចម៉្តេចលោកវរសេនីយ៍ឯក?

លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ សម្ព័ន្ធភាពយុទ្ធសាមគ្គីភាពវៀតណាម - ឡាវ - កម្ពុជា ត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពប្រពៃណីដ៏យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងបី។ នេះជាសមិទ្ធផលដ៏អស្ចារ្យដែលត្រូវបានកសាងឡើងដោយបញ្ញាឈ្លាសវៃ និងឈាមស្រស់សាច់ស្រស់នៃប្រជាជនច្រើនជំនាន់នៃប្រទេសទាំងបី។ ទំនាក់ទំនងនេះមានការវិវឌ្ឍពីគ្មានដល់មាន ហើយពីកម្រិតទាបដល់ខ្ពស់ ពីសម្ព័ន្ធភាពត្រឹមតែខាងនយោបាយ និងយោធា ទៅជាសម្ព័ន្ធភាពទូលំទូលាយ ក្លាយជាកត្តាកំណត់ជ័យជំនះនៃបដិវត្តន៍ឥណ្ឌូចិនជិតមួយសតវត្សរ៍។

ប្រជាជននៃប្រទេសនីមួយៗយល់ច្បាស់ថា ជ័យជំនះពិតជាមិនអាចរកបានឡើយបើគ្មានសាមគ្គីភាព និងសម្ព័ន្ធភាពយុទ្ធសាមគ្គីរឹងមាំរវាងប្រទេសទាំងបីទេ។ ទំនាក់ទំនងពិសេសរវាងប្រទេសទាំងបីក៏ផ្តើមចេញពីប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ចសង្គម និងជាពិសេសទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ។ ប្រទេសឥណ្ឌូចិនទាំងបីស្ថិតនៅក្នុងតំបន់ដ៏សំខាន់នៃអាស៊ីអាគ្នេយ៍ ដែលជាទីប្រសព្វផ្លាស់ប្តូរអន្តរជាតិសំខាន់ៗ មានសារៈសំខាន់ជាយុទ្ធសាស្ត្រដោយផ្សារភ្ជាប់ពីខាងជើងទៅខាងត្បូង ពីខាងកើតទៅខាងលិច។

វៀតណាមស្ថិតនៅតាមបណ្តោយភាគខាងកើតនៃឧបទ្វីបដែលត្រូវបានមើលឃើញជា “ច្រកទ្វារ” ទៅកាន់សមុទ្រខាងកើតនៃតំបន់ឥណ្ឌូចិន និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដែលដើរតួនាទីយ៉ាងសំខាន់ចំពោះចរាចរណ៍ផ្លូវសមុទ្រអន្តរជាតិ។ ចំពោះប្រទេសឡាវគឺស្ថិតនៅភាគខាងលិចនៃឧបទ្វីប ដែលត្រូវបានគេចាត់ទុកថា ជា"កំពែង" ការពារផ្នែកខាងក្រោយនៃឥណ្ឌូចិន។ រីឯប្រទេសកម្ពុជាវិញ គឺស្ថិតនៅភាគនិរតីនៃឧបទ្វីបនេះ ដើរតួនាទីជា “ខ្សែក្រវាត់ការពារ” ហើយគឺជា"ជួរខាងមុខ" ដ៏សំខាន់មួយនៅភាគនិរតីនៃឧបទ្វីបឥណ្ឌូចិន។

នៅលើដីគោក ជួរភ្នំ Truong Son ដ៏អស្ចារ្យ និងទន្លេមេគង្គដែលលាតសន្ធឹងលើប្រទេសចំនួនបីត្រូវបានចាត់ទុកថាជា "ឆ្អឹងខ្នង" និង "សរសៃឈាម" នៃតំបន់។ ទន្ទឹមនឹងនោះគឺ ធនធានធម្មជាតិ ធនធានមនុស្សដ៏បរិបូរណ៍ និងមានអំណោយផលពីធម្មជាតិ។ ហេតុដូច្នេះ ប្រទេសឥណ្ឌូចិនទាំងបីតែងតែជាជនរងគ្រោះដោយកម្លាំងឈ្លានពាន។

leftcenterrightdel
លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau នាយករងវិទ្យាស្ថានយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រការពារជាតិវៀតណាម

