បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា
កប.អនឡាញ - នារសៀលថ្ងៃទី៣ មិថុនា នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទកម្ពុជា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម រួមទាំងគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានជួបពិភាក្សាការងារជាមួយគ្នា។
នៅក្នុងជំនួបពិភាក្សា លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ គឺជាការបង្ហាញពីសក្ខីភាពយ៉ាងស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន លើកច្បាស់ថា កម្ពុជាចងចាំជានិច្ចនូវការជួយគាំទ្ររបស់វៀតណាមក្នុងបុព្វហេតុរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ជួយកម្ពុជារស់ឡើងវិញ និងរីកចម្រើន។
    |
 |
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងក្នុងកិច្ចពិភាក្សាការងារ |
ចំណែកលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះ សំដៅអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាមកាលពីខែកុម្ភៈ ឆ្នាំ២០២៥។
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរទទួលបានលទ្ធផលកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពនាពេលកន្លងមក។ ក្នុងនោះ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ គណៈប្រតិភូជាន់ខ្ពស់ត្រូវបានភាគីទាំងពីរជំរុញយ៉ាងខ្លាំង ជាពិសេសកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ ដែលត្រូវបានរក្សា និងជម្រុញឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ យន្តការកិច្ចសហប្រតិបត្តិការ ដូចជាកិច្ចសន្ទនាគោលនយោបាយការពារជាតិ ការផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេងនៃកងទ័ព... កាន់តែមានប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែនគោក និងដែនសមុទ្ររវាងប្រទេសទាំងពីរត្រូវបានអនុវត្តដោយប្រសិទ្ធភាព រួមចំណែកពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនគោក និងតំបន់ព្រំដែនទឹកប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។
លើសពីនេះ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សតិអារម្មណ៍ ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ និងសេដ្ឋកិច្ចការពារជាតិត្រូវបានពង្រឹងជាបន្ដបន្តាប់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា យន្តការពហុភាគី និងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈនូវស្ថានភាពពិភពលោក និងតំបន់ និងរាល់បញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការរក្សានិម្មាបនកម្មសន្តិសុខក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិរវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាននិងដៃគូនានា។
    |
 |
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ |
អំពីបញ្ហាសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានគូសបញ្ជាក់ពីគោលការណ៍ឥតងាករេរបស់វៀតណាម គឺរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) អនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ។
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តសហការគ្នា និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរលើកិច្ចសហប្រតិបត្តិការយោធានិងការពារជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ និងសតិអារម្មណ៍ ដោយផ្តោតលើការឃោសនា និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ សារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពវៀតណាម-កម្ពុជា ហើយបង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំវ័យក្មេង និងនាយទាហានវ័យក្មេង បង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្ស និងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់។
ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong មានបំណងចង់រាជរដ្ឋាភិបាលកម្ពុជា និងលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ទាល់នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការងារស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជា ព្រមទាំងយកចិត្តទុកដាក់ និងគាំទ្រសហគមន៍ជនវៀតណាមនៅកម្ពុជាក្នុងការរស់នៅ និងធ្វើអាជីវកម្ម រួមចំណែកជាវិជ្ជមានបន្ថែមទៀតដល់ការអភិវឌ្ឍរួមនៃប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep