leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា  (ទីពីរពីឆ្វេង) ធ្វើការជាមួយ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (ទីបីពីស្តាំ)

នាថ្ងៃទី ១៩ និង ២០ ឧសភា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី២០ ខែឧសភា ក្នុងឱកាសនៃទិវាជាតិនៃការចងចាំ ដែលជាឱកាសដ៏ឧឡារិកមួយ ដើម្បីឧទ្ទិសដល់ការចងចាំដល់ជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ដែលបានសហការរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។

លោក ហង់ ជួន ណារ៉ុន បានថ្លែងអំណរគុណវៀតណាម ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការជួយរំដោះប្រទេសកម្ពុជា។ លោកបានថ្លែងអំណរគុណចំពោះអ្នកជំនាញវៀតណាម រួមទាំងអ្នកជំនាញផ្នែកអប់រំ ដែលបានគាំទ្រ និងជួយកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសដូចសព្វថ្ងៃនេះ។

លោក ហង់ ជួន ណារ៉ុន បានអបអរសាទរប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) ហើយបានមានប្រសាសន៍ថា នេះជាការសប្បាយរីករាយរួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

លោក ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែវាយតម្លៃខ្ពស់ និងយកចិត្តទុកដាក់លើការលើកកម្ពស់សាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង រួមទាំងប្រទេសវៀតណាមផងដែរ។ លោកជឿជាក់ថាការរក្សាទំនាក់ទំនងទ្វេភាគីឱ្យបានល្អនឹងជួយកម្ពុជា និងវៀតណាមអភិវឌ្ឍរួមជាមួយគ្នា ។

ក្នុងឱកាសនេះ លោក ហង់ ជួនណារ៉ុន បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានបង្កើនអាហារូបករណ៍ដល់កម្ពុជា ហើយនឹងសម្របសម្រួលជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីលើវិស័យអប់រំរយៈពេល ២០២៦-២០៣០។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអបអរសាទរដល់កម្ពុជាចំពោះសមិទ្ធិផលរបស់ខ្លួន

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានវាយតម្លៃខ្ពស់ និងអបអរសាទរ លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានអនុវត្តផែនការយុទ្ធសាស្ត្រអប់រំ (ESP) ដំណាក់កាល ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព។ ផែនការនេះជួយអនុវត្តជាក់ស្តែងនូវអាទិភាពនានាដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រដ្ឋាភិបាល រួមចំណែកដល់ការអភិវឌ្ឍន៍វិស័យអប់រំ និងបង្កើតធនធានមនុស្សសម្រាប់កម្ពុជា។

លើសពីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានបន្តកែលម្អប្រព័ន្ធអប់រំ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មី តាមរយៈការអនុវត្តហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្ពោះទៅរកប្រព័ន្ធអប់រំដ៏ទូលំទូលាយ និងជឿនលឿន។

លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តីរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងខ្លាំង ដោយផ្អែកលើការតម្រង់ទិសរបស់គណបក្សទាំងពីរ។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលបន្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង  រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព រួមចំណែកក្នុងការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ក៏ដូចជាបង្កើតការតភ្ជាប់ ការផ្លាស់ប្តូរវប្បធម៌ ពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ វៀតណាមនឹងពិចារណាផ្តល់អាហារូបករណ៍បន្ថែមទៀតសម្រាប់និស្សិតកម្ពុជា និងគាំទ្រការបណ្តុះបណ្តាលក្នុងវិស័យសំខាន់ៗដែលសមស្របនឹងនិន្នាការអភិវឌ្ឍន៍ដូចជា បច្ចេកវិទ្យា និងទូរគមនាគមន៍។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណកៈ (ទីបីពីឆ្វេង)

គួរំលឹកថា ក្នុងជំនួបជាមួយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី ១៩ ឧសភា លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍របស់កម្ពុជា។ លោកបានមានប្រសាសន៍ថា សមិទ្ធផលដ៏អស្ចារ្យលើគ្រប់វិស័យដែលប្រជាពលរដ្ឋកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រសួងមុខងារសាធារណៈក្នុងការអនុវត្តការងារកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ប្រកបដោយប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការសកម្មភាពកំណែទម្រង់រដ្ឋបាលរយៈពេល ២០២៤-២០២៨ សំដៅកសាងរដ្ឋបាលទំនើបប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរចំពោះការរួមចំណែករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែល លោក ហ៊ុន ម៉ានី ជាប្រធាន ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថានឹងខិតខំជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងសហភាពសហព័ន្ធយុវជននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការយល់ដឹង និងអប់រំយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងពិសេសរវាងប្រជាជនទាំងពីរ។

leftcenterrightdel
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កម្ពុជានឹងមិនបំភ្លេចជំនួយខាងសម្ភារៈ និងស្មារតីរបស់វៀតណាម ដែលបានជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នាពេលកន្លងមកនោះទេ

លោក ហ៊ុន ម៉ានី បានអបអរសាទរវៀតណាមចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម ហើយរីករាយដែលបានឃើញទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងវៀតណាម។ លោកបានវាយតំលៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីវៀតណាម - កម្ពុជា និងគណបក្សទាំងបីវៀតណាម - ឡាវ - កម្ពុជា ដែលបានប្រារព្ធឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ដែលបង្ហាញពីគោលជំហរ និងតម្រង់ទិសរួមក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពរ វាងប្រទេសទាំងពីរ នាពេលខាងមុខ។

លោក ហ៊ុន ម៉ានី បានអះអាងថា កម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយនឹងមិនបំភ្លេចការឧបត្ថម្ភខាងសម្ភារៈ និងស្មារតី ជាពិសេសការលះបង់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុខ ក៏ដូចជាជានិច្ចកាលជួយកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។ កម្ពុជានឹងបន្តរក្សា ពូនជ្រំថែរក្សាចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងល្អរវាងគណបក្សទាំងពីរ រដ្ឋាភិបាលទាំងពីរ និងជាពិសេសរវាងសហភាពសហព័ន្ធយុវជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan