ADB៖ ទស្សនវិស័យកំណើនរបស់វៀតណាមក្នុងបរិបទដែលពិភពលោកស្ថិតក្នុងអស្ថិរភាព
កប.អនឡាញ - របាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ដែលចេញផ្សាយនៅថ្ងៃទី ៩ ខែមេសា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងកើនឡើង ៦.៦% នៅឆ្នាំ ២០២៥ និង ៦.៥% នៅឆ្នាំ ២០២៦ បន្ទាប់ពីកើនឡើង ៧.១% នៅឆ្នាំ២០២៤។
ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល ពីភាពតានតឹងផ្នែកពាណិជ្ជកម្មដល់ភូមិសាស្ត្រនយោបាយ អ្នកជំនាញ ADB បានចាត់ទុកថា វៀតណាមគប្បីជម្រុញការកំណែទម្រង់ ទាញយកប្រកបដោយប្រសិទ្ធភាពនូវផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដើម្បីពង្រឹងភាពធន់ និងរក្សាសន្ទុះកំណើនប្រកបដោយចីរភាព។
*បញ្ហាប្រឈមមួយចំនួននៅក្នុងបរិបទដែលពិភពលោកស្ថិតក្នុងអស្ថិរភាព
លោក Shantanu Chakraborty នាយក ADB ប្រចាំប្រទេសវៀតណាម ចាត់ទុកថា កំណើនពាណិជ្ជកម្មយ៉ាងខ្លាំង ការងើបឡើងវិញនៃការនាំចេញ និងការទទួលដើមទុន FDI ជាច្រើនបានជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ២០២៤។
ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកមានភាពប្រែប្រួល និងរងផលប៉ះពាល់ពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន និងអស្ថិរភាពនៅមជ្ឈិមបូព៌ា។ ទន្ទឹមនឹងនោះគឺការធ្លាក់ចុះនៃកំណើននៅអាមេរិក និងចិន ដែលជាដៃគូពាណិជ្ជកម្មសំខាន់ចំនួនពីររបស់វៀតណាម។ កត្តាទាំងនេះអាចជះឥទ្ធិពលអាក្រក់ដល់យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខ។
    |
 |
លោក Shantanu Chakraborty នាយក ADB ប្រចាំប្រទេសវៀតណាម (រូបថត៖ ADB) |
លោក Chakraborty បានសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស នឹងជំរុញតម្រូវការក្នុងស្រុក លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋក្នុងរយៈពេលខ្លី និងជម្រុញវិស័យឯកជនក្នុងរយៈពេលមធ្យម និងវែង។
របាយការណ៍នេះក៏បានចាត់ទុកផងដែរថា ការលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកគឺជាអាទិភាពមួយ។ ក្នុងបរិបទដែលកម្លាំងចលករនៃសេដ្ឋកិច្ចសកលកំពុងផ្លាស់ប្តូរ ការបង្កើនតម្លៃបន្ថែមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នឹងកំណត់ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ច និងសក្ដានុពលកំណើនរយៈពេលវែងរបស់វៀតណាម។
*សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសមួយពឹងផ្អែកលើកត្តាជាច្រើន
ដោយវាយតម្លៃលើផលប៉ះពាល់នៃវិធានការពន្ធថ្មីលើទំនិញរបស់ប្រទេសវៀតណាមដែលសហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃទី ២ ខែមេសា លោក Shantanu Chakraborty បានចាត់ទុកថា សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសមួយមិនត្រឹមតែពឹងផ្អែកលើពន្ធគយប៉ុណ្ណោះទេ ប៉ុន្តែក៏រងផលប៉ះពាល់ដោយសារកត្តាជាច្រើនទៀតផងដែរ។
ជាមួយនឹងការខិតខំប្រឹងប្រែងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វៀតណាមបានចុះហត្ថលេខា និងជំរុញការអនុវត្ត FTA ជាច្រើនជាមួយដៃគូសំខាន់ៗ។ នេះមិនត្រឹមតែជួយវៀតណាមលើកកំពស់តួនាទីរបស់ខ្លួននៅលើទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងឆ្លៀតយកលំហូរដើមទុន FDI ដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រីកសកម្មភាពនាំចេញ។
ក្នុងបរិបទដែលអាស៊ីកំពុងក្លាយជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក វត្តមានរបស់វៀតណាមជាកត្តាសំខាន់។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ FTA និងកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មទីផ្សារនាំចេញ នឹងជួយវៀតណាមបង្កើនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងកាត់បន្ថយផលប៉ះពាល់នៃហានិភ័យពីខាងក្រៅ។ តាមទស្សនៈរបស់ ADB ទាំងនេះគឺជាឧបករណ៍ដែលវៀតណាមអាចទាញយកដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ព្រមទាំងរក្សាបាននូវសន្ទុះកំណើនប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh