លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបសវនាការជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអេហ្ស៊ីប
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាព្រឹកថ្ងៃទី ៤ ខែសីហា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការក្រសួងការពារជាតិអេហ្ស៊ីបនៅរដ្ឋធានីគែរ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបសវនាការជាមួយលោកនាយឧត្តមសេនីយ៍ Abdel Mageed Saqr រដ្ឋមន្ត្រីក្រសួងការពារជាតិអេហ្ស៊ីប។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានបញ្ជាក់ថា ក្នុងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរនិងសក្តានុពល សម្រាប់ការអភិវឌ្ឍនៅតែមានច្រើនណាស់។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបសវនាការជាមួយលោកនាយឧត្តមសេនីយ៍ Abdel Mageed Saqr |
អំពីស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ពហុភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេស។ វៀតណាមមានគោលបំណងចង់ក្លាយជាមិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការជាមួយប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក ដោះស្រាយរាល់វិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ អំពីគោលនយោបាយការពារជាតិ វៀតណាមនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “៤ មិន” របស់ខ្លួន។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang ផ្តល់វត្ថុអនុស្សាវរីយ៍ជូនលោកនាយឧត្តមសេនីយ៍ Abdel Mageed Saqr |
ផ្អែកលើសំណើរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដោយផ្តល់អាទិភាពលើខ្លឹមសារដូចជា៖ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងស្វែងរកលទ្ធភាពសហប្រតិបត្តិការ ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងពាណិជ្ជកម្មយោធា ស្រាវជ្រាវការដាក់ពង្រាយកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពលផ្សេងទៀត។
ក្រសួងការពារប្រទេសវៀតណាមស្វាគមន៍គណៈប្រតិភូក្រសួងការពារជាតិអេហ្ស៊ីបមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ព្រមទាំងសង្ឃឹមថាភាគីទាំងពីរនឹងបង្កើនការជួបជុំក្នុងព្រឹត្តិការណ៍ពហុភាគី។ ក្រសួងការពារប្រទេសវៀតណាមបានស្នើឱ្យភាគីទាំងពីរពិចារណាបង្កើតការិយាល័យអនុព័ន្ធយោធាអចិន្ត្រៃយ៍នៅក្នុងប្រទេសនីមួយៗ ព្រមទាំងស្វាគមន៍ចំពោះសំណើរបស់ក្រសួងការពារជាតិអេហ្ស៊ីបសម្រាប់កិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍ក្នុងការថែរក្សា និងប្រើប្រាស់អាវុធ និងឧបករណ៍ការពារជាតិ និងកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារ និងពេទ្យយោធា។ល។
រដ្ឋមន្ត្រីទាំងពីរសម្តែងនូវជំនឿជាក់ថា ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំ និងលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងវៀតណាម-អេហ្ស៊ីប រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
បន្ទាប់ពីជំនួបនេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើលិខិតចេតនាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ៕
បកប្រែដោយ Huyen Trang