“បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥” ជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា
កប.អនឡាញ - ក្នុងបរិយាកាសដ៏រំភើបនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលយប់ថ្ងៃទី១៧ ខែមករា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីជួបសំណេះសំណាល “បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០២៥” ដើម្បីនាំមកនូវស្មារតីនៃការជួបជុំគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី តភ្ជាប់សហគមន៍ជនវៀតណាមនៅកម្ពុជា ក៏ដូចជាពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជាតិវៀតណាម និងកម្ពុជា។
ក្នុងបរិយាកាសរីករាយនៃបុណ្យចូលឆ្នាំថ្មី២០២៥ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំកម្ពុជា បានរំលឹកឡើងវិញនូវសមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកិច្ចការបរទេសរបស់វៀតណាម និងកម្ពុជាក្នុងឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជា ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។
ក្នុងឱកាសនេះ លោក Nguyen Minh Vu បានថ្លែងអំណរគុណចំពោះរដ្ឋ រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងតែបង្កើតលក្ខណៈងាយស្រួលសម្រាប់ជនដើមកំណើតវៀតណាម ធ្វើការ រស់នៅប្រកបដោយស្ថិរភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។
|
|
លោក Nguyen Minh Vu (ទីពីរពីឆ្វេង) ប្រគល់អំណោយដល់ថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាម ប្រចាំកម្ពុជា ដើម្បីជួយប្រជាជនក្រីក្រក្នុង ២៤ ក្រុង-ខេត្តក្នុងប្រទេសកម្ពុជា (រូបថត៖ vnanet.vn) |
អញ្ជើញចូលរួម និងថ្លែងក្នុងកម្មវិធីនោះ សម្តេចម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានវាយតម្លៃខ្ពស់ចំពោះស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
អបអរសាទរចំពោះសមិទ្ធិផល និងជ័យជំនះដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម អនុប្រធានគណបក្ស CPP បានឲ្យដឹងថា វៀតណាមកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ កម្ពុជាមានបំណងចង់រៀនពីបទពិសោធន៍ដ៏មានតម្លៃរបស់ប្រទេសវៀតណាម។
ក្នុងក្របខ័ណ្ឌនៃកម្មវិធី ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលដែលមានការរួមចំណែកជាវិជ្ជមានដល់ការងារសហគមន៍ សកម្មភាពមនុស្សធម៌ និងរួមចំណែកពូនជ្រំមិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ ស្ថានទូតបានប្រគល់អំណោយដល់គ្រួសារក្រីក្រដែលមានដើមកំណើតវៀតណាម៕
បកប្រែដោយ Thuy Anh