JICA តែងតែរួមដំណើរជាមួយវៀតណាមក្នុងវិស័យជាច្រើន
កប.អនឡាញ - នៅសន្និសីទកាសែតពាក់កណ្តាលអាណត្តិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Kobayashi Yosuke ប្រធានតំណាងការិយាល័យសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាមបានអះអាងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងមក JICA តែងតែត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមលើវិស័យជាច្រើនចាប់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍស្ថាប័ន និងការគាំទ្រផ្នែកឯកជន។
អ្នកយកព័ត៌មាន៖ តើ JICA បានជួយវៀតណាមនាពេលកន្លងមកយ៉ាងដូចម្តេច ដើម្បីបង្ហាញពីកិច្ចសន្យាក្នុងការរួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍ?
លោក Kobayashi Yosuke៖ គិតត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ មានអ្នកជំនាញចំនួន ៤៦ នាក់ និងអ្នកស្ម័គ្រចិត្ត JICA ចំនួន ៤២ នាក់ដែលកំពុងធ្វើការនៅតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេស។ ក្រៅពីបុគ្គល អង្គការជាច្រើនរបស់ជប៉ុនដូចជា សហគ្រាស សាកលវិទ្យាល័យ អង្គការមិនមែនរដ្ឋាភិបាលជាដើម ក៏សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាមលើវិស័យជាច្រើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
    |
 |
លោក Kobayashi Yosuke (រូបថត៖ JICA) |
ចំពោះមុខអត្រាចំនួនប្រជាជនវៀតណាមមានជរាភាពយ៉ាងឆាប់រហ័ស JICA បានបញ្ជូនអ្នកស្ម័គ្រចិត្ដទៅមន្ទីរពេទ្យសម្រាប់មនុស្សវ័យចំណាស់មជ្ឈិម (ទីក្រុងហាណូយ) ដើម្បីផ្តល់បច្ចេកទេសវាយតម្លៃជំងឺលេបដល់បុគ្គលិកពេទ្យ និងវេជ្ជបណ្ឌិត។ ទន្ទឹមនឹងនោះ អង្គការនេះក៏បានគាំទ្រសហគ្រាសជប៉ុន ចែករំលែកបច្ចេកទេសថែទាំមនុស្សវ័យចំណាស់ជាមួយមន្ទីរពេទ្យ Bach Mai។
JICA ក៏កំពុងបំពេញនីតិវិធីជាមួយភាគីវៀតណាម ដើម្បីអនុវត្តគម្រោងកម្ចី ODA ដើម្បីសាងសង់ផ្លូវគមនាគមន៍ ការងារធារាសាស្ត្រ និងទំនប់ទប់ទល់នឹងការបាក់ដីនៅខេត្តភាគខាងជើងមួយចំនួន ដើម្បីការពារប្រជាជនពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ មកទល់បច្ចុប្បន្ននេះ JICA បាននិងកំពុងជួយដល់គម្រោងជំនួយឥតសំណង (៥ គម្រោង) និងគម្រោងកម្ចី ODA (១៥ គម្រោង) ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
អ្នកយកព័ត៌មាន៖ ជាមួយនឹងគម្រោងដែលបានបញ្ចប់ដូចជា រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ Yen Xa (ទីក្រុងហាណូយ) និងទំនប់ Sabo (ខេត្ត Son La) តើ JICA វាយតម្លៃផលប៉ះពាល់ជាក់ស្តែងលើជីវភាពរស់នៅ និងបរិស្ថានយ៉ាងដូចម្តេច? តើមានគម្រោងចម្លងគំរូនេះនៅក្នុងតំបន់ផ្សេងទេ?
