ក្រុមទំនាក់ទំនងនៃអង្គភាពលេខ៧៧០៥ និងរណសិរ្សលេខ៤៧៩ រៀបចំជំនួបសំណេះសំណាលដើម្បីអបអរសាទរខួប ៤០ ដែលទៅបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៥ ខែឧសភា នៅទីរួមខេត្ត Ninh Hoa (ខេត្ត Khanh Hoa វៀតណាម) ក្រុមទំនាក់ទំនងអតីតយុទ្ធជននៃអង្គភាពលេខ៧៧០៥ និងបណ្ដាកងវរសេនាធំនៃរណសិរ្សលេខ៤៧៩ បានរៀបចំជំនួបសំណេះសំណាលលើកទី១០ ក្នុងឱកាសរំលឹកខួបលើកទី ៤០ ដែលកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា (ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៨៥/ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥)។
អញ្ជើញចូលរួមជំនួបនេះមានប្រតិភូជាង ១៣០ នាក់មកពីខេត្ត Phu Yen ខេត្ត Khanh Hoa ខេត្ត Dak Lak ខេត្ត Kon Tum ខេត្ត Lam Dong ខេត្ត Ninh Thuan ខេត្ត Binh Thuan ខេត្ត Tay Ninh ខេត្ត Long An ខេត្ត Binh Duong ខេត្ត Binh Phuoc ទីក្រុង Vung Tau និងទីក្រុងហូជីមិញ។
នៅក្នុងជំនួបនោះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញនូវរយៈពេលតស៊ូដ៏លំបាក ប៉ុន្តែពោរពេញទៅដោយមោទនភាពនៅប្រទេសកម្ពុជា និងរំលឹកដល់យុទ្ធមិត្តដែលពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។ មិនត្រឹមតែប្រយុទ្ធប៉ុណ្ណោះទេ កងទ័ពស្ម័គ្រចិត្តក៏បានជួយប្រជាជនកម្ពុជាព្យាបាលជំងឺ ស្តារផលិតកម្ម និងស្ដារជីវភាពរស់នៅឡើងវិញ។
លោក Pham Ba The អតីតយុទ្ធជន អនុប្រធានគណៈកម្មការទាក់ទងអតីតយុទ្ធជននៃកងវរសេនាធំលេខ២០៥ កងពលធំលេខ៥ អង្គភាពលេខ៧៧០៥ បានឲ្យដឹងថា ទោះបីចេញពីជួរកងទ័ពយូរហើយក៏ដោយ ប៉ុន្តែអតីតយុទ្ធជននៃអង្គភាពលេខ ៧៧០៥ និងរណសិរ្សលេខ ៤៧៩ នៅតែទាក់ទងជាមួយគ្នា លើកទឹកចិត្ត និងជួយគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងមានសុភមង្គលក្នុងជីវភាពរស់នៅ៕
បកប្រែដោយ Thuy Anh