នាយទាហានស្ត្រីរក្សាសន្តិភាពវៀតណាមរួមដំណើរជាមួយកុមារនៅស៊ូដង់ខាងត្បូង
កប.អនឡាញ - នៅប៉ុន្មានថ្ងៃចុងខែឧសភា ឆ្នាំ២០២៥ នេះ លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh អ្នកគ្រូនៃការិយាល័យហ្វឹកហ្វឺន អ្នកសង្កេតការណ៍យោធា ស្ថានបេសកកម្ម Unmiss និងយុទ្ធមិត្ត បានចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តនៅសាលាដែលទើបតែបានបង្កើតថ្មីនៅស្រុក Terekeka ទីក្រុង Juba សាធារណរដ្ឋស៊ូដង់ខាងត្បូង។ កម្មវិធីនេះមិនត្រឹមតែនាំមកនូវក្តីសប្បាយរីករាយដល់កុមារប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមក្នុងការគាំទ្រសហគមន៍ លើកកម្ពស់ការអប់រំ និងការការពារសិទ្ធិកុមារ។
បញ្ហាប្រឈមនៅសាលាដែលទើបតែបានបង្កើតថ្មី
ទោះបីជាទើបតែដំណើរការបានពីរសប្តាហ៍ក៏ដោយ ក៏សាលា Bright Future បានក្លាយជាកន្លែងសិក្សាសម្រាប់កុមារជាច្រើន ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យនៅ Terekeka។ ដោយសារលក្ខខណ្ឌមានកំណត់ សាលាមានតែថ្នាក់រៀនតិចតួច ដែលមានគ្រូចំនួន ៨ នាក់ប៉ុណ្ណោះ។ ថ្នាក់រៀនត្រូវបានរៀបចំជាទម្រង់ចម្រុះ ដើម្បីធានាថាសិស្សទាំងអស់មានឱកាសទទួលបានការសិក្សារៀនសូត្រ។
    |
 |
លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh នៅក្នុងថ្នាក់រៀន |
ក្រៅពីកង្វះសម្ភារៈបង្រៀន សាលាក៏ប្រឈមនឹងការលំបាកខ្លាំងក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ កង្វះទឹកស្អាត ភ្លើង និងបង្គន់អនាម័យ បង្កជាឧបសគ្គជាច្រើនដល់សិស្ស និងគ្រូបង្រៀន។ សម្រាប់សិស្សប្រុស ដំណោះស្រាយបណ្តោះអាសន្នគឺត្រូវស្វែងរកតំបន់ដាច់ស្រយាលសម្រាប់អនាម័យផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់សិស្សស្រី បញ្ហានេះក្លាយជាបញ្ហាធំ ដែលប៉ះពាល់ដល់សុខភាព ទំនុកចិត្តលើខ្លួនឯង និងសមត្ថភាពក្នុងការរក្សាការសិក្សាជាប្រចាំ។
លោក Abraham Ajang នាយកសាលា បានចែករំលែកថា បរិយាកាសសិក្សាបច្ចុប្បន្នកំពុងមានបញ្ហាប្រឈមជាច្រើន ជាពិសេសនៅពេលដែលរដូវវស្សាកាន់តែខិតជិតមកដល់។ ស្ថានភាពទឹកជំនន់ និងដីភក់មិនត្រឹមតែរារាំងដល់ការសិក្សាប៉ុណ្ណោះទេ ថែមទាំងបង្កើនហានិភ័យកើតជំងឺដោយសារតែអនាម័យមិនល្អទៀតផង។ ក្នុងបរិបទនេះ ការគាំទ្រពីសហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌មានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សិស្ស។
    |
 |
លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh ជាមួយសិស្សស៊ូដង់ខាងត្បូង |
ក្នុងនាមជានាយទាហានវៀតណាមដំបូងគេដែលត្រូវបានជ្រើសរើសឲ្យចូលរួមបម្រើការងារក្នុងក្រុមហ្វឹកហ្វឺនអ្នកសង្កេតការណ៍យោធារបស់ស្ថានបេសកកម្ម លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh មិនត្រឹមតែបំពេញការងារវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពគាំទ្រសហគមន៍ទៀតផង។ ក្នុងកម្មវិធីនៅសាលា Bright Future អ្នកនាង និងយុទ្ធមិត្តបានរៀបចំវគ្គបណ្តុះបណ្តាលបំណិនជីវិត ចែករំលែកចំណេះដឹងជាក់ស្តែង និងលើកទឹកចិត្តកុមារឱ្យរក្សាការសិក្សារបស់ពួកគេ និងជំនះការលំបាក។ សកម្មភាពនេះក៏រួមចំណែកដល់ការពង្រឹងទំនុកចិត្តរវាងស្ថានបេសកកម្ម និងសហគមន៍មូលដ្ឋាន បង្កើតលក្ខណៈអំណោយផលសម្រាប់ការអនុវត្តបេសកកម្មស៊ីវិល និងសន្តិសុខនៅក្នុងតំបន់។
