កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍច្រើនណាស់
កប.អនឡាញ - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍច្រើនណាស់ ដែលទាមទារឲ្យមានការរួមដំណើរពីស្ថាប័នគ្រប់គ្រង និងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ។
នេះជាខ្លឹមសារដែលបានចែករំលែកនៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម វៀតណាម-EU ឆ្នាំ ២០២៥។
វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដោយមានការសម្របសម្រួលជាមួយស្ថានទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) និងសភាពាណិជ្ជកម្ម EU ប្រចាំនៅវៀតណាម (EuroCham) នាថ្ងៃទី ១៧ តុលា នៅទីក្រុងហូជីមិញ។
    |
 |
ប្រតិភូផ្លាស់ប្តូរជាមួយគ្នានៅវេទិកា (រូបថត៖ vov.vn) |
យោងតាមតួរលេខពីនាយកដ្ឋានគយវៀតណាម ក្រោយរយៈពេល ៥ ឆ្នាំនៃការអនុវត្ត EVFTA ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងជាបន្តបន្ទាប់ពី ៤៨.៩ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ ដល់ជិត ៧៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងជាមធ្យមជាង ១០% ក្នុងមួយឆ្នាំចាប់តាំងពីកិច្ចព្រមព្រៀងចូលជាធរមាន។
លោក Do Duc Tuong អ្នកជំនាញផ្នែកថាមពលនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានមានប្រសាសន៍ថា ស្ថាប័ននេះត្រៀមខ្លួនជាស្រេចបន្តជួយឧបត្ថម្ភវៀតណាម នូវដើមទុន ក្នុងដំណើរការធ្វើបរិវត្តកម្ម៖ “ជាឧទាហរណ៍ យើងជួយឧបត្ថម្ភក្នុងការកសាងនីតិវិធីដើម្បីជ្រើសរើសគម្រោងដែលបំពេញលក្ខណៈវិនិច្ឆ័យនៃកម្មវិធីផ្លាស់ប្តូរថាមពលដោយសមធម៌ ហើយជួយតភ្ជាប់ជាមួយស្ថាប័នហិរញ្ញវត្ថុ។ នៅក្នុងដំណើរការនោះ យើងបានសង្កេតឃើញថា ស្ថាប័នហិរញ្ញវត្ថុ ធនាគារ ដូចជា AFD, KfW, ADB, ធនាគារអភិវឌ្ឍន៍អ៊ឺរ៉ុប ពិតជាមានបំណងចង់ចូលរួមដំណើរការផ្តល់ហិរញ្ញប្បទានដល់គម្រោងបៃតងនៅប្រទេសវៀតណាម”។
ការស្ទង់មតិរបស់ EuroCham បានបង្ហាញថា ៧៦% នៃអ្នកដឹកនាំធុរកិច្ច EU បច្ចុប្បន្ននេះចាត់ទុកវៀតណាមជាគោលដៅវិនិយោគដ៏ទាក់ទាញ តាមនោះ សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំថ្មីៗនេះ។ ៨០% នៃសហគ្រាសអ៊ឺរ៉ុបនៅវៀតណាមបានបង្ហាញពីការជឿជាក់លើយថាទស្សន៍កំណើនដ៏ខ្លាំងក្លាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ កត្តាទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វិបុលភាពរួម និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងវៀតណាម និងសហភាពអឺរ៉ុប៕
បកប្រែដោយ Thanh Cong