វៀតណាម និងហូឡង់ អាល្លឺម៉ង់ សហការលើវិស័យកសិកម្មឆ្លាតវៃ
កប.អនឡាញ - នាពេលថ្មីៗនេះ គណៈប្រតិភូដឹកនាំដោយ លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម បានទៅទស្សនកិច្ចការងារជាមួយស្ថាប័ន អង្គការ និងធុរកិច្ចមួយចំនួននៅប្រទេសហូឡង់។
ក្នុងជំនួបជាមួយថ្នាក់ដឹកនាំតំបន់បច្ចេកវិទ្យាខ្ពស់ Brainport Eindhoven នៃប្រទេសហូឡង់ លោករដ្ឋមន្ត្រី Nguyen Chi Dung បានលើកទឹកចិត្តឲ្យ Brainport Eindhoven ចែករំលែកបទពិសោធន៍ និងជំរុញខ្លឹមសារសហប្រតិបត្តិការជាក់លាក់ជាមួយមជ្ឈមណ្ឌលជាតិនវានុវត្តន៍របស់វៀតណាម (NIC); គាំទ្រ NIC អនុវត្តគំរូអង្គការប្រព័ន្ធអេកូបច្ចេកវិទ្យាខ្ពស់ដែលសមស្របនឹងលក្ខខណ្ឌរបស់វៀតណាម ជំរុញសហគ្រាសបច្ចេកវិទ្យាខ្ពស់របស់ហូឡង់មកបណ្តាក់ទុននៅវៀតណាម។
    |
 |
កិច្ចប្រជុំតុមូលនៃសហភាពកសិកម្មអាល្លឺម៉ង់ និងគណៈប្រតិភូក្រសួងផែនការ និងវិនិយោគវៀតណាម ដឹកនាំដោយលោករដ្ឋមន្ត្រី Nguyen Chi Dung នៅទីក្រុង Berlin (រូបថត៖ vnanet.vn) |
ក្នុងដំណើរទស្សនកិច្ច និងជួបធ្វើការជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់ - World Horti Center (WHC), លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការរបស់វៀតណាមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីកសិកម្មប្រកបដោយភាពច្នៃប្រឌិត។ លោករដ្ឋមន្ត្រីស្នើឲ្យ WHC គាំទ្រ និងសហការក្នុងការកសាងគំរូមជ្ឈមណ្ឌលដាំដុះនៅតំបន់ភាគខាងជើងនៃប្រទេសវៀតណាម តាមគំរូនៃប្រទេសហូឡង់។ ក្នុងឱកាសនេះ នាយកដ្ឋានអភិវឌ្ឍន៍សហគ្រាស (ក្រសួងផែនការ និងវិនិយោគនៃប្រទេសវៀតណាម) និងសមាគមសហប្រតិបត្តិការអាជីវកម្មកសិកម្មវៀតណាម-ហូឡង់ (NVHBP) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការលើការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ។
លោក Nguyen Chi Dung ក៏បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងជួបធ្វើការជាមួយថ្នាក់ដឹកនាំនាយកដ្ឋាន និងទីភ្នាក់ងារមួយចំនួននៃប្រទេសអាល្លឺម៉ង់ ដើម្បីពង្រឹងសកម្មភាពសហប្រតិបត្តិការជាមួយខឿនសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបមួយនេះ ជាពិសេសលើវិស័យកសិកម្ម និងនវានុវត្តន៍។ ក្នុងជំនួបធ្វើការជាមួយនាយកប្រតិបត្តិនៃសហភាពកសិកម្មអាល្លឺម៉ង់ លោករដ្ឋមន្ត្រីបានស្នើឲ្យសហភាពកសិកម្មអាល្លឺម៉ង់មានដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសកសិកម្មវៀតណាមដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ជំរុញនវានុវត្តន៍ដើម្បីបង្កើនតម្លៃបន្ថែម និងគុណភាពនៃផលិតផលកសិកម្ម។
បកប្រែដោយ Duy Hoan