ពង្រីកសាមគ្គីភាពវៀតណាម-ឡាវ-កម្ពុជា
កប.អនឡាញ - នាថ្ងៃទី ២៦ ខែឧសភា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងបីរូបបានវាយតម្លៃថា យន្តការសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីជាច្រើនរវាងវៀតណាម ឡាវ និងកម្ពុជា បាននិងកំពុងពង្រីកបានប្រសិទ្ធភាព ចូលរួមចំណែកយ៉ាងជាក់ស្តែងក្នុងការពង្រឹង និងពូនជ្រំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។ ទំនុកចិត្ត និងការចែករំលែក ការគាំទ្រជាយុទ្ធសាស្ត្រ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព និងយូរអង្វែងលើគ្រប់វិស័យ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា (រូបថត៖ vnanet.vn) |
ភាគីទាំងបីបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍតំបន់ព្រំដែន ដោយផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម ការបរិវត្តកម្មឌីជីថល ធនធានមនុស្ស និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធច្រកព្រំដែនគោករវាងប្រទេសទាំងបី ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មតាមព្រំដែន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តជាប់ព្រំដែន។ ទន្ទឹមនឹងនោះ ភាគីទាំងបីបានឯកភាពកសាងមណ្ឌលសេដ្ឋកិច្ចឆ្លងដែន ពិនិត្យនិងកែសម្រួលកិច្ចព្រមព្រៀង ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឡាវសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាសម្រេចបាន ២០ ពាន់លានដុល្លារ ហើយជំរុញគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅតែមួយ” និងសហការជាមួយប្រទេសថៃ ដើម្បីអនុវត្តគម្រោងតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងបួន។
នាយករដ្ឋមន្ត្រីទាំងបីបានបញ្ជាក់ជាថ្មីម្តងទៀតនូវកិច្ចសហប្រតិបត្តិការដើម្បីធានាស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមក្នុងប្រទេសនីមួយៗ និងរក្សាសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន ហើយជម្រុញការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ប្រយុទ្ធប្រឆាំងការឆ្លងដែនខុសច្បាប់ ការពារព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពពិគ្រោះយោបល់អំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត និងបញ្ហាមីយ៉ាន់ម៉ា បញ្ហាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគី សហការត្រៀមរៀបចំឲ្យបានល្អសម្រាប់ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសនីមួយៗនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh