ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ស៊ែប៊ី ឲ្យសមស្របទៅនឹងសក្តានុពល
កប.អនឡាញ - បន្ទាប់ពីដំណើរទស្សនកិច្ចការងារនៅប្រទេសកាហ្សាក់ស្ថាន និងប្រទេសទួរគី ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Pham Hoai Nam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋស៊ែប៊ី។
នាព្រឹកថ្ងៃទី ២ ខែមិថុនា (ម៉ោងក្នុងតំបន់) លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានជួបសវនាការជាមួយលោក Nenad Miloradovic អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកបរិក្ខារ និងបច្ចេកវិទ្យានៃក្រសួងការពារជាតិស៊ែប៊ី។
    |
 |
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ជូនវត្ថុអនុស្សាវរីយ៍ដល់លោក Nenad Miloradovic អនុរដ្ឋមន្ត្រី |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម និងស៊ែប៊ី។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងទ្វេភាគីលើវិស័័យការពារជាតិមិនទាន់សមស្របទៅនឹងសក្តានុពល និងតម្រូវការរបស់ប្រទេសទាំងពីរនៅឡើយ។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូលើគ្រប់លំដាប់ថ្នាក់ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ និងសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងវិស័យផ្សេងៗទៀត ដែលភាគីទាំងពីរមានតម្រូវការ និងសក្តានុពល ឆ្ពោះទៅការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រធានគណៈប្រតិភូទាំងពីរបានឧទ្ទេសនាមអំពីផ្នែកឧស្សាហកម្មការពារជាតិនៃភាគីនីមួយៗ និងឯកភាពបង្កើនការផ្លាស់ប្តូរ និងជំនួបរវាងសាជីវកម្មឧស្សាហកម្មការពារជាតិនៃប្រទេសនីមួយៗ ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ក៏បានឯកភាពលើសំណើររបស់ភាគីស៊ែប៊ីក្នុងការសិក្សាស្រាវជ្រាវអំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ដើម្បីបង្កើតមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងក្នុងវិស័យនេះនាពេលខាងមុខ៕
បកប្រែដោយ Thanh Cong