ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៥ ទូទាំងប្រទេសសម្រេចបាន ៦.៩៣% ខ្ពស់ជាងរយៈពេលដូចគ្នាក្នុងរយៈពេល ៥ ឆ្នាំកន្លងមក
កប.អនឡាញ - ផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថា កើនឡើង ៦.៩៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែល ឈានដល់ការកើនឡើងខ្ពស់បំផុត បើធៀបនឹងត្រីមាសទីមួយ នៃដំណាក់កាល ២០២០-២០២៥។
លទ្ធផលកំណើននេះលើសពីគោលដៅដែលបានដាក់ចេញ សម្រាប់ត្រីមាសទីមួយឆ្នាំ ២០២៥ ក្នុងសេចក្តីសម្រេចចិត្តលេខ០១ របស់រដ្ឋាភិបាល។ ព័ត៌មាននេះត្រូវបានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយដោយប្រកាសអំពីការស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទីមួយ ឆ្នាំ២០២៥ ដែលត្រូវបានការិយាល័យស្ថិតិទូទៅ (នៃក្រសួងហិរញ្ញវត្ថុ) ប្រកាសនាព្រឹកថ្ងៃទី ៦ ខែមេសា នៅទីក្រុងហាណូយ។ លោកស្រី Nguyen Thi Huong ប្រធាននាយកដ្ឋានស្ថិតិទូទៅ បានឲ្យដឹងថា ក្នុងបរិបទស្ថានភាពសេដ្ឋកិច្ចនិងនយោបាយពិភពលោកប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន នេះគឺជាអត្រាកំណើនវិជ្ជមានខ្លាំង។
យោងតាមនាយកដ្ឋានស្ថិតិទូទៅ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានគោលដៅកំណើនក្នុងត្រីមាសទីមួយ ហើយវិស័យឧស្សាហកម្ម និងសំណង់ ផលិតកម្មឧស្សាហកម្មបន្តរីកចម្រើន ឧស្សាហកម្មកែច្នៃ និងផលិតគឺជាក្បាលម៉ាស៊ីនកំណើននៃសេដ្ឋកិច្ចទាំងមូល...។ ក្នុងវិស័យសេវាកម្ម តម្រូវការអ្នកប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី និងចំនួនភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនមកវៀតណាមបានរួមចំណែកធ្វើឱ្យវិស័យពាណិជ្ជកម្ម និងសេវាកម្មកើនឡើងដល់កម្រិតខ្ពស់គួរសម។
ថ្លៃសាំង និងថ្លៃអង្ករធ្លាក់ចុះតាមថ្លៃពិភពលោក គឺជាហេតុផលចម្បងដែលធ្វើឲ្យសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ក្នុងខែមីនា ឆ្នាំ ២០២៥ ធ្លាក់ចុះ ០.០៣% បើធៀបនឹងខែមុន។ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៥ CPI បានកើនឡើង ៣.២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អតិផរណាកើនឡើង ៣.០១%។
ប្រធាននាយកដ្ឋានស្ថិតិទូទៅ បានឲ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំ២០២៥ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីបានដឹកនាំយ៉ាងម៉ឺងម៉ាត់ ចំពោះក្រសួង ស្ថាប័ន និងមូលដ្ឋាន អនុវត្តដំណោះស្រាយជាច្រើន ដើម្បីលុបបំបាត់ការលំបាក ជំរុញកំណើន រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា។ ដូច្នេះ ថ្លៃទំនិញ និងសេវាកម្មនៅលើទីផ្សារជាទូទៅមិនប្រែប្រួលខុសប្រក្រតី អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង៕
បកប្រែដោយ Thanh Cong