អ្នកយកព័ត៌មាន: តើលោកប្រធានហូជីមិញ ដើរតួនាទីយ៉ាងដូចម៉្តេចក្នុងការចាក់មូលដ្ឋានគ្រឹះសម្រាប់ចំណងយុទ្ធសាមគ្គីភាពរវាងប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា ក្នុងការតស៊ូប្រឆាំងអាណានិគម និងចក្រពត្តិនិយម?

លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ លោកប្រធានហូជីមិញ បានលះបង់អស់មួយជីវិតក្នុងបុព្វហេតុរំដោះជាតិរបស់ប្រជាជនវៀតណាម និងបានរួមចំណែកយ៉ាងសកម្មក្នុងការតស៊ូរួមរបស់ប្រជាជនជុំវិញពិភពលោក។ បើនិយាយពីទិដ្ឋភាពទំនាក់ទំនងអន្តរជាតិ លោកប្រធានហូជីមិញជាគំរូដ៏ថ្លៃថ្នូរដែលបានខិតខំប្រឹងប្រែងរួមចំណែកក្នុងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងមូល។ អាស្រ័យហេតុនោះ ការរួមចំណែកដ៏ធំធេងរបស់លោកប្រធានហូជីមិញ ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជាពិតជាការបញ្ជាក់យ៉ាងរស់រវើកបំផុត។ តាំងពីដើមសតវត្សរ៍ទី ២០ ក្នុងដំណើរស្វែងរកមាគ៌ារំដោះជាតិ លោកប្រធានហូជីមិញ តែងតែគិតគូរអំពីជោគវាសនារបស់ប្រទេសឥណ្ឌូចិនជានិច្ច។ អាស្រ័យតាមការពិតនៃស្ថានការណ៍នៅឥណ្ឌូចិននាពេលនោះ លោកបានកំណត់យ៉ាងច្បាស់ថា “ដើម្បីសង្គ្រោះប្រទេស និងរំដោះជាតិបាន គ្មានផ្លូវណាផ្សេងក្រៅពីផ្លូវនៃបដិវត្តន៍អធននិយមទេ”។

លោកប្រធានហូជីមិញ គឺជាស្ថាបនិក និងជាអ្នកដឹកនាំបក្សកុម្មុយនិស្តឥណ្ឌូចិន។ លោកបានផ្តួចផ្តើមមាគ៌ាបដិវត្តន៍ដ៏សមស្របមួយដែលឆ្លើយតបបានតាមតម្រូវការនៃការរំដោះជាតិនៃប្រទេសនីមួយៗផង និងលើកកម្ពស់សាមគ្គីភាពរវាងប្រទេសទាំងបីលើគោលការណ៍ឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង និងការគោរពគ្នាទៅវិញទៅមក។ លោកតែងតែចាត់ទុកការផ្តល់ជំនួយសម្រាប់បដិវត្តន៍ឡាវ និងកម្ពុជា ជាកាតព្វកិច្ចអន្តរជាតិស្មោះត្រង់ដ៏សំខាន់មួយ ដោយចាត់ទុកថា “ការជួយប្រជាជនប្រទេសមិត្ត គឺដូចគ្នាការជួយខ្លួនឯង”។

តាមរយៈសតិអារម្មណ៍ ការណែនាំដោយផ្ទាល់ ឬដោយប្រយោលទាំងអំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែងនោះ លោកប្រធានហូជីមិញបានពង្រឹងចំណងសម្ព័ន្ធភាពយុទ្ធសាមគ្គីរវាងប្រទេសទាំងបី បង្កើតមូលដ្ឋានគ្រឹះសម្រាប់សាមគ្គីភាពពិសេស និងយូរអង្វែង។ យើងអាចនិយាយបានថា លោកប្រធានហូជីមិញគឺជាតំណាងរស់រវើកនៃស្មារតីស្នេហាជាតិ។ លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រឹងសម្ព័ន្ធភាពយុទ្ធសាមគ្គីភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួមរបស់ប្រជាជនឥណ្ឌូចិនទាំងមូល។

