លោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ បានសង្កត់ធ្ងន់ថា មរណភាពរបស់លោក Tran Duc Luong គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសារនៃសពលោក ហើយបក្ស រដ្ឋ និងប្រជាជនឡាវក៏បានបាត់បង់សមមិត្ត និងមិត្តដ៏អស្ចារ្យមួយរូបដ៏ស្និទ្ធស្នាល។ លោកស្រី Pany Yathotou បានអះអាងថា ឡាវចងចាំ និងវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនា និងការរួមចំណែកដ៏ធំធេងរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ ក្នុងការពូនជ្រំ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួប លោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ

លោកស្រី Pany Yathotou បានអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេលកន្លងមក ហើយកិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិក៏ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី Pany Yathotou បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ស្មោះស្ម័គ្រអស់ពីចិត្ត មានប្រសិទ្ធភាព និងទាន់ពេលវេលាដែលវៀតណាមផ្តល់ដល់ឡាវ កាលពីមុនមកទល់បច្ចុប្បន្ននេះ។ លោកស្រី Pany Yathotou បានឯកភាពជាមួយនឹងការផ្លាស់ប្តូររបស់លោក Luong Cuong ប្រធានរដ្ឋ លើខ្លឹមសារសំខាន់ៗមួយចំនួនក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ។ លោកស្រី Pany Yathotou បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនឡាវនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ដើម្បីពូនជ្រំ ថែរក្សា និងពង្រឹងទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវ ហើយប្តេជ្ញាអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់បក្សនីមួយៗ និងរៀបចំមហាសន្និបាតទូទាំងប្រទេសរបស់បក្សនីមួយៗប្រកបដោយជោគជ័យនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Luong Cuong ប្រធានរដ្ឋ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មាធិការប្រតិបត្តិមជ្ឈិម រដ្ឋសភា រដ្ឋាភិបាល និងរណសិរ្សឡាវកសាងជាតិ ដែលបានផ្ញើសារទូរលេខចែករំលែកទុក្ខចំពោះមរណភាពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ ជាពិសេសការបញ្ជូនគណៈប្រតិភូដឹកនាំដោយលោកស្រី Pany Yathotou អនុប្រធានរដ្ឋ  ទៅគោរពវិញ្ញាណក្ខន្ធ ដែលបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ស្និទ្ធស្នាល ភាពស្មោះត្រង់ និងភាពបរិសុទ្ធដែលកម្រមានរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

លោក Luong Cuong ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថាកាលនៅរស់ លោក Tran Duc Luong អតីតប្រធានរដ្ឋ តែងតែយកចិត្តទុកដាក់ជាពិសេសចំពោះបដិវត្តន៍ឡាវ ហើយបានរួមចំណែកយ៉ាងធំធេងក្នុងការកសាង ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ និងឡាវ-វៀតណាម។

លោក Luong Cuong ប្រធានរដ្ឋ បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេង និងទូលំទូលាយដែលបក្ស រដ្ឋ និងប្រជាជនឡាវសម្រេចបានលើគ្រប់វិស័យ ព្រមទាំងបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំយ៉ាងម៉តចត់របស់គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសង្គមទាំងមូល ប្រទេសឡាវនឹងបន្តទទួលបានជ័យជំនះថ្មីៗ និងអស្ចារ្យជាច្រើនទៀត រៀបចំមហាសន្និបាតបក្សលើកទី១២ ប្រកបដោយជោគជ័យ។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗមួយចំនួនក្នុងការអនុវត្តទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវនាពេលខាងមុខ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ លោកប្រធនរដ្ឋជឿជាក់ថា ជាមួយនឹងសាមគ្គីភាព ការឯកភាព និងការប្តេជ្ញាចិត្ត ប្រទេសទាំងពីរនឹងសម្រេចបានសមិទ្ធិផលថ្មីៗកាន់តែច្រើនថែមទៀត។

នាព្រឹកថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញទទួលជួបសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងឱកាសដែលសម្តេចកិត្តិសង្គហបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (រូបថត៖ nhandan.vn)

ក្នុងជំនួប លោក Luong Cuong ប្រធានរដ្ឋ បានថ្លែងអំណរគុណចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងបញ្ជូនគណៈប្រតិភូទៅគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋ ដែលបង្ហាញពីមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រដែលកម្ពុជាផ្តល់ដល់វៀតណាម និងលោក Tran Duc Luong អតីតប្រធានរដ្ឋ។ លោកប្រធានរដ្ឋជឿជាក់ថា ដោយមានមូលដ្ឋានគ្រឹះរឹងមាំនៃទំនាក់ទំនងដ៏ល្អប្រពៃដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ ក្នុងនោះ ក៏មានលោក Tran Duc Luong អតីតប្រធានរដ្ឋផងដែរ  ទំនាក់ទំនងវៀតណាម-កម្ពុជា នឹងបន្តអភិវឌ្ឍប្រកបដោយចីរភាព និងកាន់តែមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា (រូបថត៖ nhandan.vn)

ចំណែក សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា កម្ពុជានឹងចងចាំ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏ធំធេង របស់លោក Tran Duc Luong អតីតប្រធានរដ្ឋក្នុងការជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ស្ដីពីវិធានការជំរុញទំនាក់ទំនង វៀតណាម-កម្ពុជា នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនូវខ្លឹមសារដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងជំនួបរវាងប្រមុខបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ និងក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមវៀតណាមនាពេលថ្មីៗនេះ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)។ ភាគីទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃតម្លៃប្រពៃណី សាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម-កម្ពុជា និងវៀតណាម-កម្ពុជា-ឡាវ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រទេសទាំងបីបានជំនះរាល់ការសាកល្បងនៃពេលវេលា និងបន្តអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕

បកប្រែដោយ Huyen Trang