បូកសរុបជាបឋមលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៣ ឆ្នាំរវាងខេត្ត Kien Giang និងខេត្តកែប
កប.អនឡាញ - នារសៀលថ្ងៃទី២៤ ខែមិថុនា នៅខេត្ត Kien Giang បានរៀបចំកិច្ចប្រជុំបូកសរុបជាបឋមលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ៣ ឆ្នាំ (២០២២-២០២៤) និងទិសដៅសហប្រតិបត្តិការសម្រាប់ ២ ឆ្នាំខាងមុខ (២០២៥-២០២៦) រវាងខេត្ត Kien Giang (វៀតណាម) និងខេត្តកែប (កម្ពុជា)។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Nguyen Thanh Nhan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បានឲ្យដឹងថា ក្នុងដំណាក់កាលឆ្នាំ ២០២២-២០២៤ ខេត្តទាំងពីរសម្រេចបានលទ្ធផលល្អក្នុងការសម្របសម្រួលការពារសន្តិសុខដែនសមុទ្រ និងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ហើយទំនាក់ទំនងការបរទេសរវាងភាគីទាំងពីរបានអភិវឌ្ឍប្រកបដោយចីរភាព។
    |
 |
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baokiengiang.vn) |
យោងតាមរបាយការណ៍ ក្នុងរយៈពេល ៣ ឆ្នាំ (២០២២-២០២៤) កងកម្លាំងមានសមត្ថកិច្ចនៃខេត្តទាំងពីរបានសហប្រតិបត្តិការយ៉ាងល្អក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើស រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងសាមគ្គីភាពរវាងភាគីទាំងពីរ។
ជារៀងរាល់ឆ្នាំ គណៈកម្មការជំនាញខេត្ត Kien Giang និងគណៈកម្មការជំនាញខេត្តកែប បានរៀបចំពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្ដីពីការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។
ក្នុងរយៈពេល ៣ ឆ្នាំ (២០២២-២០២៤) ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ២៥៧ លានដុល្លារអាមេរិក។ ភ្ញៀវទេសចរខេត្ត Kien Giang ជិត ៦០,០០០ នាក់ទៅទស្សនានៅប្រទេសកម្ពុជា ហើយភ្ញៀវទេសចរកម្ពុជាចំនួន ៤០,០០០ នាក់បានទៅទស្សនានៅខេត្ត Kien Giang។ ក្នុងវិស័យសុខាភិបាល ផ្នែកសុខាភិបាលខេត្ត Kien Giang បានពិនិត្យ និងព្យាបាលជូនអ្នកជំងឺជាច្រើននាក់មកពីខេត្តកែបនៅមន្ទីរពេទ្យមួយចំនួនក្នុងខេត្ត។
    |
 |
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baokiengiang.vn) |
ក្នុងឱកាសនេះ លោក Nguyen Thanh Nhan បានវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរក្នុងការអនុវត្តឯកសារស្ដីពីកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការការពារសន្តិសុខព្រំដែនសមុទ្រ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមចំណែករក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
អាស្រ័យលើនេះ កងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរគប្បីបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការការពារដែនសមុទ្រ រួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ព្រមទាំងសហការគ្នាក្នុងការស្វែងរក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តកែប៕
បកប្រែដោយ Thuy Anh