អ្នកយកព័ត៌មានៈ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៥១ កិច្ចប្រជុំនៃសម្ព័ន្ធភាពប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបីបានកោះប្រជុំ។ អង្គប្រជុំបានសម្រេចចិត្តបង្កើតប្លុកសម្ព័ន្ធភាពប្រជាជនវៀតណាម-កម្ពុជា-ឡាវ។ តើលោកវាយតម្លៃពីអត្ថន័យព្រឹត្តិការណ៍នេះយ៉ាងដូចម៉្តេច”?

លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ ការបង្កើតសម្ព័ន្ធភាពប្រជាជនវៀតណាម - កម្ពុជា - ឡាវ គឺឈរលើគោលការណ៍ចំនួនបួន៖ "ស្ម័គ្រចិត្ត សមភាព ជំនួយគ្នាទៅវិញទៅមក និងគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក" ដែលជាជំហានថ្មីនៃដំណើរការបង្រួបបង្រួមដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ពង្រឹងជំនឿរបស់ប្រជាជននៃប្រទេសទាំងបីក្នុងបុព្វហេតុរំដោះប្រទេសជាតិទាំងបី។ ទន្ទឹមនឹងនោះព្រឹត្តិការណ៍នេះក៏ជាការវាយប្រហារឆ្លើយតបយ៉ាងធ្ងន់ធ្ងរទៅលើការបំភ្លៃការពិត និងល្បិចកលដ៏ពិសពុលរបស់សត្រូវ និងពួកប្រតិកិរិយាដែលប៉ុនប៉ងចង់បំបែកបំបាក់សាមគ្គីភាពប្រជាជននៅឥណ្ឌូចិន ហើយព្រឹត្តិការណ៍នេះក៏ជាបរាជ័យយ៉ាងធ្ងន់ធ្ងរនៃគោលនយោបាយ "បែងចែកដើម្បីត្រួតត្រា" និងផែនការ "ប្រើប្រាស់ប្រជាជនឥណ្ឌូចិន ដើម្បីប្រឆាំងនឹងប្រជាជនឥណ្ឌូចិន" របស់ពួកអាណានិគមនិយមបារាំង និងការអន្តរាគមន៍របស់អាមេរិក។

កិច្ចប្រជុំនៃសម្ព័ន្ធភាពប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបី ពិតជាបានគូសបញ្ជាក់ពីការកត់សម្គាល់ថ្មីមួយទៀតអំពីការសម្របសម្រួល និងសម្ព័ន្ធភាពរវាងប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបី ដែលជាកត្តាសំខាន់ដែលរួមចំណែកក្នុងការពង្រឹងកម្លាំងប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ដើម្បីឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ។

ដូច្នេះហើយ ការដែលចក្រពត្តិនិយម និងកម្លាំងប្រតិកម្មអន្តរជាតិបានផ្សព្វផ្សាយឥតឈប់ឈរនូវអំណះអំណាងថា "វៀតណាមចង់បង្កើតសហព័ន្ធឥណ្ឌូចិន ក្រោមការគ្រប់គ្រងដោយវៀតណាម..." គឺជាឧបាយកលដ៏ពិសពុល ដ៏អាក្រក់ដើម្បីបំបែកបំបាក់បដិវត្តន៍ឥណ្ឌូចិន និងងាយស្រួលឈ្លានពានប្រទេសទាំងបីកាលនោះ។

