សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ
កប.អនឡាញ - នាព្រឹកថ្ងៃទី១៨ ខែមេសា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយគណៈកម្មាធិការឃោសនា អប់រំ និងចលនាមហាជនមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទកាសែតស្តីពីសកម្មភាពផ្សព្វផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥)។
ថ្លែងមតិក្នុងសន្និសីទកាសែត លោក Le Hai Binh អនុរដ្ឋមន្ត្រីប្រចាំការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា ការរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ គឺជាទំព័រដ៏រុងរឿងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្តេជ្ញាចិត្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់អ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ បំពេញការងារ និងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង រួមចំណែកផ្សព្វផ្សាយនូវបរិយាកាសវីរភាព និងគួរជាទីមោទនៈនៃព្រឹត្តិការណ៍ដ៏ឧត្តុងឧត្តមនេះ។
    |
 |
លោក Le Hai Binh អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ (រូបថត៖ vnanet.vn) |
ចំណែកឯក្រសួងការបរទេស លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានឲ្យដឹងថា មកទល់ពេលនេះ មានគណៈប្រតិភូបរទេសជាង ២០ ក្រុមបានបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកម្រិតជាច្រើន។ ចំណុចពិសេសមួយក្នុងកម្មវិធីដង្ហែក្បួនព្យុះហយាត្រាយោធាឆ្នាំនេះ គឺជាការបង្ហាញខ្លួនជាលើកដំបូងនៃផែនដង្ហែក្បួនព្យុះហយាត្រារបស់អាណិកជនវៀតណាម។ ដោយហេតុនោះ គណៈប្រតិភូអាណិកជនវៀតណាមប្រមាណ ១២០ នាក់មកពីប្រទេស និងដែនដីចំនួន ២៥ នឹងចូលរួមនៅក្នុងកម្មវិធីដង្ហែក្បួនព្យុះហយាត្រានេះ។
ទាក់ទិននឹងសកម្មភាពរំលឹកខួបលើកនេះ លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា កម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍ថ្នាក់ជាតិនឹងត្រូវបានប្រារព្ធឡើងនៅម៉ោង ៦៖៣០ នាទី ព្រឹកថ្ងៃទី៣០ ខែមេសា នៅផ្លូវ Le Duan ខ័ណ្ឌលេខ១ និងផ្លូវមួយចំនួននៃទីក្រុងហូជីមិញ៕
បកប្រែដោយ Huyen Trang