ប្រជាជន Pa Co និង Van Kieu តែងតែចងចាំ ការប្រៀនប្រដៅរបស់អ៊ំហូ
កប.អនឡាញ - ដោយមានក្តីកិត្តិយស និងមោទនៈភាពដែលមាននាមត្រកូល ហូ តាមឈ្មោះអ៊ំហូ ជនរួមជាតិ Pa Co និង Van Kieu នៅបណ្តាខេត្ត Quang Binh, Quang Tri និង Thua Thien Hue តែងតែចងចាំ និងធ្វើតាមការប្រៀនប្រដៅរបស់អ៊ំហូ។ ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការលើកកំពស់ស្មារតីពុះពារជំនះការលំបាក និងខិតខំធ្វើពលកម្មនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ភាពអត់ឃ្លាន និងភាពក្រីក្រត្រូវបានកាត់បន្ថយបន្តិចម្តងៗ ជីវភាពកាន់តែរីកចម្រើន...
ក្នុងបរិយាកាសរីករាយ រំភើបសាយភាយទូទាំងប្រទេស ក្នុងឱកាសអបអរសាទរខួបលើកទី ៤៨ ទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិនោះ យើងខ្ញុំមានឱកាសបានមកចូលរួមការសប្បាយរីករាយនេះជាមួយជនរួមជាតិ Pa Co និង Van Kieu នៅខេត្ត Quang Binh ខេត្ត Quang Tri ខេត្ត Thua Thien Hue ហើយបានមើលឃើញជាក់ស្តែងនូវការផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃនៅទីនេះ ។ ពោលគឺនៅតាមបណ្តាភូមិរបស់ប្រជាជននៅលើភ្នំ Truong Son សព្វថ្ងៃមានផ្ទះរឹងមាំជាច្រើន លាយឡំជាមួយចំការដំណាំឧស្សាហកម្មដូចជាកៅស៊ូ និងម្រេច។ នៅតាមបណ្តោយដងផ្លូវទៅកាន់ភូមិនានា យើងខ្ញុំពិតជាមានអារម្មណ៍យ៉ាងរំភើបដោយសារតែ មើលឃើញនៅទីណាក៏មានទង់បក្ស ទង់ជាតិបករវិចៗយ៉ាងស្អាតអស្ចារ្យដែរ...
    |
 |
ប្រជាជន Pa Co នៅស្រុក Da Krong (ខេត្ត Quang Tri) បណ្តុះកូនឈើសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច |
គួរឱ្យរំលឹកដែរថា នៅប៉ុន្មានឆ្នាំកន្លងទៅ ជីវភាពរស់នៅរបស់ជនរួមជាតិភាគតិច Van Kieu នៅឃុំ Ngan Thuy ស្រុក Le Thuy (ខេត្ត Quang Binh) ឬនៅស្រុក A Luoi, Nam Dong (ខេត្ត Thua Thien Hue) ស្រុក Huong Hoa (ខេត្ត Quang Tri) នៅតែជួបប្រទះនឹងការលំបាក។ ជាការពិតណាស់ ម្តងៗដែលយើងខ្ញុំមានឱកាសមកទីនេះ កាលពីមុន យើងខ្ញុំជៀសមិនផុតពីអារម្មណ៍ខ្វល់ខ្វាយក្នុងចិត្ត គ្រាពេលមើលឃើញផ្ទះជាច្រើនខ្នងរបស់ប្រជាជននៅទីមានសភាពទ្រុឌទ្រោម មិនរឹងមាំ ថែមទាំងរូបភាពកូនក្មេងៗឱបដៃរងាញ័រខ្លួនក្នុងខ្យល់ត្រជាក់... ប៉ុន្តែឥឡូវនេះ ជីវភាពរបស់ពួកគេ ពិតជាបានផ្លាស់ថ្មីហើយ។ នៅតាមភូមិៗជាច្រើន ផ្ទះត្រូវបានសាងសង់យ៉ាងរឹងមាំ សាលារៀន មណ្ឌលសុខភាពឃុំ សំណង់ផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីត្រូវបានរដ្ឋវិនិយោគ និងសាងសង់ស្របគ្នា និងធំទូលាយ... កាលពីមុនជនរួមជាតិនៅទីនេះខ្វះមុខ ខ្វះក្រោយ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ភាគច្រើននៃជនរួមជាតិ Pa Co និង Van Kieu មានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងវិបុលភាព។ ដើម្បីទទួលបានលទ្ធផលនេះ គឺដោយសារតែមានការអនុវត្ត និងគោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋក្នុងការថែទាំ យកចិត្តទុកដាក់ដល់ជនជាតិភាគតិចដូចជា៖ កម្មវិធីគាំទ្រការធ្វើចំណាកស្រុក ការតាំងទីលំនៅថ្មី ការផ្តល់ឥណទានអនុគ្រោះ ការថែទាំសុខភាព ការអប់រំ... ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជា អគ្គិសនី ផ្លូវថ្នល់ សាលារៀន គ្លីនិក ផ្សារ និងការងារសុខុមាលភាពផ្សេងទៀត ក៏ត្រូវបានវិនិយោគ និងសាងសង់ផងដែរ ដើម្បីបង្កើតជាមូលដ្ឋានសម្រាប់ប្រជាជនបានរស់នៅយ៉ាងសប្បាយរីកយាយផងដែរ។
បងប្អូនជនរួមជាតិនៅទីនេះពិតជាមានកិត្តិយស មោទនភាពយ៉ាងក្រៃលែងដោយសារបានដាក់នាមត្រកូលតាមអ៊ំហូជាទីគោរព ហើយនេះ គឺជាកម្លាំងចិត្តសម្រាប់ប្រជាជន Pa Co និង Van Kieu ក្នុងខេត្ត Quang Binh, Quang Tri និង Thua Thien Hue ខិតខំ ប្រឹងប្រែង ប្រឡងប្រណាំងក្នុងការ ធ្វើផលិតកម្ម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រជាជំហានៗ កសាងជីវិតកាន់តែរីកចម្រើន ភូមិអរិយធម៌ សម្បូរសប្បាយ...៕
បកប្រែដោយ Minh Trung