លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា
កប.អនឡាញ - នាព្រឹកថ្ងៃទី៤ ខែមិថុនា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអបអរសាទរចំពោះកម្ពុជាដែលទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើននាពេលកន្លងមក ជាពិសេសក្នុងការរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកក៏បានជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី កម្ពុជានឹងទទួលបាននូវសមិទ្ធិផលកាន់តែច្រើនថែមទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ លោកអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងជាមួយកម្ពុជា។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញថា ទំនាក់ទំនងនយោបាយ និងការបរទេសរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន។
    |
 |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន |
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងកងទ័ពនៃប្រទេសទាំងពីរ ហើយជូនពរប្រជាជនវៀតណាមបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងរក្សា និងពូនជ្រំទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយសម្តែងនូវការគោរពចំពោះជំនួយ សាមគ្គីភាព ការតភ្ជាប់ និងការជួយគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីរំដោះជាតិនាអតីតកាល ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយ និងការលះបង់របស់វៀតណាម ក្នុងការជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាងប្រទេសឡើងវិញ។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគីជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ តាមនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការការពារជាតិនាពេលកន្លងមក។ ចំពោះទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការការពារជាតិនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តជម្រុញការកសាងទំនុកចិត្ត រក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងយន្តការសហប្រតិបត្តិការ លើកកំពស់គុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី។
ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្ឃឹមថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ផ្ទាល់នឹងបន្តជួយសហគមន៍ជនវៀតណាមនៅកម្ពុជា និងធុរកិច្ចវៀតណាម ព្រមទាំង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរក ប្រមូល និងការធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា៕
បកប្រែដោយ Thuy Anh