សកម្មភាពនានានៅសាលា Bright Future បានជួយ UNMISS ទៅដល់សហគមន៍កាន់តែទូលំទូលាយ ជាស្ពានដ៏មានប្រសិទ្ធភាពមួយក្នុងការចែករំលែកព័ត៌មានស្តីពីសន្តិសុខ ការការពារជម្លោះ និងការលើកកម្ពស់ដំណោះស្រាយសន្តិភាពយូរអង្វែង។ មិនត្រឹមតែគាំទ្រការអប់រំប៉ុណ្ណោះទេ លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh ក៏ចាប់អារម្មណ៍ជាពិសេសដល់ការលើកកម្ពស់ការយល់ដឹងរបស់សិស្សស្ត្រីអំពីសិទ្ធិរបស់ពួកគេ។
លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh បានឲ្យដឹងថា៖ “ខ្ញុំតែងតែចង់ឲ្យកុមារគ្រប់រូប ជាពិសេសកុមារី ដឹងថាពួកគេមានសមត្ថភាពទាំងស្រុងក្នុងការសម្រេចចិត្តអនាគតរបស់ពួកគេ។ ការអប់រំមិនត្រឹមតែជាមធ្យោបាយសម្រាប់កុមារីដើម្បីរួចផុតពីការលំបាកបច្ចុប្បន្នរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងក៏ជាមធ្យោបាយសម្រាប់ពួកគេដើម្បីបង្កើតការផ្លាស់ប្តូរពិតប្រាកដនៅក្នុងសហគមន៍របស់ពួកគេទៀតផង”។
ផ្សព្វផ្សាយរូបភាពវៀតណាមលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍នៅ Terekeka មិនត្រឹមតែជាសកម្មភាពសប្បុរសធម៌សាមញ្ញប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃស្មារតីទទួលខុសត្រូវរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពទូទាំងពិភពលោកទៀតផង។ រូបភាពរបស់លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh ជានាយទាហានស្ត្រីម្នាក់ដែលមានចិត្តក្លាហាន និងអស់ពីចិត្តពីថ្លើមចំពោះសហគមន៍ បានរួមចំណែកលើកកំពស់កិត្យានុភាពរបស់វៀតណាមក្នុងក្រសែភ្នែកមិត្តអន្តរជាតិ។
    |
 |
លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh និងសិស្សស្រីនៅស៊ូដង់ខាងត្បូង |
តាមរយៈសកម្មភាពគាំទ្រការអប់រំ ការពារសិទ្ធិកុមារ និងលើកកម្ពស់សមភាពយេនឌ័រ លោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh មិនត្រឹមតែផ្សព្វផ្សាយសារមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីតួនាទីសំខាន់កាន់តែខ្លាំងឡើងរបស់នាយទាហានស្ត្រីវៀតណាមក្នុងប្រតិបតិ្តការរក្សាសន្តិភាព។ សកម្មភាពនេះមិនត្រឹមតែបង្ហាញពីស្មារតីទទួលខុសត្រូវរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដោយផ្ទាល់ដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ចំនួនពីរ ប្រកបដោយចីរភាពគឺ៖ ការអប់រំប្រកបដោយគុណភាព និងសមភាពយេនឌ័រក្នុងរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។ នេះមិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់អ្នកនាងប៉ុណ្ណោះទេ ថែមទាំងជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់វៀតណាមក្នុងបេសកកម្មសន្តិភាពអង្គការសហប្រជាជាតិ។
តួនាទីរបស់កងទ័ពប្រជាជនវៀតណាមមិនត្រឹមតែបង្ហាញតាមរយៈប្រតិបត្តិការរក្សាសន្តិភាពប៉ុណ្ណោះទេ ថែមទាំងតាមរយៈការខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការពារជនស៊ីវិល និងបង្កើតសន្តិភាពយូរអង្វែងទៀតផង។ នាយទាហានដូចជាលោកស្រីអនុសេនីយ៍ឯក Vu Nguyet Anh បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់កិត្យានុភាពអន្តរជាតិរបស់វៀតណាម ដោយអះអាងនូវស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងមនុស្សធម៌ក្នុងបេសកកម្មសកល៕
បកប្រែដោយ Huyen Trang