អ្នកយកព័ត៌មាន៖ មហាជ័យជំនះដ៏អស្ចារ្យនៃនិទាឃរដូវឆ្នាំ ១៩៧៥ ដែលឈានដល់ទីបញ្ចប់គឺយុទ្ធនាការប្រវត្តិសាស្ត្រហូជីមិញ បានរំដោះភាគខាងត្បូងទាំងស្រុង បញ្ចប់សង្រ្គាមតស៊ូរបស់ប្រជាជនវៀតណាមប្រឆាំងនឹងអាមេរិក។ ប្រការនេះក៏ត្រូវបានចាត់ទុកថាជាជ័យជំនះរួមនៃយុទ្ធសាមគ្គីភាពដែលមិនអាចប្រកែកបានរបស់ប្រជាជននៃប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា។ ពីមូលដ្ឋានជ័យជម្នះដ៏អស្ចារ្យនេះ តើប្រទេសទាំងបីត្រូវធ្វើយ៉ាងណាដើម្បីបន្តពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀត?

លោកវរសេនីយឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Van Sau៖ ជ័យជំនះនៃការវាយលុក និងការបះបោរទូទៅនានិទាឃរដូវឆ្នាំ ១៩៧៥ បានបញ្ជាក់នូវចំណងសាមគ្គីភាពប្រយុទ្ធរវាងប្រជាជននៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។ ទំនាក់ទំនងនេះត្រូវបានកសាង និងអភិវឌ្ឍនៅលើមូលដ្ឋាននៃលទ្ធិអន្តរជាតិអធននិយមពិតប្រាកដ គោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនីមួយៗ។ ឆ្លងកាត់ការតស៊ូប្រឆាំងនឹងសត្រូវរួម ស្មារតីនៃសាមគ្គីភាព ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង និងការជួយគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសទាំងបីនៅលើឧបទ្វីបឥណ្ឌូចិនត្រូវបានពង្រឹង និងថែរក្សាជានិច្ច។ សាមគ្គីភាព និងភាពជិតស្និទ្ធនេះបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេង រួមចំណែកយ៉ាងសំខាន់ដល់ជ័យជំនះរបស់ប្រជាជាតិនីមួយៗ ទន្ទឹមនឹងការបញ្ជាក់ពីកម្លាំងរួមរបស់ប្រទេសទាំងបីក្នុងការតស៊ូរំដោះជាតិ។

ក្នុងបរិបទដែលក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ពិបាកទាយទុកជាមុនបាននោះ ប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា គប្បីតែបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីសម្របខ្លួនប្រកបដោយប្រសិទ្ធភាពទៅនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ ចាំបាច់ត្រូវពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងបីឱ្យកាន់តែស៊ីជម្រៅ ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងរក្សាប្រពៃណីដ៏ថ្លៃថ្លានៃសាមគ្គីភាពជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន រួមចំណែកធានាបរិយាកាសសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

ទន្ទឹមនឹងនោះ ប្រទេសទាំងបីត្រូវតែគាំទ្រ និងការពារអត្ថប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសផ្នែកផ្លូវគមនាគមន៍ ពាណិជ្ជកម្ម ទេសចរណ៍... ពង្រីកកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវបង្កើតគំនិតច្នៃប្រឌិត បង្កើនប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកវិធីសាស្រ្ត និងវិស័យសហប្រតិបត្តិការថ្មីៗ។ វៀតណាម ឡាវ និងកម្ពុជាក៏ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី រួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានឱ្យសាមគ្គី និងរឹងមាំ។

ជាងនេះទៅទៀត ការងារឃោសនា និងអប់រំអំពីទំនៀមទំលាប់នៃមិត្តភាព ចាំបាច់ត្រូវផ្សព្វផ្សាយ ដើម្បីឲ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងបីយល់ច្បាស់ ដឹងគុណ និងបន្តទំនាក់ទំនងដ៏រឹងមាំនេះ។ ការអនុវត្តវិធីសាស្រ្តទាំងអស់ឱ្យមានសមកាលកម្មនឹងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងបីប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកជាច្រើន!

បកប្រែដោយ Minh Trung