វៀតណាមនិងឡាវយកចិត្តទុកដាក់ចំពោះការរក្សា និងការជំរុញដោយតឥតឈប់ឈរនូវទំនាក់ទំនងទ្វេភាគី
កប.អនឡាញ - នាព្រឹកថ្ងៃទី ១១ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច និងកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ទោ Vongsone Inpanphim អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
លោកនាយឧត្តមសេនីយ៍ Trinh Van Quyet បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចងចាំជានិច្ចនូវការជួយឧបត្ថម្ភដ៏មានតម្លៃ និងមានប្រសិទ្ធភាព ដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវផ្តល់ជូនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិនាអតីតកាល ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាបច្ចុប្បន្ន។ ក្នុងគ្រប់កាលៈទេសៈ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសចំពោះការរក្សា និងការពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស ស្មោះត្រង់រវាងវៀតណាម និងឡាវ។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពក្នុងពិភពលោក តំបន់ និងកងទ័ពរបស់ប្រទេសនីមួយៗ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត វៀតណាមអះអាងនូវគោលជំហរឥតងាយការេរបស់ខ្លួនគឺដោះស្រាយរាល់ជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ វៀតណាមសង្កត់ធ្ងន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងអំពាវនាវបញ្ចប់និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នាពេលថ្មីៗនេះ ដោយផ្អែកលើឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ភាគីទាំងពីរបានអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការ ហើយសម្រេចបាននូវលទ្ធផលជាក់ស្ដែងជាច្រើន។
នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Trinh Van Quyet បានស្នើថា ភាគីទាំងពីរផ្តោតលើខ្លឹមសារសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ ដូចជា៖ បង្កើនជំនួបជាន់ខ្ពស់ បន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពទាំងពីរ និងប្រជាជននៃប្រទសទាំងពីរ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ ហើយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន ការផ្សព្វផ្សាយ ការបណ្តុះបណ្តាល ការបញ្ជូនអ្នកជំនាញមកជួយគាំទ្រគ្នាទៅវិញទៅមក បង្កើនយន្តការនិងគំរូសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព បន្តសហការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសង្គ្រាមនៅឡាវ សហការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០២៥ នៅប្រទេសឡាវ។ល។
    |
 |
លោកនាយឧត្តមសេនីយ៍ Trinh Van Quyet ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ទោ Vongsone Inpanphim |
រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ទោ Vongsone Inpanphim បានសម្តែងនូវការឯកភាពចំពោះខ្លឹមសារដែលលើកឡើងដោយលោកនាយឧត្តមសេនីយ៍ Trinh Van Quyet ជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយរួម កិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននយោបាយនៃប្រទេសទាំងពីរនិយាយដោយឡែក ដែលមានការអភិវឌ្ឍថ្មីៗ សម្រេចបានលទ្ធផលជាក់ស្ដែង ក្នុងនោះមានសកម្មភាពជាច្រើនផ្សព្វផ្សាយដែលអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ។
* នារសៀលថ្ងៃទី ១១ ខែសីហា គណៈប្រតិភូនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវបានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយបណ្ឌិតសភានយោបាយ ក្រសួងការពារប្រទេសវៀតណាម។
* សូមរំលឹកថា នាព្រឹកថ្ងៃទី ១១ ខែសីហា គណៈប្រតិភូនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវបានមកដាក់កម្រងផ្កានៅវិមានវិញ្ញាណក្ខន្ធគោរពវីរៈយុទ្ធជន និងដាក់កម្រងផ្កា ចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព៕
បកប្រែដោយ Thuy Anh