ក្ដីសប្បាយរីករាយរបស់ប្រជាពលរដ្ឋដោយបានរស់នៅក្នុងផ្ទះថ្មី
កប.អនឡាញ - នៅថ្ងៃដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនច្រកទ្វារកំពង់ផែ Da Nang (កងទ័ពការពារព្រំដែនទីក្រុង Da Nang) រួមជាមួយគណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃសង្កាត់ Thuan Phuoc (ខ័ណ្ឌ Hai Chau ទីក្រុង Da Nang) បានរៀបចំពិធីប្រគល់ផ្ទះមហាសាមគ្គីជូនគ្រួសារលោកស្រី Tran Thi Tuyet Nhung ដែលមានមនុស្សជាច្រើនមកចូលរួមអបអរសាទរ។
នេះជាផ្ទះមួយក្នុងចំណោមផ្ទះស្ថិតនៅក្នុងទម្រង់ "រណសិរ្ស អង្គការមហាជនអំពាវនាវ អង្គការនិងបុគ្គលឧបត្ថម្ភថវិកា កងទ័ពការពារព្រំដែនរួមចំណែកក្នុងការសាងសង់ និងជួសជុលផ្ទះឲ្យគ្រួសារក្រីក្រ គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយជួបការលំបាក” នៅទីក្រុង Da Nang ដែលរៀបចំដោយកងទ័ពការពារព្រំដែនទីក្រុង Da Nang សហការជាមួយមូលដ្ឋាន។
តាមរយៈការស្វែងយល់ យើងបានដឹងថា លោកស្រី Nhung រស់នៅក្នុងក្រុមទី ៣២ សង្កាត់ Thuan Phuoc ជាគ្រួសារក្រីក្រ និងមានស្ថានភាពលំបាក ។ ប៉ុន្មានឆ្នាំមកនេះ ផ្ទះមានសភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារមានការលំបាក ដូច្នេះមិនមានថវិកាគ្រប់គ្រាន់សម្រាប់ជួសជុលនោះទេ។
|
|
តំណាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនច្រកទ្វារកំពង់ផែ Da Nang ប្រគល់អំណោយជូនគ្រួសារលោកស្រី Tran Thi Tuyet Nhung ក្នុងពិធីប្រគល់ផ្ទះមហាសាមគ្គី |
ប្រឈមមុខនឹងស្ថានភាពនោះ បញ្ជាការដ្ឋានការពារព្រំដែនច្រកទ្វារកំពង់ផែ Da Nang បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃសង្កាត់ Thuan Phuoc អំពាវនាវសប្បរសធម៌ជាច្រើនដូចជា៖ ក្រុមហ៊ុនអគ្គិសនី Da Nang ឧបត្ថម្ភថវិកាចំនួន ៦០ លានដុង និងក្រុមហ៊ុនឆ្នោត Da Nang ឧបត្ថម្ភថវិកាចំនួន ៨០ លានដុង និងក្រុមហ៊ុនភាគហ៊ុនរចនា និងសាងសង់ TACO ជួយការរចនានិងលិខិតអនុញ្ញាតសាងសង់។ ក្រៅពីនោះ កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនច្រកទ្វារកំពង់ផែ Da Nang បានជួយឧបត្ថម្ភការងារសាងសង់រយៈពេល៣០ថ្ងៃ។
ចែករំលែកជាមួយយើងខ្ញុំ លោកស្រី Tran Thi Tuyet Nhung ឲ្យដឹងថា៖ "ដោយមានការយកចិត្តទុកដាក់ និងឧបត្ថម្ភពីគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន សប្បុរសធម៌ និងកងទ័ពការពារព្រំដែន ដូច្នេះ គ្រួសាររបស់ខ្ញុំមានផ្ទះថ្មីធំទូលាយ។ នេះជាការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំងើបឡើងក្នុងជីវិត"។
ដោយដឹងថា នាពេលកន្លងមក ស្ថាប័ននិងអង្គភាពនានានៃកងទ័ពការពារព្រំដែនទីក្រុង Da Nang បានសហការជាមួយមូលដ្ឋាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទម្រង់ “រណសិរ្ស និងអង្គការមហាជន; អង្គការនិងបុគ្គលឧបត្ថម្ភថវិកា កងទ័ពការពារព្រំដែន រួមចំណែកក្នុងការសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារក្រីក្រ និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយជួបការលំបាក” នៅទីក្រុង Da Nang។ លោកវរសេនីយ៍ឯក Do Van Dong ប្រធាននយោបាយកងទ័ពការពារព្រំដែនទីក្រុង Da Nang ឲ្យដឹងថា អនុវត្តទម្រង់នេះ ឆ្នាំ ២០២៤ កងទ័ពការពារព្រំដែនទីក្រុង Da Nang បានអំពាវនាវបានថវិកាចំនួន ៣៥០ លានដុងដើម្បីសាងសង់ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋក្រីក្រ គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ ; ក្រៅពីនេះ ស្ថាប័ននិងអង្គភាពនៃកងទ័ពការពារព្រំដែនក្រុងបានជួយជួសជុលផ្ទះចំនួន ៣ ខ្នង និងសង់ផ្ទះថ្មីចំនួន ២ ខ្នង ជាមួយការរួមចំណែកថ្ងៃពលកម្មមសរុប ៣៨៥ ថ្ងៃ៕
បកប្រែដោយ Pham Diep