លោក Kobayashi Yosuke៖ ដោយសារមិនទាន់មានគ្រោះមហន្តរាយដីល្បាប់ទ្រង់ទ្រាយធំបន្ទាប់ពីការសាងសង់ទំនប់ Sabo វាពិបាកក្នុងការវាយតម្លៃផលប៉ះពាល់ផ្ទាល់ទៅលើជីវភាពរស់នៅរបស់ប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា គម្រោងនេះបានចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ គោលបំណងសំខាន់នៃគម្រោងគឺដើម្បីកសាងស្តង់ដារបច្ចេកទេសតាមរយៈគម្រោងសាកល្បង ហើយក្នុងពេលជាមួយគ្នានេះបង្កើតក្របខ័ណ្ឌស្ថាប័ន និងបច្ចេកទេសសម្រាប់ការគ្រប់គ្រងដីល្បាប់។ បច្ចុប្បន្ននេះ នាយកដ្ឋានគ្រប់គ្រងទំនប់វារីអគ្គិសនី និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ (ក្រសួងកសិកម្ម និងបរិស្ថាន) បានបង្កើតផែនការសាងសង់ទំនប់ Sabo ថ្មីប្រហែល ១០០ នៅទូទាំងប្រទេស ដោយចាត់ទុកថានេះជាជំហានដំបូងដ៏សំខាន់មួយឆ្ពោះទៅរកការពង្រីកគំរូដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយ JICA។
    |
 |
អ្នកជំនាញជប៉ុនណែនាំឲ្យប្រជាជននៅខេត្ត Son La ពីការដាំបន្លែស្អាត |
ជាមួយនឹងរោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ Yen Xa បានបញ្ចប់ក្នុងខែសីហា ឆ្នាំ ២០២៥ ដែលជារោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ គម្រោងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទីក្រុងហាណូយសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងទីក្រុងដល់ឆ្នាំ ២០២៥ លើកកំពស់បរិស្ថាន និងគុណភាពជីវភាពរស់នៅរបស់ប្រជាជន។ គម្រោងនេះក៏រួមចំណែកក្នុងការកាត់បន្ថយទឹកជំនន់ផងដែរ ទោះបីជានេះមិនមែនជាការផ្តោតសំខាន់ក៏ដោយ។ បច្ចុប្បន្ន JICA កំពុងពិភាក្សាជាមួយដៃគូដើម្បីដាក់ពង្រាយគំរូស្រដៀងគ្នានេះនៅទីក្រុងហូជីមិញ ទីក្រុង Hue និងតំបន់មួយចំនួនទៀត។
អ្នកយកព័ត៌មាន៖ ក្នុងឆមាសទីពីរនៃឆ្នាំសារពើពន្ធ ២០២៥ តើវិស័យណាខ្លះដែល JICA នឹងផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ ODA ជាមួយវៀតណាម?
លោក Kobayashi Yosuke៖ យើងខ្ញុំកំណត់ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពឈានមុខគេក្នុងកិច្ចសហប្រតិបត្តិការ ODA ជាមួយវៀតណាម ស្របតាមសសរស្តម្ភកំណែទម្រង់ស្នូលទាំងបួនដែលវៀតណាមកំពុងអនុវត្ត។ អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ JICA គាំទ្រការបណ្តុះបណ្តាលផ្នែក semiconductors និងសិប្បនិម្មិត (AI) តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវៀតណាម-ជប៉ុន និងសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។ ទាក់ទងនឹងការធ្វើសមាហរណកម្មអន្តរជាតិ JICA ជំរុញការតភ្ជាប់តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផ្លូវរថភ្លើងក្នុងទីក្រុង និងប្រព័ន្ធគយទំនើប។ ចំពោះការតាក់តែងច្បាប់ និងការអនុវត្តច្បាប់ JICA ពិចារណាណែនាំពីលទ្ធផលដែលទទួលបានពីគម្រោងកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ ដែលត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំ។ ទន្ទឹមនឹងនោះ JICA បន្តបណ្តុះបណ្តាលជូរអ្នកដឹកនាំ ដើម្បីបំពេញតម្រូវការអភិបាលកិច្ចក្នុងបរិបទថ្មី។ អំពីការអភិវឌ្ឍវិស័យឯកជន JICA ផ្តោតលើការលើកកម្ពស់កំណើននៃសហគ្រាសធុនតូច និងមធ្យម ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី តាមរយៈកម្មវិធីបណ្តុះបណ្តាលសហគ្រិ និងការគាំទ្រលទ្ធភាពទទួលបានហិរញ្ញវត្ថុ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញយ៉ាងច្បាស់ពីកិច្ចសន្យារបស់ JICA ក្នុងការរួមដំណើរជាមួយវៀតណាមក្នុងដំណើរឆ្ពោះទៅគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ អភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ចំណុចគួរឱ្យកត់សម្គាល់មួយនៅក្នុងកំណែទម្រង់ស្ថាប័នរបស់វៀតណាមគឺគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់។ ជប៉ុនបានអនុវត្តគំរូនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដូច្នេះ JICA ជឿជាក់ថា វៀតណាមអាចស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែងពីប្រទេសជប៉ុនក្នុងដំណើរការអនុវត្ត។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Huyen Trang