កិច្ចសន្ទនាយុទ្ធសាស្ត្រការទូត និងការពារជាតិវៀតណាម-អូស្ត្រាលី
កប.អនឡាញ - នាថ្ងៃទី ៥ ខែសីហា នៅរដ្ឋធានី Canberra ប្រទេសអូស្ត្រាលី បានប្រព្រឹត្តទៅកិច្ចសន្ទនាយុទ្ធសាស្ត្រការទូត និងការពារជាតិលើកទី ១០ រវាងវៀតណាម និងអូស្ត្រាលី។
គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងលោកឧត្តមសេនីយ៍ត្រី Duong Quy Nam នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិអំពីការពារជាតិ ក្រសួងការពារប្រទេស។ គណៈប្រតិភូអូស្ត្រាលីដឹកនាំដោយលោកស្រី Michelle Chan អនុរដ្ឋមន្ត្រីការបរទេស និងលោក Hugh Jeffrey អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។ អញ្ជើញចូលរួមកិច្ចសន្ទនានេះ មានមន្ត្រីមកពីក្រសួងការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ វៀតណាម-អូស្ត្រាលីជាច្រើនរូបទៀត។
    |
 |
គណៈប្រតិភូវៀតណាម និងអូស្ត្រាលីចូលរួមកិច្ចសន្ទនា (រូបថត៖ ក្រសួងការបរទេស) |
នៅក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនង វៀតណាម-អូស្ត្រាលី ជាពិសេសចាប់តាំងពីការតម្លើងទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែមីនា ឆ្នាំ២០២៤។ ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់វិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ វៀតណាម និងអូស្ត្រាលីបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរទស្សនៈ និងគោលជំហរ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួម ពន្លឿនការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងទ្វេភាគី និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើសសរស្តម្ភទាំង ៦ រួមមាន៖ នយោបាយ ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ-ថាមពល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ សំដៅបំពេញផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ រួមទាំងការសន្ទនា និងការពិគ្រោះយោបល់ជាប្រចាំនៅគ្រប់កម្រិត ការចែករំលែកព័ត៌មាន ការបណ្តុះបណ្តាល ការហ្វឹកហ្វឺន និងការលើកកម្ពស់សមត្ថភាព។ វៀតណាមវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់អូស្ត្រាលីក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញភាសា និងវិជ្ជាជីវៈសម្រាប់នាយទាហាននៃកងទ័ពប្រជាជនវៀតណាម ក៏ដូចជាជួយវៀតណាមបង្កើនសមត្ថភាពចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសការផ្តល់យន្តហោះដឹកជញ្ជូន និងដាក់ពង្រាយកងកម្លាំងវៀតណាមនៅស្ថានបេសកកម្មនានា។
ភាគីទាំងពីរកីបានអះអាងនូវការយកចិត្តទុកដាក់ និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាដឹកនាំដោយអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់មេគង្គ ក៏ដូចជាលើបញ្ហាតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕
បកប្រែដោយ Huyen Trang