លោក ម៉ា វិចិត្រ អភិបាលរងខេត្ត ប្រធានគណៈកម្មការជំនាញខេត្តរតនគិរី និងសមាជិកគណៈកម្មការជំនាញខេត្ត បានទទួលជួបគណៈកម្មការជំនាញខេត្ត Gia Lai។

មានប្រសាសន៍ក្នុងជំនួបនេះ លោកស្រី Nguyen Thi Thanh Lich អនុប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មការជំនាញខេត្ត Gia Lai បានពាំនាំការផ្ដាំផ្ញើសារអបអរសាទរពីសំណាក់លោក Rah Lan Chung ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា ជូនចំពោះថ្នាក់ដឹកនាំខេត្ត និងគណៈកម្មការជំនាញខេត្តរតនគិរី ហើយជូនពរទំនាក់ទំនងវៀតណាម-កម្ពុជានិយាយរួម ខេត្ត Gia Lai - ខេត្តរតនគិរី និយាយដោយឡែកកាន់តែជិតស្និទ្ធ និងរឹងមាំ។

leftcenterrightdel
គណៈកម្មការជំនាញខេត្ត Gia Lai និងគណៈកម្មការជំនាញខេត្តរតនគិរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ (រូបថត៖ baogialai.com.vn)

លោកស្រី Nguyen Thi Thanh Lich បានសង្កត់ធ្ងន់ថា ក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ ទោះបីជួបការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែដោយទទួលពីការជួយគាំទ្រពីថ្នាក់ដឹកនាំខេត្ត គណៈកម្មការជំនាញខេត្ត ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជា ក្រុម K៥២ បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៨ អដ្ឋិធាតុ នាំមកនូវចំនួនអដ្ឋិធាតុយុទ្ធជនពលីដែលបានរកឃើញក្នុងខេត្តរតនគិរីឡើង ៥៤៨  អដ្ឋិធាតុ កាលពីឆ្នាំ២០០១មក។

លោក ម៉ា វិចិត្រ បានឲ្យដឹងថា នាពេលខាងមុខ គណៈកម្មការជំនាញខេត្តរតនគិរី នឹងបន្តដឹកនាំស្ថាប័ននៅគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយក្រុម K៥២ ក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

ក្នុងកិច្ចពិភាក្សានេះ គណៈកម្មការជំនាញខេត្ត Gia Lai និងគណៈកម្មការជំនាញខេត្តរតនគិរី បានពិភាក្សា និងចុះហត្ថលេខាលើខ្លឹមសារសំខាន់ៗជាច្រើន ដើម្បីរៀបចំពិធីសូត្រមន្តបង្សុកូល និងប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ៨ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលស្វែងរកនិងប្រមូលដោយក្រុម K៥២ ក្នុងរដូវប្រាំង ២០២៤-២០២៥។

ក្នុងឱកាសនេះ លោកស្រី Nguyen Thi Thanh Lich និងសមាជិកនៃគណៈកម្មការជំនាញខេត្ត Gia Lai បានជូនអំណោយដល់គណៈកម្មការជំនាញខេត្តរតនគិរី ដើម្បីរឹតបន្តឹងស្មារតីសាមគ្គីភាព មិត្តភាព៕

បកប្រែដោយ Thuy Anh