ប្រសិទ្ធភាពវិជ្ជមាន និងមានអត្ថន័យស៊ីជម្រៅពីរាល់គម្រោងវិនិយោគនាពេលថ្មីៗនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រៀបការពារជាតិ និងសន្តិសុខដ៏រឹងមាំ ហើយទទួលបានការគាំទ្រ និងការវាយតម្លៃខ្ពស់ពីគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនដែលរស់នៅមូលដ្ឋាននេះ។

គួរឱ្យរំលឹកដែរថា នៅចុងខែធ្នូ ឆ្នាំ២០២៤ អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ ៩១៥ (យោធភូមិភាគទី៩) បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានដែកឆ្លងកាត់ទន្លេ Giang Thanh និងផ្លូវព្រែក ៥០០ ស្ថិតនៅសង្កាត់ Dong Ho ក្រុង Ha Tien (ខេត្ត Kien Giang)។ ស្ពានដែកឆ្លងកាត់ទន្លេ Giang Thanh នេះមានសមត្ថភាពផ្ទុកបានទំងន់ ៥ តោន និងមានប្រវែង ១៣៣.៦ ម៉ែត្រ ផ្លូវតាមព្រែក ៥០០ មានប្រវែង ៣.៥ គីឡូម៉ែត្រ។

យោងតាមលោកវរសេនីយ៍ឯកបំរុង Tran Quang Thanh អនុប្រធានអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៩១៥ បានឲ្យដឹងថា គម្រោងទាំងពីរខាងលើនេះ ស្ថិតក្នុងគម្រោងវិនិយោគកសាងតំបន់សេដ្ឋកិច្ចការពារជាតិ Long Xuyen (ដំណាក់កាលទី ៣) ដោយមានទុនវិនិយោគសរុបជាង ២៩ ពាន់លានដុងពីថវិការដ្ឋ។ លោកវរសេនីយ៍ឯកបំរុង Tran Quang Thanh បានសង្កត់ធ្ងន់ទៀតថា “ការដាក់ឱ្យគម្រោងទាំងនេះចូលក្នុងការប្រើប្រាស់ ពិតជាបានជួយឱ្យប្រជាជន និងសិស្សានុសិស្សក្នុងការធ្វើដំណើរប្រកបដោយភាពងាយស្រួល ហើយជួយលើកកំពស់ជីវភាពខាងសម្ភារៈ និងស្មារតីប្រជាពលរដ្ឋ ថែមទាំងលើកកម្ពស់ប្រសិទ្ធភាព គុណសម្បត្តិសក្តានុពល និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃមូលដ្ឋានទៀតផង”។

leftcenterrightdel
អង្គភាពសេដ្ឋកិច្ច ការពារជាតិ លេខ ៩១៥ (យោធភូមិភាគទី៩) សម្ពោធស្ពានដែកឆ្លងកាត់ទន្លេ Giang Thanh និងផ្លូវព្រែក ៥០០ ស្ថិតក្នុងសង្កាត់ Dong Ho ទីក្រុង Ha Tien (ខេត្ត Kien Giang)

តំបន់ភាគនិរតីនៃប្រទេសវៀតណាម ពិតជាទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ តំបន់នេះមានទាំងដែនដីសមុទ្រ កោះ និងមានទាំងខ្សែព្រំប្រទល់ដីគោកជាប់នឹងប្រទេសកម្ពុជាផងដែរ ដូច្នេះសេដ្ឋកិច្ចក្នុងតំបន់ភាគច្រើនអាស្រ័យលើការប្រកបរបរកសិកម្ម។ ក្រៅពីនោះ ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះថ្វីត្បិតតែទទួលបានការវិនិយោគហើយក្តី តែមិនទាន់ស៊ីសង្វាក់គ្នាទេ ថែមទាំងកម្រិតអប់រំរបស់ប្រជាជនមិនស្មើគ្នា ការរស់នៅរបស់ប្រជាជននៅតែជួបការលំបាកជាច្រើនណាស់…

លើសពីនេះ កម្លាំងអរិភាព និងប្រតិកម្មក្នុងប្រទេស និងក្រៅប្រទេស តែងតែឆ្លៀតយកផលប្រយោជន៍ពីបញ្ហាជនជាតិ និងសាសនា ដើម្បីញុះញង់ បំភ្លៃការពិត និងបំផ្លិចបំផ្លាញប្រទេស។ អាស្រ័យហេតុនោះដើម្បីអនុវត្តតាមសេចក្តីសម្រេចចិត្តលេខ 277/QD-TTg ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០០ របស់នាយករដ្ឋមន្ត្រី បញ្ជាការដ្ឋានយោធភូមិភាគទី៩ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Dong Thap និង Kien Giang ដើម្បីបង្កើតគណៈកម្មាធិការបញ្ជាការកសាងតំបន់សេដ្ឋកិច្ចការពារជាតិ Tan Hong (ខេត្ត Dong Thap) និងគណៈកម្មាធិការបញ្ជាការកសាងតំបន់សេដ្ឋកិច្ចការពារជាតិ Long Xuyen (ខេត្ត Kien Giang) និងគណៈកម្មាធិការបញ្ជាការកសាងតំបន់សេដ្ឋកិច្ច ការពារជាតិសមុទ្រ កោះ ភាគនិរតី។

ចាប់តាំងពីពេលបង្កើតឡើងមកនោះ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៩១៥ (បង្កើតឡើងក្នុងឆ្នាំ២០១៥) និងអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៩៥៩ (បង្កើតឡើងក្នុងឆ្នាំ២០០៣) តែងតែខិតខំពុះពារជំនះរាល់ការលំបាកគ្រប់យ៉ាង សម្របសម្រួលយ៉ាងសកម្មជាមួយមូលដ្ឋានដើម្បីធ្វើការស្ទង់មតិ រៀបចំផែនការ វិនិយោគលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងការតាំងទីលំនៅថ្មីជាបណ្តើរៗនៅតាមតំបន់ព្រំដែន។ ទន្ទឹមនឹងនោះ អង្គភាពបានអនុវត្តយ៉ាងសកម្ម និងមានប្រសិទ្ធភាពនូវរាល់ក្រុមគម្រោងវិនិយោគដើម្បីកសាងតំបន់សេដ្ឋកិច្ច-ការពារជាតិ នៅតំបន់ដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការការពារជាតិ និងសន្តិសុខ។

ជាពិសេស ដើម្បីសម្រេចបាននូវគោលដៅធានាសុវត្ថិភាពប្រជាជន និងកសាង "តំបន់ព្រំដែន" រឹងមាំដើម្បីការពារមាតុភូមិ អង្គភាពសេដ្ឋកិច្ច-ការពារជាតិ បានរៀបចំដោយផ្ទាល់នូវគំរូផលិតកម្មជាច្រើន ជួយឧបត្ថម្ភគ្រាប់ពូជ កូនពូជ ថវិកា និងផ្ទេរបច្ចេកទេសកសិកម្ម និងការចិញ្ចឹមបសុសត្វដល់គ្រួសារ បង្កើតការងារ និងប្រាក់ចំណូលយ៉ាងទៀងទាត់សម្រាប់រាប់ពាន់គ្រួសារ។

ដើម្បីអនុវត្តគម្រោងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយគាំទ្រផលិតកម្ម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិ នៅតំបន់យោធភូមិភាគទី៩ បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យ អនុម័ត និងចាត់ថ្នាក់គ្រួសារដែលទទួលបានការគាំទ្រផលិតកម្មតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់។

"ចាប់ពីតំបន់គម្រោងដែលគ្មានអ្វីទាំងអស់នោះ ប៉ុន្តែបន្ទាប់ពីអនុវត្តការងារបានជាង ២០ ឆ្នាំមកហើយ យើងខ្ញុំបានសម្របសម្រួលជាមួយមូលដ្ឋានដើម្បីដាក់ពង្រាយគម្រោងវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធីគោលដៅជាតិ និងការងារសំខាន់ៗនានានៅតំបន់សេដ្ឋកិច្ច-ការពារជាតិ... ដោយមានការសម្របសម្រួលជិតស្និទ្ធ តំបន់នេះដែលកាលពីមុនជួបប្រទះតែការលំបាកយ៉ាងខ្លាំងនោះ បានមានការអភិវឌ្ឍយ៉ាងលឿនគួរឱ្យកត់សម្គាល់ ហើយបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ត្រូវបានរក្សាយ៉ាងរឹងមាំ"។ នេះគឺជាការអះអាងរបស់លោកវរសេនីយ៍ឯកបំរុង Bui Duy Quan ប្រធានអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៩៥៩។

យោងតាមលោកឧត្តមសេនីយ៍ត្រី Quach Van Nho មេបញ្ជាការរងយោធភូមិភាគទី៩ ឱ្យដឹងថា បើទោះបីជាការកសាងតំបន់សេដ្ឋកិច្ច-ការពារជាតិ នៅភូមិសាស្រ្តយោធភូមិភាគទី៩ ទទួលបានលទ្ធផលវិជ្ជមានក៏ដោយ ក៏ដំណើរការអនុវត្តនៅតែមានកម្រិតមួយចំនួនក្នុងការដឹកនាំ ការសម្របសម្រួល និងការរៀបចំអនុវត្ត។

ហេតុដូច្នេះ ដើម្បីជំរុញការកសាង និងលើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ច-ការពារជាតិ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានយោធភូមិភាគ នឹងបន្តដឹកនាំអង្គភាពដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់គម្រោងដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈ គោលនយោបាយ សេចក្តីណែនាំ និងសេចក្តីសម្រេចរបស់បក្សនៅគ្រប់កម្រិតលើការកសាងតំបន់សេដ្ឋកិច្ច-ការពារជាតិ។ ធានាឱ្យមានស្ថិរភាព ភាពស៊ីចង្វាក់គ្នា កំណត់ឱ្យបានច្បាស់លាស់នូវទំនួលខុសត្រូវនៃបណ្តាអង្គភាព និងតំបន់មូលដ្ឋាន ក្នុងការរួមបញ្ចូលគ្នារវាងផ្នែកការពារជាតិ និងសន្តិសុខ ជាមួយនឹងសេដ្ឋកិច្ចសង្គម ឬ សេដ្ឋកិច្ចសង្គមជាមួយនឹងវិស័យការពារជាតិ សន្តិសុខ។ ក្រៅពីនេះ គប្បីតែផ្តល់ប្រឹក្សា និងគំនិតបង្កើតគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលជិតនឹងការពិតជាក់ស្តែងក្នុងមូលដ្ឋាន ឆ្លៀតឱកាសជាអតិបរមានូវរាល់ប្រភពទុនច្រើនបំផុត និងការឯកភាពគ្នាក្នុងមូលដ្ឋាន ដើម្បីអនុវត្តការវិនិយោគ។ ផ្សព្វផ្សាយការអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីការកសាងតំបន់សេដ្ឋកិច្ច-ការពារជាតិ និងសកម្មភាពនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិ។ លោកឧត្តមសេនីយ៍ត្រី Quach Van Nho បានបញ្ជាក់ថា “អនុវត្តគម្រោងឱ្យបានល្អ កសាងតំបន់សេដ្ឋកិច្ច-ការពារជាតិ ដែលមានការអភិវឌ្ឍកាន់តែខ្លាំង ពង្រឹងប្រៀបការពារជាតិ និងសន្តិសុខ រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ព្រំដែនភាគនិរតីនៃមាតុភូមិ”៕

បកប្រែដោយ Minh Trung